រួមរ័កស្នេហា«នៅក្នុងទឹក» ល្អឬអាក្រក់?
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៦ សីហា ២០១៤
- កែប្រែចុងក្រោយ: August 09, 2014
- ប្រធានបទ: សុខភាពស្នេហា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សុខភាពនិងស្នេហា - គូស្នេហា សង្សា ឬប្ដីប្រពន្ធ តែងតែស្វែងរកឱកាស ដើម្បីចេញទៅកំសាន្ដឆ្ងាយពីគេហដ្ឋាន នៅទីមាត់ទឹកបឹង ត្រពាំង ទន្លេ ឬសមុទ្រ ដែលគេតែងចាត់ទុកថា មានភាពប្លែកពិសេស ដើម្បីផ្តិតយកទេសភាព ឬខ្យល់អាកាសដ៏ល្អៗនៅទីនោះ។ ចំណង់តណ្ហាបានកើនឡើង នៅពេលដែលគូស្នេហ៍ទាំងពីរនាក់បានចុះងូតទឹក ហើយភ្នែកទាំងគូសម្លឹងឃើញ របស់របសពិសេសៗរបស់ដៃគូខ្លួន ដែលតែងតែលាក់កំបាំងរហូតមក។ ហើយតណ្ហា អាចនឹងផ្ទុះឡើងទប់លែងកើត នៅពេលដែលដៃគូរទាំងពីរ បានឈានទៅដល់ការប៉ះសាច់គ្នា ខ្លួនទល់នឹងខ្លួនទៅវិញទៅមក។
វេជ្ជបណ្ឌិតស្នេហារបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកនូវហនិភ័យមួយចំនួន មករៀបរាប់ជូនគូស្នេហាទាំងនោះ ដើម្បីគ្រាន់នឹងត្រិះរិះពិចារណា មុននឹងឈានទៅដល់ការសម្រេចចិត្ត រួមរ័កនៅក្នុងទឹក។
១- អ្នកអាចនឹងទទួលចូលនូវមេរោគគ្រប់យ៉ាង
ទឹកសមុទ្រ ទន្លេ ត្រពាំងបឹងបួរ ឬបើសូម្បីតែទឹកក្នុងអាងហែលទឹក ដែលយើងមើលឃើញថាមានភាពថ្លាឈ្វេងនោះ សុទ្ធតែមានផ្ទុកពោរពេញដោយមេរោគ គ្រប់ប្រភេទនិងមានកម្លាំងគ្រប់កម្រិត។ ភាគច្រើននៃមេរោគទាំងនោះ អាចមកប៉ះជាមួយនឹងស្បែករបស់អ្នក ដោយគ្មានបង្កនូវបញ្ហាអ្វីទេ។ ប៉ុន្តែសម្រាប់អវៈយវៈភេទនៃបុរសឬស្ត្រី ដែលគេចាត់ទុកជាទ្វាមាសនោះ មិនប្រាកដថាអាចទ្រាំទ្រនឹងមេរោគទាំងនោះ បានឡើយ។
តាមការសិក្សាមួយចំនួន បានបង្ហាញថា ទឹកដែលមិនបានសម្អាត (ទឹកសម្អាតរួច ដូចទឹកដែលយើងធ្លាប់ប្រើប្រាស់តាមផ្ទះ) អាចនឹងបង្កឲ្យមានបញ្ហាដល់ផ្លូវតម្រង់នោម ប្រសិនបើទឹកមិនស្អាត បានចូលទៅប៉ះពាល់ដល់ទីនោះ (ផ្លូវតម្រង់នោម)។ ករណីមួយចំនួនពីក្នុងនោះ បានលើកឡើងពីការរលាកមាត់ស្បូន ប្រសិនបើទឹកមិនស្អាតមានមេរោគ បានជ្រាបចូលនៅពេលរួមរ័ក។
២- អាចធ្វើឲ្យមានអាការៈឈឺផ្សាខ្លាំង ...
