សង្រ្គាមសម្តីរវាង សេន ប៊ុនថេន និង វ៉ន វីវ៉ា រងការរិះគន់ពីពិភពកីឡាប្រដាល់
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 24, 2014
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា បានសរសេរសារបញ្ឈឺកីឡាករ សេន ប៊ុនថេន នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ចាស់ថាកុំអួតពេក ចាញ់គឺវាអញ្ចឹង ហាហា ខ្លាំងទៀតទៅអាប្អូន! ស្តាយណាស់ បើដឹងថាឯងអញ្ចឹងនោះ បងមិនទុកឲ្យបាន៥ទឹកទេ។ ៤ទឹកមិនទាន់ទេ គឺអាប្អូនសុំបង (កុំវ៉ៃពេក ជួយគ្នាឲ្យបានចប់ទឹកផង នេះជាពាក្យរបស់ សេន ប៊ុនថេន)។»
ពាក្យសម្ដីផ្លែផ្កាឌឺដង របស់កីឡាករដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី ជាមួយកីឡាការិនី សន ដាវិន បានកើតឡើងនៅបន្ទាប់ពីកីឡាករ សេន ប៊ុនថេន បានប្រកួតចាញ់កីឡាករបារាំង Antone Pinto ជាលើកទី២ ក្នុងព្រឹត្តិការណ៍ Thai Fight នៅថៃ។ មិនត្រឹមតែពាក្យសរសេរខាងលើនេះប៉ុណ្ណោះទេ តែកីឡាករប្រដាល់ដ៏ល្បីឈ្មោះ វ៉ន វីវ៉ា បានបញ្ឆេះកំហឹងបន្ថែមឲ្យកីឡាករ សេន ប៊ុនថេន ទៀតថា៖ «សុំទោសបងប្អូន ខ្ញុំមិនគួរនិយាយពាក្យទាំងនេះទេ តែគាត់ធ្លាប់ថាឲ្យរូបខ្ញុំខ្លាំងៗពេក (ឥឡូវខ្ញ្ញុំចង់ឲ្យ សេន ប៊ុនថេន បានលឺថា ខ្ញុំនេះនិយាយពិតឬទេ?)»។ កីឡាកររូបនេះ ថែមទាំងនិយាយឲ្យកីឡករ ប៊ុនថេន ដាក់តម្លៃខ្លួនឡើងវ៉ៃដូច្នេះ៖ អ្នកឈ្នះបាន ៨០០០ដុល្លារ រីឯអ្នកចាញ់បានតែ ៨០ដុល្លារប៉ុណ្ណោះ។ «ហ៊ានឬអត់?»។
បន្ទាប់ពីត្រូវកីឡាករម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោកវ៉ន វីវ៉ា ដែលត្រូវជាបងថ្លៃ របស់ម្ចាស់មេដាយមាស កីឡាអាស៊ីកីឡាការិនី ស៊ន សៀវម៉ី ដុតឱ្យក្តៅស្លឹកត្រចៀករួចមក កីឡាករ សេន ប៊ុនថេន ដែលកំពុងរងការអាម៉ាស ព្រោះចាញ់កីឡាករជាតិបារាំងស្រាប់ផង បានសរសេរឌឺដាក់ផ្លែទៅវិញថា៖ «ម្ចាស់ខ្សែក្រវាត់ ISKA ដូចជាចេះដឹងគួរសមដែរ ឯឈ្មោះក៏ល្បី ចុះហេតុអីបានជាសំដីចេញមក ដូចជាមនុស្សមិនដែលចូលសាលា ...។ ខ្ញុំក៏ដូចជាមិនព្រឺ ក្នុងរឿងនេះដែរ។»
