យន្ដហោះបាត់ខ្លួន៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចោទ CIA ថាដឹងរឿង
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មហាធា មហាមេដ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលមួយរូប របស់ប្រទេសម៉ាឡស៊ី បានចុះផ្សាយនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោក ចោទប្រកាន់ ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង (Boeing) និងទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក ស៊ីអាយអេ (CIA) ថាបានបង្វិលព័ត៌មាន ជុំវិញការបាត់ខ្លួនរបស់យន្ដហោះ ភ្ជាប់ជើងហោះហើរ MH370 ដែលបានរលប់បាត់ពីប្រព័ន្ធរលកអាកាស សូន្យឈឹងតាំងពីថ្ងៃទី៨ ខែមីនា មកនោះ។
យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថត MONOROOM.info/ D.KEO)
បាត់យន្ដហោះ - រហូតមកដល់ពេលនេះ មានរយៈពេលជាង ៨០ថ្ងៃទៅហើយ តែគេនៅតែគ្មានដំណឹងអ្វីទាល់តែសោះ ពីយន្ដហោះដ៏ធំមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ជាមួយនឹងមនុស្ស២៣៩នាក់ នៅក្នុងនោះ។ ការស្ងាត់បាត់ដំណឹងទាំងនេះ បានធ្វើឲ្យមានការលេចលឺ នូវការសង្ស័យផ្សេងៗគ្នាជាច្រើន ដែលពិបាកនឹងធ្វើឲ្យគេយល់បាន ពីមូលហេតុពិតប្រាកដនៃការបាត់ខ្លួននេះ បើសូម្បីតែការរុករកដែលបានចំណាយប្រាក់ ប្រមាណជា១០០លានដុល្លារទៅហើយ ក៏នៅតែគ្មានលទ្ធផលអ្វីសោះ។
ប៉ុន្តែសម្រាប់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាមេដ វិញ លោកបានចង្អុលចំៗ ទៅក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង និងទីភ្នាក់ស៊ើបការសម្ងាត់អាមេរិក ថាជាអ្នកអាចបកស្រាយ ពីអាថ៌កំបាំងនៃការបាត់យន្ដហោះ។
មានការវាយលុកពីខាងក្រៅ ទៅលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិរបស់យន្ដហោះ
«យន្ដហោះ មិនមែនបាត់ខ្លួនទៅ ស្រួលៗអញ្ចឹងនោះទេ» នេះជាការបញ្ជាក់ដំបូងរបស់លោក មហាធា មហាមេដ នៅក្នុងអត្ថបទចុះផ្សាយ កាលពីសប្ដាហ៍កន្លងទៅនេះ។ លោកសរសេរទៀតថា៖ «ប្រព័ន្ធទំនាក់ទំនងរបស់យន្ដហោះ ត្រូវបានកាត់ផ្ដាច់ តែការិយល័យត្រួតពិនិត្យការហោះហើរនៅលើដី នៅតែអាចទាក់ទងយន្ដហោះបាន។ ប្រព័ន្ធបង្ហាញទីតាំង (GPS) របស់យន្ដហោះ ក៏ត្រូវបានផ្ដាច់ចោលដែរ។ តែផ្ទុយទៅវិញ យន្ដហោះ ភ្ជាប់ជើងហោះហើរ MH370 នៅតែអាចត្រូវបានកំណត់ពីបម្លាស់ទីរបស់វា ដោយប្រព័ន្ធផ្កាយរណបបាន។»
