​ឆេះ​ផ្សារ​ចាស់​សន្ធោ​សន្ធៅ បង្ក​ការ​ខូច​ខាត​ជាង​៣០០​តូប

អគ្គិភ័យឆេះផ្សារចាស់ កណ្ដាលរាជធានីភ្នំពេញ បានបង្កឲ្យមានការខូចខាតតូបធ្វើអាជីវកម្ម ច្រើនជាង៣០០តូប។ មក​ដល់​ម៉ោង​នេះ អាជ្ញាធរនៅមិនទាន់បង្ហើបឲ្យដឹង ពីមូលហេតុដែលឈានទៅដល់ ការឆេះផ្សារដ៏ចំណាស់មួយនេះ នៅឡើយ។
Loading...
  • ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី២៤ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 24, 2014
  • ប្រធានបទ: អគ្គិភ័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តូបចំនួនជាង៣០០ ពីក្នុង​ចំណោម​តូប​ទាំង​អស់ ៩១៤តូប ក្នុង​ផ្សារ​ចាស់ កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​នេះ។ តូប​ដទៃ​ទៀត ដែល​មិន​បាន​ឆេះ​អស់ តែ​បាន​ឆេះ​រោល និង​រង​នូវ​ការ​ប៉ះ​ពាល់​ច្រើន​ទៀត តែ​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់ ជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក យន់ ចាន់ដារា ប្រធាន​ផ្សារ​ចាស់។

នៅវេលាម៉ោងប្រមាណជា ៧និង១៥នាទី អគ្គិភ័យ​បាន​ចាប់​ផ្ដើម​ឆាបឆេះ បង្ក​ឲ្យ​មាន​ការ​ស្លន់​ស្លោ​ភ័យ​ភិត​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​អាជីវករ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ។ សាក្សី​នៅ​ផ្ទាល់​កន្លែង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ​ថា អគ្គិភ័យ​បាន​ពង្រីក​វិសាល​ភាព​យ៉ាង​ពេញ​បន្ទុក អស់​ពេល​ជិត​មួយ​ម៉ោង​ក្រោយ ទើប​គេ​ឃើញ​ក្រុម​ពន្លត់​អគ្គិភ័យ បាន​មក​ដល់។ សាក្សីរូបនោះ បាននិយាយទៀតថា ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ពេល រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ទើប​ពន្លត់​ងងើក​ភ្លើង​ទាំង​នេះ​អស់​ទាំង​ស្រុង ដោយ​សារ​តែ​តូប​ផ្សារ​មាន​សង្កសី​ប្រក់​ពី​លើ ពិបាក​បាញ់​ទឹក​ចូល​ទៅ​ផ្នែក​ខាង​ក្រោម។

មន្ត្រីទទួលខុសត្រូវខាងនគរបាលពន្លត់អគ្គិភ័យ បាននិយាយថា រថយន្ដពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនជា​បន្ត​បន្ទាប់​ទៅកាន់ទីនោះ ប្រមាណជា៣០គ្រឿង ដែលបញ្ជាចេញពីសឹងគ្រប់ស្ថាប័ន ដែលមានប្រភេទរថយន្ដពន្លត់​អគ្គិភ័យនេះ។ មន្ត្រីដដែលបានបញ្ជាក់ទៀតថា រថយន្ដមួយគ្រឿងបានប្រើប្រាស់ទឹកអស់ ចំនួន៥ជើង ដូច្នេះ​ក្នុង​ប្រតិបត្ដិការពន្លត់អគ្គិភ័យមួយនេះ អជ្ញាធរបានប្រើទឹកអស់ជិត២០០ជើង។

តាមការអះអាងពីអាជ្ញាធរ បានឲ្យដឹងថា គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ និងទំហំនៃការខូចខាត នៃ​គ្រោះអគ្គិភ័យនេះនៅឡើយ ដោយអ្វីៗកំពុងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបសួរនៅឡើយ។ ប៉ុន្តែសម្រាប់​សេចក្ដីសន្និដ្ឋានក្នុងជំហានដំបូង បានអះអាងថា នេះបណ្ដាលមកពីទុស្សេខ្សែភ្លើង នៅក្នុងផ្សារ។ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅនឹងកន្លែងកើតហេតុ ប្រាប់អ្នកសារព័ត៌មាន​ពីទំហំនៃការ​ឆាប​ឆេះ ថាអស់ពី៥០ ទៅ៦០ភាគរយ ហើយបានចាប់ផ្ដើមឆេះដំបូង ចេញពីកន្លែងតូបលក់ពូក នៅក្នុងផ្សារ។

រីឯការខូតខាតវិញ នៅមិនទាន់មានការអះអាង ពីសំណាក់អាជ្ញាធរនៅឡើយ ចំពោះដំណោះស្រាយសម្រាប់​ក្រុមអាជីវករដែលរងការប៉ះពាល់។ លោក ឃួង ស្រេង និយាយថា នឹងជួបពិភាក្សា ព្រមទាំងសុំគោលការណ៍ពី​ថ្នាក់​ដឹកនាំ ដើម្បីរកការដោះស្រាយជូនពួកគាត់។

ដោយឡែក អាជីវករម្នាក់ដែលនិយាយ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហើបថា កាលពីពេលថ្មីៗនេះ អាជ្ញាធរធ្លាប់ស្នើឲ្យអាជីករផ្លាស់ប្តូរកន្លែងលក់ ដើម្បីយកទីតាំងផ្សារចាស់នេះ ជួសជុលឡើងវិញ។ ប៉ុន្តែក្រុម​អាជីវករ បានស្នើឲ្យអាជ្ញាធររៀបចំកន្លែងលក់ ជាបណ្តោះអាសន្នសិន និងរហូតដល់ថ្ងៃនេះ មិនទាន់មាន​ការ​ឆ្លើយតបឬរៀបចំអ្វីឡើយ រហូតមកដល់ព្រឹត្តិការណ៍ឆេះផ្សារ នាព្រឹកនេះតែម្ដង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...