កម្ពុជា៖ ប្រភេទសត្វព្រៃខ្លះ ជិតផុតពូជ
ខ្លាឃ្មុំម៉ាឡេ ជាប្រភេទខ្លាឃ្មុំតូចជាងគេក្នុងពិភពលោក ហើយមានតែនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែរងនូវការបាត់បង់ ផុតរលត់ពូជ ជាបន្តបន្ទាប់។ តាមសហព័ន្ធអន្តរជាតិដើម្បីអភិរក្សធម្មជាតិ ប្រភេទខ្លាឃ្មុំនេះ កំពុងតែជួបគ្រោះថ្នាក់ ពីការប្រមាញ់សម្លាប់ ហើយឈានទៅរកការផុតពូជទាំងស្រុង។ នៅប្រទេសកម្ពុជា ចំងាយប្រមាណជា៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានសមាគមមួយ មានឈ្មោះថា «សង្គ្រោះខ្លាឃ្មុំ» ឯកទេសខាង ប្រមែប្រមូលសត្វខ្លាឃ្មុំទាំងឡាយ យកមកចិញ្ចឹមបីបាច់ថែរក្សា ជាពិសេសគឺសត្វខ្លាឃ្មុំម៉ាឡេនេះតែម្ដង។
សត្វខ្លាឃ្មុំម៉ាឡេ។
លោកម៉ាត ហ័ន្ដ (Matt Hunt) នាយកប្រតិបត្តិរបស់ សមាគម បានសំដែងការសោយស្តាយថា «ការសំលឹងមើល ពីអនាគតវែងឆ្ងាយ នៃការរស់រានមានជីវិត របស់សត្វឃ្មុំទាំងនេះ មានភាពអវិជ្ជមានខ្លាំងណាស់។» លោកបន្តថា «ជាមួយនឹងកើនឡើងខ្លាំង នៃចំនួនប្រជាជន និងការប្រមាញ់បរបាញ់ទាំងឡាយ វាបានធ្វើអោយជំរករបស់សត្វខ្លាឃ្មុំ កាន់តែហោចទៅហោចទៅ។»
សត្វខ្លាឃ្មុំម៉ាឡេ ជាមុខសញ្ញាយ៉ាងល្អប្រពៃមួយ សំរាប់ពួកព្រានប្រមាញ់ ដោយហេតុសត្វប្រភេទនេះ អាចនឹងត្រូវបាន គេលក់ ក្នុងតំលៃដ៏ខ្ពស់មួយ ជាពិសេសប្រមាត់របស់វា ដែលត្រូវបានគេប្រើប្រាស់ ក្នុងវិស័យវេជ្ជសាស្រ្តចិនបូរាណ។ គេបានវាយតំលៃថា តែក្នុងរយះពេល៣០ឆ្នាំចុងក្រោយ ចំនួនខ្លាឃ្មុំម៉ាឡេនេះ បានថយចុះប្រមាណជា ៣០%។
បន្ទាប់ពីសត្វខ្លាឃ្មុំ សត្វដំរី ក៏ជាប្រភេទសត្វដែលកំពុងរងនូវការយាយី អោយផុតរលត់ពូជផងដែរ។ កាលពីឆ្នាំ១៩៩៥ សត្វដំរីមានចំនួនប្រមាណជា ២ ០០០ក្បាល រស់នៅតាមដងព្រៃភ្នំ នៃប្រទេសកម្ពុជា។ ក្នុងពេលបច្ចុប្បន្ន ចំនួននេះ បានថយមកត្រឹមតែ ៤០០ក្បាលប៉ុណ្ណោះ។ នៅទ្វិបអាស៊ីទាំងមូល សត្វដំរីត្រូវបានគេរំពឹងទុកថា មាននៅសល់មិនលើស ពី៤០ ០០០ក្បាលនោះទេ។
កាលពីប៉ុន្មានឆ្នាំមុន ការប្រមាញ់ ដោយខុសច្បាប់ គឺជាមូលហេតុសំខាន់នៃការថយចុះនេះ។ តែនៅពេលនេះ អ្វីដែលជា មូលហេតុចម្បងជាងគេ គឺការកាប់បំផ្លាញព្រៃឈើ ដែលជាជំរករបស់សត្វព្រៃ។
លោកនីក ម៉ាស (Nick Marx) អ្នកអភិរក្សធម្មជាតិនៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវ បានបង្ហើបអោយដឹងថា «មនុស្សបានទន្ទ្រាន កាប់បំផ្លាញ ជំរករបស់សត្វដំរី ហើយបង្ខំអោយគ្នារត់គេចខ្លួន ទៅរស់នៅក្នុងព្រៃជ្រៅៗ។ អញ្ចឹងហើយ សត្វដំរីទាំងនេះ គ្មានជំរកឯណាច្រើនសំរាប់រស់នៅទៀតនោះទេ។ រឿងមួយទៀតដែលសំខាន់ដូចគ្នា គឺពេលខ្លះអ្នកស្រុកត្រូវបង្ខំចិត្ត ត្រូវសម្លាប់ ឬចាប់សត្វដំរីទាំងនោះ ដើម្បីសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់។»
រាល់មូលហេតុណាក៏ដោយ វាសុទ្ធសឹងជាមូលហេតុដែលកើតចេញទាំងស្រុង ពីស្នាដៃរបស់មនុស្ស។ ដូច្នេះ មនុស្សនឹងត្រូវ ក្លាយជាប្រភេទ «សត្វមនុស្ស» ចុងក្រោយគេបង្អស់មួយ ដែលនឹងត្រូវរស់នៅលើលោកនេះតែឯង ដោយសារតែបានសម្លាប់ ប្រភេទសត្វដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