រតនគីរី៖ ​វៀតណាម​​យក​លេស​ចែក​ថ្នាំ ដើម្បី​រំកិល​បង្គោល​«ព្រំដែន»?

ប្រជាពលរដ្ឋនៅក្នុងស្រុកតាវែងមួយចំនួន«រីករាយ» តែពលរដ្ឋភាគច្រើនបានបង្ហាញពី«ទុក្ខព្រួយ» ចំពោះ«វត្តមាន»​កងទ័ពវៀតណាម ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ។ កងទ័ពវៀតណាមទាំងនោះ បានចូលមកក្នុងប្រទេសកម្ពុជា ក្នុង​រូបភាពជា«ពេទ្យ» ដើរព្យាបាលជំងឺប្រជាពលរដ្ឋក្នុងឃុំចំនួនពីរ នៃស្រុកតាវែង ខេត្តរតនគីរី។ ប៉ុន្តែពលរដ្ឋ ដែលរស់​នៅ​ទីនោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ទ័ពវៀតណាមទាំងនោះ​បានចូលមកក្នុងទឹកដីខ្មែរ ក្នុង​ឃុំតាវែងលើ និងតាវែងក្រោម ជាមួយនឹងសកម្មភាពបោះបង្គោលព្រំដែនថ្មី។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៩ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រតនគីរី - ស្ថិតនៅឆ្ងាយពីទីរួមខេត្តរតនគីរី និងនៅជាប់ព្រំដែននៃប្រទេសវៀតណាម ប្រជាពលរដ្ឋម្នាក់ ដែលរស់​នៅក្នុងឃុំតាវែង ស្រុកតាវែង ខេត្តរតនគីរី លោក សាន ស៊ីន បានថ្លែងប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជនជាតិ​វៀតណាម ដែលទំនងសុទ្ធជាអ្នកមុខអ្នកការ ក្នុងជួរ​ទ័ព​វៀតណាម និង​មាន​អាយុចាប់ពី៣០ ទៅ៤០ឆ្នាំ បានមកស្នាក់​នៅក្នុងស្រុកតាវែងនេះ និងបានដើរផ្តឹតយករូបភាពទាំងអស់ក្នុងស្រុក។ បើទោះជាមកថតក្នុងអាវស៊ីវិល តែពួក​គាត់​ស្លៀកខោ និងស្បែកជើងជាទាហាន។

ពលរដ្ឋរូបនេះបន្តថា ក្រៅពីដើរថតរូប ទាហានវៀតណាមទាំងនោះ បានដើរចែកថ្នាំពេទ្យ ម៉ី ម្សៅស៊ុបជាដើម ដល់​ប្រជាពលរដ្ឋក្នុងឃុំទាំងពីខាងលើ។ លោក សាន ស៊ីន​ បានឲ្យដឹងទៀតថា ពលរដ្ឋកម្ពុជា​មួយ​ចំនួនមានការងឿងឆ្ងល់ ហេតុអ្វីបានជាចាំបាច់ត្រូវការជំនួយជាថ្នាំពេទ្យ និងការឧបត្ថម្ភជាស្បៀង-អាហារ​ពីកង​ទ័ព​វៀតណាមទាំងនោះ នៅ​ក្នុងសម័យកាលគ្មានសង្គ្រាមនេះទៅវិញ? «អ្នកខ្លះគេព្រួយបារម្មណ៍។ គេគិតថា​មិន​ដែលឃើញទាហានប្រទេស​ក្រៅ​ចូលមកអញ្ចឹងទេ មានតែសម័យរំដោះ។ ឥឡួវនេះមានបញ្ហាអ្វីទៀត ឬក៏ត្រូវ​បាន​ដូចសម័យរំដោះ នេះជាការព្រួយ​បារម្មណរបស់ប្រជាពលរដ្ឋមួយចំនួនធំ។»

មានការរៀបចំបោះបង្គោលព្រំដែនថ្មី?

លោក សាន ស៊ីន បានបន្ថែមថា តាមព័ត៌មានទទួលបានក្នុងថ្ងៃទី៩ ខែមេសានេះ មានមេភូមិ និងមន្រ្តីនៃសាលា​ស្រុក​មួយចំនួន បាននាំក្រុមទាហានទាំងនោះ ទៅផ្លាស់ប្តូរ«ព្រំប្រទល់»មួយចំនួននៃឃុំតាវែងក្រោម។ លោកបាន​បញ្ជាក់​ច្បាស់ៗថា ព្រំដែនពីមុននៅអូរមួយ តែថ្ងៃនេះសម្រេចមកដាក់នៅតាមបណ្តោយផ្លូវវិញ ដែលធ្វើឲ្យបាត់ដីរបស់​ទីរួម​ស្រុក។ លោក​បន្តថា ពេលនេះមន្រ្តីនៃសាលាស្រុកម្នាក់ បានប្រាប់លោកថា កំពុងតែតែរៀបចំបោះបង្គោល​ព្រំដែន​ថ្មី​នោះ។

មានទាក់ទងនឹងក្រុមហ៊ុនសម្បទានដី?

