គង់ វង្សយ៉ាទី ស្រវ៉ាចាប់អាជីពជាពិធីការិនី ជាងនៅជាតារាសម្តែង
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពេលដែលអាជីពជាពិការនីកំពុងតែរីកចម្រើន និងទទួលបានប្រជាប្រិយភាពគាំទ្រខ្លាំង ពីទស្សនិកជនតាមរយៈធ្វើជាពិធីការនី នៅក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិននោះ កញ្ញា គង់ វង្សយ៉ាទី បាននឹងពង្រឹងខ្លួនបន្ថែមទៀត ដើម្បីក្លាយខ្លួន ជាពិធីការនីល្បីមួយរូប។
កញ្ញា គង់ វង្សយ៉ាទី។ (រូបថតហ្វេសប៊ុក)
តារា - ខណៈពេលដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីមហាជនក្នុងអាជីពជាពិការនីតាមរយៈវាចារដ៏ស្រទន់ រួមជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ពិធីការិនីវ័យក្មេងក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន កញ្ញា គង់វង្ស យ៉ាទី ពេលនេះនាងកំពុងតែពង្រឹងខ្លួន ក្នុងអាជីពជាពិធីការនីអោយល្បីល្បាញ និងមានភាពលេចធ្លោដូចពិធីការនីល្បីៗមួយចំនួន ដូចជាអ្នកនាង គង់ សុជាតិ និងអ្នកនាង យុគ ចិន្តា ជាដើម ដោយមិនចង់វិលទៅរកអាជីពចាស់ ជាតារាសម្តែងភាពយន្ត និងខារ៉ាអូខេដូចមុនឡើយ។
ថ្មីៗនេះ មានផលិតកម្មមួយចំនួន បានទាក់ទងនាងអោយសម្តែងខ្សែភាពយន្ត ប៉ុន្តែត្រូវបាននាងបដិសេធ។ ការដែលនាងបដិសេធចោលមិនសម្តែងភាពយន្តនេះ ដោយនាងបានឲ្យដឹងថា អាជីពជាពិធីការិនីឈរជើងក្នុងវិស័យសិល្បៈបានយូរ ជាងតារាសម្តែង។ ហើយអាជីពជាពិធីការនី បើសិនជាសាងកេរ្តិ៍ល្បីល្បាញហើយនោះ គឺមិនងាយត្រូវបានគេបោះបង់ឡើយ រីឯតារាសម្តែងវិញ ថាបើកាលណាអស់សម្រស់ គេនឹងមិនត្រូវការសម្តែងទៀតឡើយ។
ជាមួយលោក សាយ រតនៈ ដែលជាពិធីករក្នុងកម្មវិធីរាត្រីកំសាន្តនោះ តារាស្រីសាច់សខ្ចីរបស់ស្ថាននីយទូរស្សន៍ ស៊ីធីអ៊ិន រូបនេះបាននឹងកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដោយសារទេពកោសល្យនៃការអត្ថធិប្បាយ របស់នាងនៅខ្សោយ។ ជាមួយនេះដែរ នាងកំពុងតែហ្វឹកហាត់ជាមួយ ពីធីការនី ដួង ហ្សូរីដា ដើម្បីបង្កើនជំនាញអោយកាន់តែខ្លាំងជាងនេះថែមទៀត។
គួរកត់សម្គាល់ថា មុនពេលដែល កញ្ញា គង់ វង្សយ៉ាទី ក្លាយពិធីការនីប្រចាំទូរទស្សន៍ស៊ីអ៊ិន គឺកញ្ញាគ្រាន់តែតារាសម្តែង ខារ៉ាអូខេនៅតាមផលិតកម្មមួយចំនួនប៉ុណ្ណោះ មិនសូវមានឈ្មោះបោះសម្លេងប៉ុន្មានឡើយ។ ប៉ុន្តែក្រោយពីនាងចាប់ជាអាជីពជាពិធីការិនី តាមរយៈរូបសម្រស់វ័យក្មេង នាងហាក់បង្កើនចំណាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បើទោះបីការប្រើប្រាស់ពាក្យពេជន៍មួយចំនួន នៅមានការឆ្គាំងឆ្គងក៏ដោយ។
យ៉ាងណាក៏ដោយ ទោះសំឡេងមិនសូវបាន បទពិសោធន៍ក៏មិនសូវមានច្រើន ប៉ុន្តែដោយសារនាងមានសម្រស់ទាក់ទាញ ពិធីការនីវ័យក្មេងរូបនេះ មានឱកាសទទួលបានការងារថ្មីៗជាច្រើន សូម្បីតែកម្មវិធីដែលនាងមិនធ្លាប់កាន់ពីមុនមកក៏ កញ្ញាភ្នែកស្រទន់ អាចជំនួសអ្នកចាស់ៗបានដែរ ដែលនេះបញ្ជាក់ឱ្យឃើញថា ពិធីការនីវ័យក្មេងរូបនេះមានការអភិវឌ្ឈន៍ និងការរីកចំរើនច្រើន ក្នុងអាជីពជាពិធីការនី៕