តារាទាំងប្រាំនេះ នរណាមួយនឹងត្រូវសម្ដែងជា Indiana Jones ថ្មី?
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលផលិតកម្ម វ៉លឌីស្នេ (Walt Disney) ទើបនឹងទិញសិទ្ធិជាផលិករ ពីផលិតកម្ម ប៉ារ៉ាមូន (Paramount) ដើម្បីបន្តថតភាពយន្ដដំណើរផ្សងព្រេងដ៏ល្បី មានចំណងជើងថា អ៊ីឌីយ៉ាណា ចន (Indiana Jones) របស់សមិទ្ធិករ ស្តេវិន ស្ពីប៊ើរ (Steven Spielberg) នោះមក មានពាក្យចចាមអារាមជាច្រើន បានបែកធ្លាយទាក់ទងនឹងតួអង្គថ្មី នៃភាពយន្ដនេះ ដើម្បីមកជំនួសអារីសុន ហ្វ័ត (Harrison Ford)។ តើនរណាទៅ ដែលមានលទ្ធភាពអាចមកជំនួស តារាជើងចាស់ដែលបានសម្ដែងក្នុងរឿងនេះ ចំនួន៤វគ្គមកហើយនោះ?
រូបភាពពាណិជ្ជកម្មរបស់ភាពយន្ដ អ៊ីនឌីយ៉ាណា ចន។ (រូបថតភាពយន្ដ)
ភាពយន្ដ - វ៉លឌីស្នេ មិនទាន់សប្បាយចិត្តប៉ុន្មានទេ នៅពេលដែលបានទិញខ្សែភាពយន្ដ សង្គ្រាមផ្កាយ (Star Wars) ពីផលិតកម្ម លូកាសហ្វីម (Lucasfilms) មកនោះ។ ប៉ុន្តែផលិតកម្មភាពយន្ដ ដែលមានជំនាញខាងការកំសាន្ដនិងកុមារមួយនេះ បានទិញភាពយន្ដដំណើរផ្សងព្រេងថែមមួយទៀត ក្នុងសិទ្ធជាផលិតករ ពីផលិកម្ម ប៉ារ៉ាមូនភាពយន្ដ។ ដូច្នេះ ខ្សែរឿង អ៊ីឌីយ៉ាណា ចន វគ្គទី៥ នឹងផលិតក្នុងពេលឆាប់ៗខាងមុខ ហើយនឹងត្រូវថតដឹកនាំដោយសមិទ្ធិករដើម របស់ភាពយន្ដនេះ លោក ស្តេវិន ស្ពីប៊ើរ និងគ្រោងចេញបញ្ចាំង នៅក្នុងឆ្នាំ២០១៦ខាងមុខ។
តែអ្វីដែលជាចំងល់របស់ប្រិយមិត្ត អ្នកស្រឡាញ់ចូលចិត្តភាពយន្ដនេះ បាននាំគ្នាចោទសួរនោះ៖ តើនរណាទៅ អាចសម្ដែងជាតួអង្គអ៊ីឌីយ៉ាណា ចន ជំនួសឲ្យតារាជើងចាស់ អារីសុន ហ្វ័ត (Harrison Ford) ដែលមានវ័យជរា (៧១ឆ្នាំ) ទៅហើយនោះបាន? ប្រាកដហើយ ដែលវ៉លឌីស្នេ ចង់បានការគាំទ្រពីទស្សនិកជនឲ្យបានកាន់តែច្រើន ទាក់ទងនឹងតួសម្ដែងមកជំនួសតួអង្គ អារីសុន ហ្វ័ត ។
យើងសូមលើកយក តួសម្ដែងចំនួន៥នាក់ ដែលស្ថិតក្នុងលំដាប់កំពូលគេ មកជំរាបលោកអ្នក៖
