បុណ្យ​ភ្ជុំ​បិណ្ឌ​៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់​សម្គាល់​នានា

ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមវិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ។ តាំងពីបូរាណ​កាល មករហូតដល់សម័យបច្ចុប្បន្ន ប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែល​អាក់​ខាន​ម្តង​ណា​ឡើយ លើកលែង​តែ​ក្នុង របប​ប៉ុលពត​កាន់​កាប់​ប៉ុណ្ណោះ ។ តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច? តើពិធីបុណ្យមួយ​នេះកកើត​ឡើង​យ៉ាង​ដូច​ម្តេច និង​ស្រប​តាមលទ្ធិសាសនាអ្វី? តើពិធីបុណ្យនេះ គេដំណើរការ​យ៉ាង​ដូច​ម្តេចខ្លះ? ហេតុអ្វី​បាន​ជា​ជន​ជាតិ​ខ្មែរ មាន​ការគោរព​បូជា ចំពោះពិធីបុណ្យ​មួយ​នេះ​ខ្លាំង​ម្លេះ?
បុណ្យ​ភ្ជុំ​បិណ្ឌ​៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់​សម្គាល់​នានា
ពិធីរាប់បាត។ (រូបថត D.KEO/MONOROOM.info)
Loading...
  • ដោយ: គល់រាំង ([email protected]) - ភ្នំពេញ​ ថ្ងៃទី ២០ កញ្ញា ២០១២
  • កែប្រែចុងក្រោយ: September 21, 2013
  • ប្រធានបទ: ប្រពៃណី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

» អានអត្ថបទនេះ ពីទំព័រដើមមកវិញ សូមចុចចុចនៅលើទីនេះ

តើពិធីបុណ្យនេះ គេដំណើរការយ៉ាងដូចម្តេចខ្លះ?

ក. របៀបប្រារព្ធបុណ្យភ្ជុំបិណ្ឌ

តាមទំនៀម គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន ១៥ ថ្ងៃ គឺចាប់ផ្តើមធ្វើតាំងពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោចខែ​ភទ្របទ ។ ពីថ្ងៃ ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ។ ថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះ អ្នកស្រុកតែងមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នា។ កាលពីបុរាណកាល បុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ខែ​ឯណោះ គឺស្របពេលនឹងរដូវចូល វស្សាដែរ។ តែក្រោយមក ដោយប្រជាជន ពុទ្ធបរិស័ទ ជាប់មមារញឹកនឹងកិច្ច​ការរស៊ីចិញ្ចឹមជីវិតខ្លាំងពេក ទើបគេសម្រេច ធ្វើត្រឹម ១៥ ថ្ងៃនេះវិញ។

ពាក្យថា បិណ្ឌ បានន័យថា ពំនូតបាយ ដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ។ គេដាក់បាយបិណ្ឌក្នុង​ថាស១ យក ទៅវត្ត។ នៅពាក់កណ្តាល បាយបិណ្ឌ មានបាយ បិតបូរ ដែលគេដាក់លើជើងពានតូចមួយ។ បាយ​បិតបូរ ដូចគ្នានឹងបាយ បិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគំរបស្លឹកចេកគ្របពីលើ ដោយចោះកំពូលទុកដោតទៀនធូប និង ផ្កា ។ នៅតំបន់ខ្លះ គេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោងចំនួន៨ ព័ទ្ធជុំវិញបាយបិតបូរ ។ ក្នុងកន្ទោងនីមួយៗមានពំនូត បាយបិណ្ឌពី១ ទៅ១៥ដុំ ។

ក្រៅពីតង្វាយផ្សេងៗនៅក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើ ផ្កាបិណ្ឌ ដែលមានរាងមូលស្រួចដូចសាជី ។ នៅលើកំពូលផ្កាបិណ្ឌ គេធ្វើរូបហង្សទ្រទៀន ដែលគេអុជរាល់យប់នៅពេលកាន់បិណ្ឌ ។ គេថា ផ្កាបិណ្ឌ នេះជាតង្វាយ ចំពោះ ព្រះចូឡាមណីចេតីយ ។

មុនថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ គឺថ្ងៃ១៤រោចនៅតាមផ្ទះនីមួយៗ គេនិយមធ្វើនំអន្សម នំគមសម្រាប់យកទៅប្រគេនលោក ​ឧទ្ទិសដល់ អ្នកដែលបានស្លាប់ទៅហើយផង ចែកចាយដល់អ្នកជិតខាង ឬមិត្តភក្តិផង ។ នៅពេលយប់នៃថ្ងៃនោះ នៅឯវត្តមានពិធី បង្សុកូលជូនវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទៅហើយ មានការសូត្រធម៌ និងការសម្តែង​ធម្មទេសនារហូតដល់ភ្លឺ។ លុះស្អែកឡើង ថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ ហើយ​ដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុក គ្រប់ផ្ទះនាំគ្នាទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់នំ​អន្សម នំគមនិងនំចំណីផ្សេងៗ ខ្លះទៀតកាន់ ចានស្រាក់ដាក់ចង្ហាន់ទៅប្រគេន ព្រះសង្ឃ ។

​ក្រៅពីពិធីភ្ជុំបិណ្ឌដែលធ្វើនៅវត្ត មានពិធីសែនព្រេននៅតាមផ្ទះនៅវេលាព្រលប់នៃថ្ងៃបង្ហើយនោះដែរ។ នៅ​កណ្តាល ផ្ទះល្វែង គេក្រាលកន្ទេល ដាក់ខ្នើយនៅក្បាលកន្ទេល រួចយកសំពត់សមកក្រាលពីលើខ្នើយនិង​កន្ទេលនោះ។ ពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី។ គ្រួសារ​ទាំងអស់មកអង្គុយជុំវិញរណ្តាប់ ទាំងនោះ ហើយមេគ្រួសារអុជទៀនធូបអញ្ជើញវិញ្ញាណក្ខន្ធដូនតាមកពិសា​ក្រយ៉ានេះ ហើយសុំឲ្យជួយថែរក្សាកូនចៅ នៅរស់ ឲ្យបានសុខសប្បាយ ផង ។ លុះព្រឹកឡើង គេរៀបដាក់នំ​ចំណីក្នុងកូនទូកធ្វើអំពីដើមចេកហើយបណ្តែតលើទឹក ដើម្បីជូនដំណើរដូនតាទៅវិញ ។


ទៀនដែលដុតគោរពបូជា ពេលធ្វើពិធីដាក់បិណ្ឌម្ដងៗ។ រូបថត D.KEO/MONOROOM.info

ខ. កំណត់សំគាល់

១. ហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌ ក្នុងរនោចខែភទ្របទ? គម្ពីរនានាខាងពុទ្ធសាសនាបានចែងថា ​មនុស្សចិត្ត អាក្រក់ ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងទៅកើត កំណើតមួយហៅថា ប្រេត ។ ​គម្ពីរមិលិន្ទប្បញ្ហា សំដែងថា ប្រេត មាន៤ពួកគឺ៖

  • ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម
  • ប្រែតដែលស្រេកឃ្លានអាហារជានិច្ច
  • ប្រេតដែលភ្លើងឆេះជានិច្ច
  • ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ។