សម្រាប់លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគីរី បានបញ្ជាក់ថា តាម​សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ មានការដាក់កម្លាំងទាហានវៀតណាមនេះតាំងពីសប្តាហ៍មុន និងបន្តរហូត​មកទល់នឹងពេលនេះ។ ហើយក្រុមការងាររបស់លោក នៅមិនទាន់បានទទួលព័ត៌មានច្បាស់ការថា តើគាត់ចូលមក​ក្នុងគោលបំណងអ្វីពិតប្រាកដនោះទេ។

ក្នុងកិច្ចការនេះ លោកថា នឹងបន្តធ្វើការស៊ើបអង្កេត និងតាមដានឲ្យ​បាន​ម៉ត់ចត់​ចំពោះវត្តមាននៃទ័ពវៀតណាម​ទាំង​នោះ ដើម្បីចង់ដឹងថា «តើមកក្នុងនាមក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឬកងទ័ពរុក​រកឥដ្ឋធាតុក្រោយសង្គ្រាមឆ្នាំ  (...) បើមកក្នុងនាមរុករកឥដ្ឋធាតុ វាជាការសហប្រតិបត្តិការជាមួយអាជ្ញាធរ តែបើមកក្នុងនាមការពាក្រុមហ៊ុន​សម្បទាន វាជារឿងមួយផ្សេងដោយឡែកទៀត។ (...) ឬអាចចូលមកក្នុង​គោលដៅ​អ្វីផ្សេងពីនេះ។»

ទាក់ទងនឹងការលើកឡើងខាងលើនេះ មេភូមិតាវែងលោក ឌូ វិត បានធ្វើការបដិសេធថា មិនមាន​ការ​បោះបង្គោល​ព្រំដែនអ្វីនោះទេ ហើយក៏មិនមែនមកការពារឲ្យក្រុមហ៊ុនណាមួយនោះដែរ។ លោកបន្តថា ទាហាន​ទាំងនោះគេមក ដើម្បីជួយសង្គ្រោះ ព្យាបាល ពិនិត្យ និងចែកច្នាំសង្កូវជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃតែប៉ុណ្ណោះ។ វត្តមាននៃ​កងទ័ពវៀតណាមនេះ មានការទទួលស្គាល់ពីថ្នាក់ស្រុក រហូតដល់ខេត្ត។ ពិសេលមានលោក ម៉ង់ ថេន ប្រធាន​តំបន់​ភូមិភាគមួយក្នុងខេត្តស្ទឹងត្រែង ជាអ្នកមកប្រាប់ប្រជាពលរដ្ឋទាំងនោះ។

មេភូមិរូបនេះបានអះអាងថា ទ័ពវៀតណាមទាំងនោះមកក្នុងនាមជាទាហានពេទ្យ មិនមានធ្វើអ្វីផ្សេងក្រៅពីនេះទេ។ ខុសពីការលើកឡើងរបស់លោក ឆាយ ធី ខាងលើ លោកឌូ វិត បានអះអាងថា កងទ័ពទាំងនេះ មកត្រឹមតែបីថ្ងៃ​ប៉ុណ្ណោះ ចាប់បីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ហើយនឹងត្រឡប់​ឡើង​ទៅ​ស្រុក​គេវិញ។ «គេទទួលស្គាល់ទាំងខេត្ត ទាំងអីហ្នឹង។ (...) គេមកតែបីថ្ងៃទេ ផុតបីថ្ងៃនេះគេឡើងទៅវិញហើយ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ជូម ព្លែវ មន្រ្តីនៃសាលាស្រុកតាវែងបានទេ ដោយទូស័ព្ទ​ហៅចូលហើយ តែលោកបានចុចផ្តាច់ទំនាក់ទំនង។ ឯលោក ម៉ង់ ថេន ប្រធានតំនប់ភូមិភាគមួយ ក៏មិនអាចសុំការ​បញ្ជាក់បានដែរ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...