អតីតប្រមុខរដ្ឋភិបាល របស់ប្រទេសម៉ាឡេស៊ី រូបនេះ បានយកអត្ថបទមួយរបស់ ចន ក្រូស្ត៍ (John Croft) ដែលបានផ្សាយនៅឆ្នាំ២០០៦ មកបង្ហាញបញ្ជាក់ពីប្រព័ន្ធបើកបរយន្ដហោះ ដោយស្វ័យប្រវត្តិមួយ ដែលមិនអាចកាត់ផ្ដាច់ទាំងស្រុងបាន ហើយអាចត្រូវដាក់ឲ្យដំណើរការ ដោយអ្នកបើកបរយន្ដហោះ នៅក្នុងយន្ដហោះ ឬដោយនរណាផ្សេងពីចម្ងាយបាន។ ប្រព័ន្ធបើកបរស្វ័យប្រវត្តិនេះ អាចត្រូវបានបញ្ជាបើកពីចម្ងាយ ដោយភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗ ដូចយ៉ាង ស៊ីអាយអេ នេះជាដើម ក្នុងករណី ប្រសិនណាជាមានក្រុមភេវរករណាមួយ ចង់ប្លន់យន្ដហោះ។
«ច្បាស់ណាស់ គឺក្រុមហ៊ុន ប៊ូអីង និងទីភ្នាក់ងារសន្តិសុខ មានលទ្ធភាពនឹងបញ្ជាយន្ដហោះនេះ ពីចម្ងាយបាន ទៅលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ របស់យន្ដហោះដឹកអ្នកដំណើរ ដូចជាយន្ដហោះ MH370 នេះ»
ការរុករកដែលធ្វើឲ្យខាតពេល
សម្រាប់លោកអតីនាយករដ្ឋមន្ត្រី ការរុករកយន្ដហោះ នៅក្នុងលំហមហាសមុទ្រ វាគ្រាន់តែធ្វើឲ្យខាតពេលប៉ុណ្ណោះ។ លោកសរសេរថា «យន្ដហោះ កំពុងស្ថិតនៅកន្លែងផ្សេងទៀត ដែលអាចជាកន្លែង ដែលក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ មិនដែលចាត់ទុកជាទិសដៅហោះហើរ របស់ខ្លួន»។
អ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ បានវាយប្រហារទៅលើក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង ថា «ក្រុមហ៊ុន ប៊ូអីង ត្រូវតែពន្យល់អំពើប្រព័ន្ធប្រឆាំងនឹងភេវរកម្ម ដែលតំរូវឲ្យមានការចុះចតដោយស្វ័យប្រវត្តិ បំពាក់នៅលើយន្ដហោះ។ (...) ខ្ញុំមិនអាចស្រមៃបានទាល់តែសោះ ថាអ្នកបើកបរយន្ដហោះ បានបញ្ជាយន្ដហោះឲ្យទៅធ្លាក់ នៅក្នុងសមុទ្រ ហើយសុខចិត្តលិចទៅជាមួយយន្ដហោះ ដោយគ្មានហេតុភេទ ឬប្រតិកម្មអ្វីយ៉ាងនេះ។»
យ៉ាងណាក៏ដោយ ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ និងប្រទេសម៉ាឡេស៊ី បានរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីការចាត់ចែងគ្រោះថ្នាក់ដែលចេញពីយន្ដហោះ MH370 នេះ។ តែលោក មហាធា មហាមេដ បានធ្វើការចោទប្រកាន់ត្រឡប់មកវិញថា «មាននរណាម្នាក់ បានរៀបចំរឿងអ្វីមួយ»។ លោកបានការពារប្រទេស និងក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់លោក ថា«វាជារឿងអយុត្តិធម៌ណាស់ ដែលក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ និងប្រទេសម៉ាឡេស៊ី ទទួលរងនូវកលឧបាយនេះ»។
លោកបានធ្វើសេចក្ដីសន្និដ្ឋាន នៅចុងបញ្ចប់ថា «នៅក្នុងមូលហេតុជាច្រើន ដែលប្រព័ន្ធផ្សព្វផ្សាយ មិនដែលចេញផ្សាយរឿងដែលទាក់ទងនឹង ក្រុមហ៊ុន ប៊ូអីង និងភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក ស៊ីអាយអេ នោះឡើយ។ ខ្ញុំសង្ឃឹមថា ប្រិយមិត្តរបស់ខ្ញុំនឹងអានអត្ថបទនេះ។»៕