គឺពួកប្រេតទី៤នេះហើយដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ គេនិយមរើសចំថ្ងៃរនោចខែ​ភទ្របទ ព្រោះ ពេល វេលានោះ ព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ។ ឱកាសនោះហើយដែល​យមរាជដោះលែង ពួកប្រេត ទាំងនោះ ឲ្យ មករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភាគផល ដែលបងប្អូន​កូនចៅធ្វើបុណ្យឧទ្ទិសឲ្យ ព្រោះប្រេត ខ្លាចពន្លឺណាស់ ។ ប្រសិនបើក្នុងរយៈ១៥ ថ្ងៃ ពួកប្រេតបានដើររក​គ្រប់​៧វត្ត ពុំឃើញមានបងប្អូនណា ធ្វើបុណ្យបញ្ជូន កុសលទៅឲ្យទេ ពួកប្រេតនោះ នឹងអត់បាយ អត់ទឹកស្រេក​ឃ្លាន ​រងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេចផ្តាសាមក ញាតិកាទាំងឡាយឲ្យហិនហោច ទ្រព្យ សម្បត្តិ ព្រាត់​ប្រាស់ ម្តាយឪពុក ប្តីប្រពន្ធ កូនចៅ ញាតិផៅ សណ្តានជាដើម ។

២. ការបោះបាយបិណ្ឌ៖ គេនិយមទៅបោះបាយបិណ្ឌនៅឯវត្តវេលាទៀបភ្លឺ ដោយគេជឿថា ធ្វើបែបនេះពួកប្រេត​ទទួល បានដោយផ្ទាល់។ ព្រមគ្នាជាមួយនឹងព្រះសង្ឃសូត្រធម៌ ពួកពុទ្ធបរិស័ទទាំងអស់ កាន់ចានបាយបិណ្ឌ​រៀងៗខ្លួន ដើរតម្រង់ ទៅព្រះ វិហារដើម្បីធ្វើពិធី បោះបាយបិណ្ឌ ។ ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូប​ប្រាំសរសៃ ដាក់នៅលើចាន បាយបិណ្ឌ ។ ដើរបានមួយជុំ អាចារ្យប្រកាសថា អនុមោទនាលើកអើយ!! ។ ទាំងអស់គ្នាស្រែកថា៖ សាធុ!។ រួចគេចាប់ យកបាយ១ដុំដាក់ទៅលើដី ឬបោះទៅទីឆ្ងាយ ហើយដោតធូបមួយសរសៃ ​ឬផ្កាផ្សេងៗ១ទងនៅលើដីដែរ។ គេធ្វើបែបនេះ គម្រប់៣ដង ។ រីឯបាយបិណ្ឌនិងធូបនៅនៅសល់ គេនាំយកតាម​អាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែល នៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះ ទៅលើដីដើម្បីឲ្យខ្មោចដែលគ្មាន បងប្អូន ធ្វើបុណ្យបញ្ជូនឲ្យ ។ អាចារ្យហាមមិន​ឲ្យលាងចាននិងដៃនៅទីនោះឡើយ ។ បន្ទាប់មក អាចារ្យ ធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឲ្យ​ប្រែត ទាំងនោះដែលមកចាំទទួលដែរ តែគ្មានញាតិសណ្តានឧទ្ទិសឲ្យ។ ក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ ពុទ្ធបរិស័ទតែងបានស្តាប់ព្រះសង្ឃ សូត្របទបរាបរាភវសូត្រ ។

ហេតុអ្វីបានជាជនជាតិខ្មែរ មានការគោរពបូជា ចំពោះ​ពិធី​បុណ្យ​មួយ​នេះ​ខ្លាំង​ម្លេះ?

​ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលមានសារសំខាន់ ទាំងសម្រាប់អ្នកស្លាប់ និងទាំងអ្នកដែលកំពុងរស់នៅ៖

​ក. សម្រាប់អ្នកដែលបានស្លាប់ទៅហើយ (ប្រេត)

  • ជាឱកាសនៃការដោះលែង ព្រលឹងពីឋានយមរាជ (ឋាននរក) មកឋានកណ្តាល (ឋានមនុស្សលោក) ដើម្បីមក ជួបកូនចៅទទួលផលបុណ្យ ដែលកូនចៅឧទ្ទិសជូនក្នុងរដូវភ្ជុំបិណ្ឌ ។
  • ជាថ្ងៃដែលកូនចៅមករំឭកឈ្មោះ ដឹងគុណនៃអ្នកដែលបានស្លាប់ទៅនៅឯវត្ត ។
  • ជាថ្ងៃនៃការសុំអភ័យអ្នកស្លាប់ ឬការឲ្យអភ័យពីអ្នកដែលកំពុងនៅរស់ ចំពោះអ្នកដែលបានស្លាប់ទៅ ។
  • ជាថ្ងៃនៃការទទួលបានការអនុគ្រោះ ស្រោចស្រង់ពីព្រះពុទ្ធសាសនា ។

