ពលរដ្ឋ​ឃុំ​រកាឆ្លង​ជំងឺ​អេដស៍​ឡើង​ដល់​១០៦​នាក់ តែ​អាជ្ញាធរ​ដូច​ជា​លាក់​មូលហេតុ

អាជ្ញាធរពាក់ព័ន្ធ ហាក់ដូចជាមានការលាក់លៀមនូវព័ត៌មាន នៃការពិនិត្យ ស្រាវជ្រាវ និងស្វែងរកមូលហេតុ ទៅលើពលរដ្ឋ​ឃុំ​រកា ដែល​ឆ្លង​ជំងឺអេដស៍។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 19, 2014
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្ស ក្មេងចាស់ ប្រុសស្រី និងព្រះសង្ឃ នៅ​ក្នុង​ភូមិ​ចំនួន​៣ នៃ​ឃុំ​​រកា ស្រុក​​សង្កែ ខេត្ត​​បាត់ដំបង ដែល​បាន​សង្ស័យ​ថា កំពុង​ផ្ទុក​មេរោគ​អេដស៍​នោះ នៅ​មិន​ទាន់​មាន​ការ​បង្ហាញ ពី​ហេតុ​ផល​ណា​មួយ​សមរម្យ​នៅ​ឡើយ ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​ពិសេស​ពី​ក្រសួង​សុខាភិបាល។ ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក រឿន ប៊ុតរ៉េត មិន​បាន​ផ្តល់​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ទេ ដោល​លោក​បញ្ជាក់​ថា ជាប់​រវល់។ ឯ​លោក​អធិការ​ស្រុក​សង្កែ លោក ប៊ុត ប៊ុនរឿន មិន​អាច​ទំនាក់​ទំនង​បាន។

តែតាមការបង្ហើប​ពី​មន្ត្រី​សុខាភិបាល បាន​បញ្ជាក់​ថា ករណី​នេះ​ត្រូវ​បាន​ថ្នាក់​លើ​ហាម មិន​ឲ្យ​និយាយ ឬ​បក​ស្រាយ​អ្វី​ឡើយ រហូត​ដល់​មាន​លទ្ធផល​ពិត​ប្រាកដ​មួយ។ នៅ​ពេល​នោះ ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នឹង​ប្រកាស​ជា​ផ្លូវ​ការ​នា​ពេល​ក្រោយ។ មន្រ្តី​សុខាភិបាល ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បង្ហាញ​ឈ្មោះ​រូប​នោះ គ្រាន់​តែ​បញ្ជាក់​ថា៖ «លទ្ធផល​កំពុង​បន្ត​ស្រាវជ្រាវ និង​ពិនិត្យ។ (វា) ជា​រឿង​សំងាត់ និង​ត្រូវ​បិទ​មួយ​រយៈ​សិន។ មុន​ស្វែង​​រក​ធាតុ​ពិត នៃ​ការ​ចម្លង​ជំងឺ​អេដស៍​នេះ មិន​អាច​ផ្តល់ ឬ​ប្រកាស​ព័ត៌មាន​ថា​យ៉ាង​ណា​នោះ​ឡើយ។ ដោយ​រង់ចាំ​ក្រុម​ការងារ​ឯកភាព​គ្នា លើលទ្ធផល​ទាំង​នោះ​ជា​មុន​សិន។»

យោងតាមតួរលខដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីរសៀលថ្ងៃទី១៨ ខែធ្នូម្សិលម៉ិញនេះ ក្រោយការធ្វើតេស្តឈាមឃើញថា ប្រជាពលរដ្ឋដែលបានឆ្ងងជំងឺអេដស៍ មានចំនួនឡើងដល់១០៦ នាក់ ក្នុង​នោះមានទាំងមនុស្សចាស់អាយុជាង៨០ឆ្នាំ និងក្មេងអាយុទើបតែ២ឆ្នាំដែរ។