១- សៀ ឡឺប៊ហ្វ (Shia Lebeouf) អាយុ២៧ឆ្នាំ - តារាល្បីនៅក្នុងភាពយន្ដ ត្រេនស្វ័មើរ (Transformers) តែក៏បានមកបញ្ចេញខ្លួន នៅក្នុងវគ្គក្រោយបំផុតនៃខ្សែភាពយន្ដ អ៊ីនឌីយ៉ាណា ចន ដែរ។ ដូច្នេះ តារាដ៏ភ្លឺស្វាងរូបនេះ ជាអ្នកបន្តវេនដ៏សមសួនជាងគេ សម្រាប់ជំនួសឲ្យលោក អារីសុន ហ្វ័ត។ ប៉ុន្តែបញ្ហាមួយ៖ រូបភាព«សុភាពបុរស»របស់តារាភាពយន្ដ បានធ្វើឲ្យមានការខកចិត្តជាខ្លាំង នៅពេលដែលតារាភាពយន្ដសម្ដែងនៅក្នុងរឿង Nymphomaniac។
២- ឆានីន តាទម (Channing Tatum) អាយុ៣៤ឆ្នាំ ដែលធ្លាប់សម្ដែងល្បីឈ្មោះ នៅក្នុងភាពយន្ដ មហន្តរាយនៃសេតវិមាន (White House Down) និង ជីចូ (GI Joe) នោះ បានបង្ហាញថាខ្លួន ក៏មានសមត្ថភាពខ្លាំងក្លានោះដែរ។ ជាមួយនឹងការជ្រួលជ្រៀម របស់ទស្សនិកជន ដែលរងចាំតារារូបនេះ សម្ដែងក្នុងភាពយន្ដថ្មី រឿង វិថីលោតហក់ទី២២ (22 Jump Street) ត្រៀមចេញបញ្ចាំងក្នុងពេលខាងមុខនោះ តារាភាពយន្ដរូបនេះ ហាក់ដូចជាកំពុងសណ្ដំចិត្តសិមិទ្ធិករ ឲ្យកាន់តែជញ្ជាក់មាត់មករកដែរ។
៣ - រ៉ាយអេន ហ្គូលីង (Ryan Gosling) អាយុ៣៣ឆ្នាំ ជាកំពូលអ្នកសម្ដែងមួយរូប នៅក្នុងពិភពភាពយន្ដ ជាពិសេសនៅក្នុងរឿង N'oublie jamais à Drive។ ដោយសារតែតារាជនជាតិកាណាដារូបនេះ មានរូបរាងសង្ហាកម្រនឹងរកតារាណាមកប្រដូចនោះ ដូច្នេះតារា ហ្គូលីង នឹងមិនមានភាពពិបាក ក្នុងការសម្ដែងជាតួអង្គសាស្ត្រចារ្យប្រវត្តិវិទ្យា នៃ អ៊ីនឌីយ៉ាណា ចន នោះទេ។
៤ - រ៉ូប័រ ប៉ាទីសុន (Robert Pattison) អាយុ២៨ឆ្នាំ ត្រូវបានគេស្គាល់នៅក្នុងរឿង ហារីផ័ទ័រ (Harry Potter) និងជាគូស្នេហ៍ចាក់ទឹកមិនលេច នែកម្រងរឿង ទ្វៃឡៃធ៍ (Twilight) ដ៏ល្បីនោះផង។ តែគេនៅឆ្ងល់បន្ដិចត្រង់ថា តើតារាមុខស្រស់រូបនេះ នឹងអាចដើរតួរលោតហក់ បាញ់បោះ ដូចតួអង្គអ៊ីនឌីយ៉ាណា ចន ឬយ៉ាងណា។
៥ - ខេឡេន លូស្ស៍ (Kellan Lutz) អាយុ ២៩ឆ្នាំ ក៏ត្រូវបានគេស្គាល់ខ្លាំង នៅក្នុងកម្រងរឿង ទ្វៃឡៃធ៍ (Twilight) នោះដែរ។ បន្ទាប់ពីបានចេញសម្ដែងនៅក្នុងរឿងក្រោយទៀត ហើយបានទទួលនូវការគាំទ្រយ៉ាងសម្បើម ពីទស្សនិកជននោះ តារារូបនេះក៏ត្រូវបានគេគិតថា សក្ដិសមនឹងដើរជាតួអង្គ អ៊ិនឌីយ៉ាណា ចន ដែរ។