អ្នកគិតថា ទឹកជាសារធាតុរាវ ដែលជួយបង្កភាពរំអិលឲ្យការរួមរ័ក? សូមកុំច្រឡំឲ្យសោះថា អវៈយវៈភេទរបស់អ្នក ប្រៀបដូចស្រកាត្រី ដែលមានជាតិរំអិលនៅជាប់ខ្លួនរហូត បើទោះជាត្រដុសគ្នាយ៉ាងណា ក៏នៅតែរអិលជាដរាបនោះ។ ផ្ទុយទៅវិញអ្នកត្រូវគិតថា ទឹកអាចលាងជម្រះ នូវអ្វីៗដែលជាប់នឹងដៃជើង ឬខ្លួនប្រាណរបស់អ្នកបាន។
ដូចគ្នានេះ ការរួមភេទក្នុងទឹក ធ្វើឲ្យទឹកបានចូលទៅកាត់បន្ថយ ឬជម្រះចោលទាំងអស់តែម្ដង នូវជាតិរំអិលដែលហូរចេញពីទ្វាមាសរបស់ស្ត្រី ក្នុងតួនាទីជួយសម្រួលដល់ការរួមភេទ។ គ្មានជាតិរំអិលជាជំនួយ អ្នកនឹងមានអារម្មណ៍ឈឺផ្សាយ៉ាងខ្លាំង ហើយវានឹងធ្វើឲ្យរំខានដល់ភាពត្រេកត្រអាលរបស់អ្នក។ រួមភេទដោយគ្មានសារជាតិរំអិល ប្រៀបបាននឹងការចាប់រំលោភ ដែលភាគីម្ខាងអាចនឹងគ្មានអារម្មណ៍សប្បាយជាមួយ។
៣- ជម្ងឺសង្គមអាចឆ្លងបានងាយ
ដោយសារតែគ្មានជាតិរំអិល ស្រោមការពារដែលអ្នកពាក់អាចនឹងរហែក ដោយងាយជាទីបំផុត។ នៅពេលនោះ ហនិភ័យនៃការចម្លងជំងឹសង្គម ដូចយ៉ាងជម្ងឺស្វាយប្រមេះ ជម្ងឺថ្លើមប្រភេទ B ឬជម្ងឺអេសដ៍ នឹងកើនឡើងខ្ពស់ជាទីបំផុត។ សម្រាប់អ្នកដែលមិនទាន់ចង់មានកូន ក្នុងពេលនេះ ក៏ការរហែកស្រោមអានាម័យ អាចធ្វើឲ្យអ្នកមានបុត្រ ទាំងមិនទាន់ត្រៀមខ្លួនរួច។
ប្រសិនបើអ្នកចាំបាច់ត្រូវតែរួមភេទ ដោយការត្រេកត្រអាលខានមិនបាននោះ អ្នកចាំបាច់ត្រូវពាក់ស្រោម និងដកស្រោមចេញនៅក្រៅទឹក ដើម្បីបញ្ឈៀសនូវជម្ងឺឆ្លងផ្សេងៗ។
៤- បង្កគ្រោះថ្នាក់ជាយថាហេតុ
រួមរ័កដោយប្រើក្បាច់ពិសេសៗ នៅមាត់អាងហែលទឹក អាចនឹងរបូតក្បាច់ធ្លាក់ស្លាប់ ប្រសិនបើអាងហែលទឹកទាំងនោះ នៅខ្ពស់ហើយគ្មានអ្វីការពារ។ នៅក្នុងទឹកសមុទ្រ ទន្លេ ត្រពាំងបឹងបួរ អាចបង្កឲ្យដៃគូរស្នេហា លង់ទឹកស្លាប់ ដោយសារតែអាចធ្លាក់ទៅក្នុងអន្លង់ណាមួយ មើលមិនដឹង។ ជាពិសេសទៅទៀត រួមរ័កក្នុងទឹកត្រជាក់ ក៏បានបង្កឲ្យមានហនិភ័យកើនឡើងខ្លាំង ខាងជម្ងឺគាំងបេះដូងនោះដែរ។