ក្នុងព្រឹត្តិការណ៍ទន្ទឹមគ្នានេះដែរ លោកគ្រូពេទ្យមកពីជំរុំឈ្មោះ យ៉ែម ជ្រិន ដែលប្រជាពលរដ្ឋភាគច្រើន បាន​ដាក់ការសង្ស័យទៅលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានធ្វើការឆែកឆេរលំនៅដ្ឋានគ្រូពេទ្យរូបនេះ កាល​ពីថ្ងៃទី១៧ ខែធ្នូ កន្លងមក ដើម្បីប្រមូលភស្តុតាងទៅពិនិត្យ។ នេះបើតាមការអះអាងរបស់អ្នកភូមិរការ កាលពី​ម្សិលម៉ិញ។ អ្នកដែលបានឆ្ងងជំងឺអេដស៍ភាគច្រើន បានលើកឡើងថា ពេលមានជំងឺឈឺថ្កាត់ម្តងៗ ពួកគេតែង​តែរកគ្រូពេទ្យ ជ្រិន នេះ។ ឯអ្នកភូមិមួយចំនួនទៀត ក៏លើកឡើងដែរថា គ្រូពេទ្យរូបនេះ បើទោះជាគ្មាន​អាជ្ញាប័ណ្ណ តែការព្យាបាលពូកែ និងជាមនុស្សចេះយកអាសារប្រជាពលរដ្ឋក្នុងភូមិ។

» សូមអានព័ត៌មានទាក់ទង ដោយចុចនៅលើទីនេះ

ជាមួយនឹងហេតុភេទដ៏ចម្លែក និងស្ងៀមស្ងាត់ នៃការឆ្លងជំងឺអេដស៍នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលមានវត្តមាននៅក្នុងឃុំរការ បានលើកឡើងថា ក្រុមការងារកំពុងធ្វើការ​ស្រាវជ្រាវដ៏​ម៉ត់​ចត់​មួយ លើការរាតត្បាតនេះ។ លោក បានបន្តថា ក្រុមការងារនឹងបន្តផ្តល់សេវា ធ្វើតេស្តឈាមរកមេរោគអេដស៍ សេវាព្យាបាលដោយមិនគិតថ្លៃសម្រាប់អ្នក ដែលមានបំណងចង់ដឹង ពីស្ថានភាពនៃការផ្ទុកមេរោគអដស៍។ លោក ប៊ុនហេង បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងផ្ដល់ការប្រឹក្សាយោបល់ដោយស្ម័គ្រចិត្ត ហើយនិង​រក្សាការ​សម្ងាត់ ជូនអ្នកដែលមកធ្វើតេស្តឈាមទាំងអស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលម៉ិញនេះ បានបង្ហាញភាពមិនជឿជាក់ថា មាន​ប្រជាពលរដ្ឋស្ទើរតែមួយឃុំរការនោះ មានឆ្លង ឬផ្ទុកមេរោគអេដស៍ដោយគ្មានមូលហេតុដូច្នេះទេ។ ក្នុងពិធី​ចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យភូមិន្ទចំការដូង លោកបានបញ្ជាឲ្យមន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធ​ទាំងអស់ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់។ លោកបានបញ្ជាឲ្យការពារសុវត្ថិភាពគ្រូពេទ្យ និងក្រុម​គ្រួសារ ដែលដាក់ការសង្ស័យថា ជាអ្នកចំលងជំងឺនោះ។ លោក ហ៊ុន សែន បាននិយាយឡើងថា៖ «ខ្ញុំនៅ​តែ​មិនជឿ អត់ជឿ។ ព្រោះថាគ្រូពេទ្យចម្លង ហើយ អាវិធីចម្លង វាចម្លងរបៀបម៉េច?។ (…) ចឹងមានតែគាត់​កើត​អេដស៍មុនទៅចាក់ថ្នាំគេ។ គាត់ចាក់ខ្លួនគាត់សិន ហើយទៅចាក់…។ ដូចជាទៅមិនរួច ដូចជាមិនទំនង​សោះ។»

តាមសេចក្តីប្រកាសរួម របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក កាលពីរសៀល​ថ្ងៃទី​១៨​ ខែធ្នូ ឆ្នាំ២០១៤នេះ បានបញ្ចាក់ថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ បាននឹងកំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បីកំណត់ពីប្រភព ទំហំ និងខ្សែសង្វាក់នៃការចំលងមេរោគអេដស៍ទាំងនោះ ទៅកាន់​ពលរដ្ឋឃុំរកា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...