ប្រេស៊ីល៖ ស្រុតស្ពានអាកាស ក្បែរជំនួបបាល់ទាត់ពិភពលោក (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់មានមនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងមានរបួសជាង១០នាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍បាក់ស្រុត ផ្លូវហៃវ៉េស៍មួយកំណាត់ ដែលកំពុងសាងសង់ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ក្នុងទីក្រុងប៊េឡូ អូរីហ្សុនតេ (Belo Horizonte) ទីក្រុងមួយ នៃប្រទេសប្រេស៊ីលដែលទទួលភ្ញៀវមកស្នាក់នៅ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ការបាក់ស្រុតស្ពានអាកាស មើលពីលើ។ (រូបថត Futura Press)
បាល់ទាត់ពិភពលោក - សំណង់ផ្លូវ ហៃវ៉េស នេះ ជាគម្រោងមួយ នៅក្នុងការសាងសង់រចនាសម្ព័ន្ធ សម្រាប់ទទួលព្រឹត្តិការណ៍បាល់ទាត់ពិភលោក ឆ្នាំនេះ នៅក្នុងប្រទេសប្រេស៊ីល។ អ្នកនាំពាក្យផ្នែកសន្តិសុខមួយរូប របស់ប្រទេសនេះ បានបញ្ជាក់ពីតុល្យភាពថា មានមនុស្ស២នាក់ បានស្លាប់ និង១៩នាក់ទៀតបានរងរបួស។ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះ បានបញ្ជាក់ថា មានមនុស្សតែម្នាក់ទេ ដែលស្លាប់និង១៣ ទៀតប៉ុណ្ណោះ ដែលបានរងរបួស។
ប្រធានាធិបតីប្រស៊ីល លោកស្រី ឌីលម៉ា រូសែល (Dilma Rousseff) បានសម្ដែងការចូលរួមទុក្ខក្រៀមក្រំ ជាមួយនឹងគ្រួសារជនរងគ្រោះ ដោយបានបញ្ជាក់នៅលើទំព័រទ្វីសធើផ្លូវការ របស់លោកស្រីថា៖ «រដ្ឋាភិបាលនឹងចាត់វិធានការ សម្រាប់សាលាក្រុង និងអជ្ញាធរក្រុង ប៊ែឡូ អូរីហ្សនតេ នូវអ្វីៗដែលចាំបាច់»។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៥និង៣០នាទី ម៉ោងក្នុងស្រុក ដោយការស្រុតចុះនៃស្ពានអាកាស ធ្វើពីស៊ីម៉ង់ បានបាក់ស្រុកសង្កត់លើរថយន្ដបួនគ្រឿង ក្នុងនោះពីរគ្រឿងជារថយន្ដដឹកទំនិញ មួយគ្រឿងជារថយន្ដក្រុង និងមួយគ្រឿងទៀត ជារថយន្ដតូច។ ទីកន្លែងដែលកើតហេតុនោះ ស្ថិតនៅចំងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីពហុកីឡាដ្ឋាន ដែលទទួលការប្រកួតបាល់ទាត់ពិភពលោក។
សាក្សីម្នាក់បាននិយាយថា៖ «យើងស្មានតែគ្រោះរញ្ជួយដី។ ដីបានរង្គើយ៉ាងខ្លាំង។ ខ្ញុំបានស្ដាប់ឮសម្លេងខ្ទរបានលាន់រំពងឡើង ហើយខ្ញុំបានមើលតាមបង្អួច ឃើញទ្រនរផ្លូវហៃវ៉េស៍ទាំងនោះ បានបាក់ស្រុតនៅនឹងដី។»
អ្នកនាំពាក្យរបស់ក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា៖ «ស្ពានអាកាស ធ្វើផ្លូវហៃវ៉េស៍ នេះ កំពុងសង់ជិតដល់ពេលបញ្ចប់ហើយ។ នៅពេលដែលគ្រោះថ្នាក់បានកើតឡើង ក្រុមកម្មករកំពុងតែដកប្រព័ន្ធទ្រស្ពាននេះចេញ។»។
ស្ពានអាកាសដែលផ្ដើមសាងសង់តាំង ពីជាងមួយឆ្នាំមកហើយនោះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤នេះ។ វានឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ នៅចុងខែកក្កដាខាងមុខ។ សូមបញ្ជាក់ដែរថា ទីក្រុង ប៊ែឡូ អូរីហ្សនតេ បានទទួលការជំនួបបាល់ទាត់ពិភពលោក ចំនួន៥ប្រកួតរួចមកហើយ ហើយទីក្រុងនេះក៏នឹងគ្រោងទទួលជំនួបប្រកួតដដែល ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃអង្គារខាងមុខនេះដែរ៕
សូមទស្សនាវីដេអូ ពីហេតុការណ៍នេះ ដូចខាងក្រោម៖