បាល់ទាត់៖ មុនជួបជាមួយបារាំង កីឡាករអាល្លឺម៉ង់៧រូបធ្លាក់ខ្លួន«ឈឺ»
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងរសម្រាប់ក្រុមបាល់ទាត់អាល្លឺម៉ង ដូចជាឮមិនសូវស្រួលសោះ នៅមុនមកប្រកួតជាមួយបារាំង នៅវគ្គ១ភាគ៤នៃបាល់ទាត់ពីភពលោក ល្ងាចថ្ងៃនេះ។ យ៉ាងណាក៏ដោយ គ្រូបង្វឹករបស់អាល្លឺម៉ង់ លោក ចចឈីម ឡវ (Joachim Löw) មិនបានបញ្ជាក់ ពីអ្នកជំងឺទាំង៧នាក់នោះ ជានរណាឈ្មោះអីនោះនៅឡើយ ដោយគ្រាន់តែនិយាយថាពួកគេបានឆ្លងជម្ងឺផ្ដាសាយ។
គ្រូបង្វឹករបស់អាល្លឺម៉ង់ លោក ចចឈីម ឡវ (កណ្ដាល) ជាមួយកីឡាកររបស់លោក។ (រូបថត Fifa)
បាល់ទាត់ពិភពលោក - សីតុណ្ហភាព នៅខាងកីឡាករជម្រើសជាតិអាល្លឺម៉ង់ បានឡើងខុសពីធម្មតា។ កីឡាករ៧រូប បានឆ្លងជម្ងឺផ្ដាសាយធំ ហើយអាចនឹងមិនបានចូល ប្រកួតជាមួយក្រុមបារាំង នៅល្ងាចថ្ងៃសុក្រនេះ ក្នុងវគ្គ១ភាគ៤។
គ្រូបង្វឹករបស់ក្រុមបាល់ទាត់អាល្លឺម៉ង់ លោក ចចឈីម ឡវ (Joachim Löw) បាននិយាយថា កីឡាករជាច្រើនបានរងជម្ងឺ«ឈឺក» ប៉ុន្តែមិនបានបញ្ជាក់ថា កីឡាករទាំងនោះឈ្មោះអ្វីនោះឡើយ។ លោកនិយាយទៀតថា៖ «វាដូចជាឆាប់ពេក ក្នុងការនិយាយពីក្រឡា សម្រាប់កីឡាករឈរ នៅក្នុងការប្រកួតនោះ»។
លោកបានពន្យល់ថា កីឡាកររបស់លោក បានទទួលរងនូវការផ្លាស់ប្ដូរអាកាសធាតុជាញឹកញាប់ នៅខណៈដែលពួកគេបានធ្វើដំណើរចុះឡើងៗ នៅពេញប្រទេសប្រស៊ីល ម្ដងក្ដៅម្ដងត្រជាក់។ លោកនិយាយថា លោកមិនចង់ធ្វើឲ្យសភាពការណ៍ធ្លាក់ចុះដុនដាប់នោះទេ តែនេះជាការពិត ហើយជាពិសេសថាកីឡាករអាល្លឺម៉ង់ជាច្រើន បានធ្លាក់ខ្លួនឈឺខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
ពិតឬមិនពិតយ៉ាងណា គេនឹងដឹងនៅល្ងាចថ្ងៃនេះ ក្នុងពេលចូលទៅប្រកួតជាមួយក្រុមបារាំង។ ប៉ុន្តែសម្រាប់ក្រុមបារាំងវិញ ក៏មិនបានចាត់ទុកថា ជាដំណឹងល្អនោះដែរ។ បើទោះជាដំណឹងនេះ មិនមានល្បិចកលនៅមុនការប្រកួត តែក្រុមអាល្លឺម៉ង់ នៅតែត្រូវគេចាត់ទុក ជាក្រុមដ៏ខ្លាំងមួយ ឈរនៅចំណាត់ថ្នាក់លេខពីរ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (Fifa)៕