អគ្គិសនីបង្កអគ្គិភ័យ នៅផ្សារចាស់?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 24, 2014
- ប្រធានបទ: គ្រោះឆេះផ្សារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គិភ័យដែលបានលេបត្របាក់តូបអាជីវករ ប្រមាណជាជាង៣០០តូប ត្រូវបានពន្តត់រួចរាល់ហើយ។ មន្ត្រីអាជ្ញាធរបានចង្អុលបង្ហាញ ពីមូលហេតុដែលបណ្ដាលឲ្យកើតគ្រោះអាក្រក់នេះ មកពីបញ្ហាចរន្តអគ្គិសនី។
លោក ទិត្យ វិសាល នគរបាលប្រចាំការនៅផ្សារចាស់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា រូបលោក សន្តិសុខផ្សារ និងអាជីវករផ្សារមួយចំនួន បានឃើញអណ្តាតភ្លើងឆេះ ចេញពីតូបលេខ១ ដែលជាតូបលក់ចាន កែវ និងគ្រឿងជ័រ។ លោកបន្តថា ក្រោយឃើញសភាពបែបនេះ លោក សន្តិសុខ អាជីវករ នៅក្បែរនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ មកជួយពន្លត់ដែរ តែមិនរលត់។ ស្ថានភាពភ្លើងនៅពេលនោះ បានឡើងកំដៅកាន់តែខ្លាំង ដែលធ្វើឲ្យលោកសម្រេចចិត្តហៅឡានទឹក ដើម្បីមកពន្លត់ជាបន្ទាន់។
មន្ត្រីប្រចាំការរូបនេះ បានបន្ថែមថា ជាងរយៈពេលតែសែសិបនាទីជាងប៉ុណ្ណោះ ភ្លើងក៏បានលេបត្របាក់តូប អស់ ជាច្រើន ក្នុងនោះតូបលក់សម្លៀកបំពាក់ច្រើនជាងគេ។ ក្នុងដីទំហំជាងកន្លះហិកតា ផ្សារចាស់នេះមានតូបអាជីវករចំនួន ៥៨៧តូប រួមទាំងតូបចល័ត (ប្រធានផ្សារ លោក យន់ ចាន់ដារា អះអាងថា មានតូបទាំងអស់ ៩១៤តូប)។ ក្នុងហេតុការណ៍អគ្គីភ័យនេះ មានឡានទឹកចំនួនជិត២០ គ្រឿង ក្នុងនោះមានឡានជណ្តើរមួយផង។
ឯលោក ម៉េង លី អាជីវករដែលឈរសម្លឹងមើលរបៀបលត់អគ្គិភ័យ របស់ក្រុមអាជ្ញាធរនោះ ក៏បានថ្លែងប្រាប់ទស្សនាវដ្តីដែរថា មូលហេតុកើតមកពីខ្សែភ្លើង។ តែលោកបានសម្ដែងការរិះគន់ថា មូលហេតដែលនាំឲ្យមានការឆាបឆេះធ្ងន់ធ្ងរនេះ ព្រោះតែអាជ្ញាធរ រួមទាំងក្រុមពន្លត់អគ្គីសភ័យ គ្មានឧបករណ៍គ្រប់គ្រាន់ មកជាមួយ ដើម្បីគាស់តូបទាំងនោះ ក្នុងការពន្លត់ខាងក្នុងភ្លើង។ លោកបាននិយាយថា៖ «គ្មានឧបករណ៍គាស់ ភ្លើងឆេះចេញពីខាងក្នុង "ក្តៅហើយងំ" តែក្រុមពន្លត់អគ្គីសភ័យ គិតតែបាញ់ ក្រោម លើៗ។»
ចំណែកឯលោក ព្រហ្ម យន នាយការិយាល័យពន្តត់អគ្គីសភ័យ នៃស្នងការរាជធានីភ្នំពេញ បានបន្ទោសគ្រោះអគ្គិភ័យនេះ ទៅលើភាពធ្វេសប្រហែលនៃក្រុមអាជីវករ ចំពោះចរន្តអគ្គីសនី។ លោកបន្តថា ការឆាបចេះ ត្រូវចំណាយឡានទឹករហូតដល់៩០ឡាន ក្នុងការពន្លត់ ។ ឡានទាំងនោះមកពីប្រាំមួយអង្គភាពផ្សេងៗគ្នា មានឡានទឹកចំនួនជាង២០គ្រឿង ហើយជួយសង្គ្រោះបានត្រឹមតែជាង៤០% នៃផ្សារចាស់ទាំងមូលប៉ុណ្ណោះ។
តែបើទោះមានការឆេះខូចខាត តូបអាជីវករមួយចំនួនធំក្តី លោកអភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្ហាញនូវមោទនៈភាពថា យ៉ាងហោចណាស់អគ្គីភ័យនេះ មិនឆក់យកជីវិតមនុស្ស។ លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «សំខាន់យើងសង្គ្រោះបាន ដោយគ្មានការបាត់បង់អាយុជីវិតរបស់មនុស្ស។ នេះជាកត្តសំខាន់ដែលអាជ្ញាធររាជធានីភ្នំពេញ ថ្ងៃនេះបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។»។
ដោយឡែក អាជីវករម្នាក់ដែលនិយាយ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហើបថា កាលពីពេលថ្មីៗនេះ អាជ្ញាធរធ្លាប់ស្នើឲ្យអាជីករផ្លាស់ប្តូរកន្លែងលក់ ដើម្បីយកទីតាំងផ្សារចាស់នេះ ជួសជុលឡើងវិញ។ ប៉ុន្តែក្រុមអាជីវករ បានស្នើឲ្យអាជ្ញាធររៀបចំកន្លែងលក់ ជាបណ្តោះអាសន្នសិន និងរហូតដល់ថ្ងៃនេះ មិនទាន់មានការឆ្លើយតបឬរៀបចំអ្វីឡើយ រហូតមកដល់ព្រឹត្តិការណ៍ឆេះផ្សារ នាព្រឹកនេះតែម្ដង៕
សូមទស្សនារូបភាពផ្ទាល់ ដែលទស្សនាវដ្ដីបានចុះទៅថតផ្ទាល់៖
(មកដល់ក្នុងពេលបន្តិចទៀត)