ខ. សម្រាប់អ្នកដែលនៅរស់

សំរាប់ព្រះសង្ឃ៖

  • ជារដូវកាលនៃការសម្តែងធម្មទេសនា អំពីធម៌វិនាសទាំងឡាយ ឲ្យដល់ពុទ្ធបរិស័ទលោកបានជ្រាប និងបាន ជៀសវាងផង។
  • ជាឱកាសនៃការបញ្ចេញសមត្ថភាព ខាងធម៌វិន័យដ៏ល្អផូរផង់របស់ពុទ្ធសាសនា ឲ្យមហាជនលោកបានឃើញ។
  • ជាឱកាសនៃការទទួលចង្ហាន់ ដោយពីពុទ្ធបរិស័ទ ដោយមិនចាំបាច់ចេញទៅបិណ្ឌបាតខាងក្រៅវត្ត ។
  • ជាពេលវេលាដែលព្រះសង្ឃលោកបានទទួលបច្ច័យនានា សម្រាប់កសាងវត្តអារាម ឲ្យកាន់តែមានការរីកចម្រើន ឡើង ។
  • ជាឱកាសដែលព្រះសង្ឃលោកបសូត្រធម៌ សម្តែងព្រះធម៌ដើម្បីរំដោះប្រេតចេញពីភពអវចី ។
  • ជាឱកាសនៃការបង្ហាញពីសាមគ្គីភាព នៃអ្នកកាន់ព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពុទ្ធបរិស័ទនិងមហាជននានា៖

  • ជាពេលវេលាដែលបង្ហាញឲ្យឃើញ ពីទឹកចិត្តសប្បុរស សណ្តានចិត្តទូលាយរបស់ជនជាតិខ្មែរពោលគឺ ធ្វើបុណ្យ ចំពោះមនុស្សទូទៅ ដោយមិនប្រកាន់និន្នាកា ពូជសាសន៍ សាសនា នយោបាយ ឬវណ្ណៈអ្នកមានអ្នកក្រ និងសូម្បី អ្នកនៅរស់ ឬអ្នកស្លាប់ឡើយ ។
  • ជាឱកាសនៃការសង្រួមកាយ វាចារ ចិត្តឲ្យបានជ្រះថ្លាក្នុងធម៌ព្រះពុទ្ធសាសនា តាមរយៈការធ្វើបុណ្យ ដាក់​បាត ដល់ព្រះសង្ឃ ការចែកទានមានអាហារជាដើមជូនដល់អ្នកក្រ កម្សត់ទុគ៌ត ការធ្វើជាអំណោយទាន ដល់​បុព្វការីជន ដែលកំពុងនៅរស់ ។
  • ជាពេលវេលានៃការសុំខមាលទោស ពីបុព្វការីជនទាំងឡាយដែលបានស្លាប់ទៅ ។
  • ជាឱកាសនៃការធ្វើបុណ្យ ដើម្បីរំដោះជនជាទីស្រលាញ់ ដែលបានស្លាប់ទៅចេញពីឋានយមរាជ (ឋាន​នរក) ឲ្យមានសេរីភាព បានទៅកើតក្នុងសុគតិភពវិញ ។
  • ជាពេលវេលានៃការរួបរួមសាមគ្គីភាពគ្នា នៃបងប្អូនញាតិការទាំងប្រាំពីរសន្តាន និងអ្នកស្រុកពុទ្ធបរិស័ទ​ជាដើម ។

» ចុចលើទំព័របន្ទាប់ ដើម្បីអានអត្ថបទបន្ត

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...