សេន ប៊ុនថេន ដែលឆ្លើយឆ្លងសារ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Sen Bunthen បានសរសេរបន្តថា បើ វ៉ន វីវ៉ា គ្រាន់បើមែននោះ តើ វ៉ន វីវ៉ា ហ៊ានដាក់ខ្សែក្រវាត់ ISKA ដែលមួយជីវិតរបស់ខ្លួនដណ្តើមបានតែមួយនេះដែរទេ? បើហ៊ានដាក់ថ្ងៃ លោកស្វាគមន៍ម្ចាស់ខ្សែក្រវាត់ ISKA ជានិច្ច ថែមទាំងកំណត់ថ្ងៃនៅឆ្នាំ២០១៥ខាងមុខនោះទៀត។ សេន ប៊ុនថេន បានសរសេរបន្ថែមថា៖ «ខ្ញុំឲ្យដាក់ពេលកំណត់នេះ ពីព្រោះខ្ញុំមានកម្មវិធីប្រកួត នៅក្រៅប្រទេសច្រើន ដែលគេមករកខ្ញុំ ព្រោះថា ខ្ញុំបាទ សេន ប៊ុនថេន មិនមែនជាកង្កែបក្នុងអណ្តូង ដូចម្ចាស់ខ្សែក្រវាត់ ISKA ទេ»។
សង្គ្រាមពាក្យសម្ដី រវាងអ្នកប្រដាល់ក្បាច់គុនបុរាណខ្មែរ ដ៏ល្បីខ្ទខ្ទាថា ជាជើងខ្លាំងរបស់កម្ពុជាទាំង២រូបនេះ មិនបានគេចផុតពីការតាមដាន របស់អ្នកស្នេហាវិស័យកីឡានានាឡើយ។ ហើយការឆ្លើយឆ្លងគ្នានេះ បានបង្កឲ្យមានប្រតិកម្ម ពីពិភពស្នេហាកីឡាទាំងនោះ ដោយពួកគេបានរិះគន់កីឡាករទាំងពីរថា មិនចេះសហការគ្នា យកការច្រណែនជាត្រីមុខ ការមិនឲ្យតម្លៃគ្នា បង្កការរិះគន់ក្នុងន័យជាន់ពន្លិច ហើយមិនបានធ្វើឲ្យកីឡាខ្មែររីកចម្រើនអ្វីសោះឡើយ។ ផ្ទុយទៅវិញ ភាសានិយាយចុះឡើងរបៀបនេះ បានធ្វើឲ្យអាប់ឱនយ៉ាងខ្លាំង ដល់វិស័យកីឡាប្រដាល់ខ្មែរ។
ទស្សនិកជនម្នាក់បានសរសេរថា៖ «ខ្ញុំមិនសន្មត់ថារឿងនេះ មកពីខាងណានោះទេ ប៉ុន្តែពិតជាមានអារម្មណ៍ថា ខកចិត្ត ពេលមើលឃើញរឿងមួយនេះ បានកើតឡើង!!! ខ្ញុំឃើញ Status នេះបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ វ៉ន វីវ៉ា តាំងពីកីឡាករ Sen Bunthen ចាញ់ម្ល៉េះ។ ជាកីឡាករអាជីពមួយរូប គួរតែមានចិត្តធ្ងន់។ កីឡាករ វ៉ន វីវ៉ា ធ្វើបែបនេះ អាចនឹងត្រូវបាត់បង់ប្រជាប្រិយភាព។»
ម្ចាស់គណនីមួយរូបទៀត បានសរសេរបញ្ចេញយោបល់ដែរថា «យើងសុទ្ធតែខ្មែរដូចគ្នា យើងគួរណាស់តែរួបរួមគ្នា.... ក្នុងនាមជាកីឡាករអាជីព គួរតែមានមោទនភាព ដែលបានមិត្តរួមអាជីពឡើងប្រកួតក្នុងឆាកអន្តរជាតិ !!! មានកីឡាទើបគេស្គាល់កម្ពុជា»។
ចំណែកប្រិយមិត្តម្នាក់ផ្សេង ដែលមិនជឿថា នោះជាសម្តីរបស់អ្នកទាំងពីរ ក៏បានបានចោទសួរទៅកាន់ប្រិយមិត្តដ៏ទៃទៀតថា៖ «សេន ប៊ុនថេន នឹង វ៉ន វីវ៉ា កំពុងតែបញ្ចេញចង្កូមដាក់គ្នា (...) តើនេះជាការពិតដែររឺទេ? ក្រែងពួកគាត់ទាំងពីរ ជាមិត្តភក្ក័នឹងគ្នាឬ? តើ Account ដែលបានផុសនោះជា Account ពិតប្រាកដអត់?»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីកីឡាករទាំងពីរនាក់បានទេ ក្នុងពេលនេះប៉ុន្តែនឹងបន្តព្យាយាម ដើម្បីជម្រាបជូនមិត្តអ្នកអានបានជ្រាប ក្នុងអត្ថបទចេញផ្សាយលើកក្រោយរបស់ខ្លួន៕