ជ្រើសរើសទីកន្លែង ដែលអ្នកច្បាស់ក្នុងចិត្តពីបញ្ហាសុវត្ថភាព នឹងមិនធ្វើឲ្យសេចក្ដីត្រេកត្រអាលរបស់អ្នកក្លាយជាមច្ចុរាជ ដែលងាយមកកំណត់ជីវិតរបស់អ្នកឡើយ។
៥- មានទោសជាប់គុក
អ្នកគិតថា ការរួមរ័កភិសម័យ ជារឿងរបស់អ្នកតែពីរនាក់ ដោយមិនទាក់ទងនរណាផ្សេង ឬយ៉ាងណ? ខុសហើយ! ប្រទេសជាច្រើននៅលោកខាងលិច បានសរសេរកំណត់នៅក្នុងច្បាប់ថា «ការប្រព្រឹត្តិទង្វើរួមរ័ក ឬអោបថើបស្រើបស្រាល ស្រាតអាវខោ ជាសាធារណៈ ឬនៅទីកន្លែងដែលអ្នកផងអាចមើលឃើញ (ជាពិសេសនៅមុខកុមារ) ត្រូវមានទោសជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ច្រើនជាង ១ម៉ឺនអ៊ឺរ៉ូ (១ម៉ឺន៥ពាន់ អ៊ឺរ៉ូ នៅប្រទេសបារាំង)»។
បើមានច្បាប់ហាមឃាត់ដូចនេះ តើអ្នកចង់សាកល្បងឬទេ? សេរីភាពផ្ទាល់ខ្លួនអ្នក ជាមូលដ្ឋានគ្រឹះមួយ ក្នុងចំណោមមូលដ្ឋានគ្រឹះផ្សេងទៀត ដែលអ្នកអាចធ្វើការថ្លឹងថ្លែងពិចារណាឲ្យបានដិតដល់ មុននឹងប្រព្រឹត្តិទង្វើបែបនេះ។
ដោយឡែកក្នុងប្រទេសកម្ពុជា បើទោះជាច្បាប់នៅមិនទាន់មានចែង តែរាជាណាចក្រមួយនេះ មានប្រពៃណីទំនៀមទំលាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ទាក់ទងនឹងភាពខ្មាសអៀន ឬកេរ្ត៍ខ្មាសរបស់បុរសស្ត្រីទាំងពីរនាក់ ដែលហ៊ានប្រព្រឹត្តិទង្វើរួមរ័ក្ស នៅទីណាមួយដែលអ្នកផងអាចមើលឃើញ។ ណាមួយទៀត ច្បាប់សម្រាប់ការពារជីវិតឯកជន ក៏នៅមិនទាន់មានដែរ ស្របពេលនឹងការគោរព ឬអនុវត្តច្បាប់ នៅមានភាពធូររលុងនៅឡើយ។ ដូច្នេះ ជនដទៃអាចលួចផ្តិតរូបភាពស្រើបស្រាលរបស់អ្នក រួចយកមកផ្សាយតាមបណ្ដាញអ៊ិនធើណែត បង្កឲ្យមានជារឿងអាស្រូវដ៏ធំមួយបាន។ ចូរអ្នកចាំថា រឿងអាស្រូវដែលបានកើតឡើង ក្នុងប្រទេសដែលមានប្រពៃណីទំនៀមទំលាប់តឹងតែង ដូចប្រទេសកម្ពុជា អាចនឹងបំផ្លាញជីវិតរបស់អ្នក។ ប៉ុន្តែគឺទង្វើរបស់អ្នកទៅវិញទេ ដែលនឹងអាចធ្វើឲ្យអ្នកមានវិប្បដិសារី អស់មួយជីវិត៕