ការអំពាវនាវមិនឲ្យដំឡើងថ្លៃ របស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាព?
ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព លោក យ៉ង់ គឹមអេង បានរិះគន់ចំៗថា ការអំនាវរបស់រដ្ឋាភិបាលមិនឲ្យមានការដំឡើងថ្លៃរាល់គ្រប់សេវា ក្នុងពេលចូលឆ្នាំខ្មែរ នឹងមិនមានប្រសិទ្ធភាពនោះទេ ដរាបណាមិនមានវិធានការជាក់ស្តែងសម្រាប់អនុវត្តនោះ។
រថយន្ដក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ SokKheang)
សង្គម - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៩ មេសា នេះ លោក យ៉ង់ គឹមអេង បានសម្តែងចម្ងល់ថា នៅពេលចូលឆ្នាំសេវារដ្ឋ ឬការប្រមូលពន្ធរដ្ឋ មិនមានការឡើងថ្លៃទេ ចុះហេតុអ្វីសេវាឯកជនមានរថយន្តក្រុងជាដើមនោះ ត្រូវឡើងថ្លៃ ហើយវាមានអាថ៌កំបាំងអ្វីនៅពីក្រោយការឡើងថ្លៃនោះ?
ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព រូបនេះ ពន្យល់ថា៖ «ក្រុមហ៊ុនដឹកជញ្ជូនអស់នឹង ឬអាជីវកម្មផ្សេងទៀត អាចបង្កើតឡើងបាន គឺចាំបាច់ត្រូវសុំអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីរដ្ឋអំណាច អញ្ចឹងរដ្ឋាភិបាលត្រូវពិនិត្យបញ្ហាអស់ណ្នឹង។(...) ត្រូវពិន័យឲ្យរៀងចាល បើមិនញ្ចឹងការអំពាវនាវនៅតែអំពាវនាវ។»
ការថ្លែងបញ្ជាក់របស់មន្ត្រីអង្គការសង្គមស៊ីវិល បានធ្វើបន្ទាប់ពីពេលថ្មីៗនេះ លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវជាផ្លូវការដល់ម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ និងក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូននានា គម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវាទាំងនោះ តាមរយៈការមិនដំឡើងតម្លៃសេវា ក្នុងអំឡុងពិធីចូលឆ្នាំខ្មែរខាងមុខនេះ។ លោកហ៊ុន សែន សង្កត់ធ្ងន់ថា៖ «ខំរក្សាថ្លៃហ្នឹង លក់ឲ្យបានច្រើន តែកុំឡើងថ្លៃពេក ព្រោះជួនកាលយើងរកស៊ីបានតែមួយឆ្នំាទេ ឆ្នំាក្រោយគេទៅលេងកន្លែងផ្សេង។»
សម្ព័ន្ធសហជីពកម្ពុជា ក៏បានអំពាវនាវដល់អ្នកដែលប្រកប អ្នករត់មូតូឌុប រ៉ឺម៉កទេសចរណ៍ ឡានឈ្នួលនិងឡានក្រុងទាំងអស់ កុំដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ខ្លួន។ ក្នុងសេចក្តីអំពាវនាវចុះថ្ងៃទី០៩ មេសា នេះ សម្ព័ន្ធសហជីពកម្ពុជា សង្កត់ធ្ងន់ថា ក្នុងឱកាសចូលឆ្នាំខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកម្មករ-កម្មការិនី សិស្សនិស្សិត និងមន្ត្រីរាជការ នឹងបានឈប់សម្រាក ហើយពួកគេនឹងទៅលេងញាតិមិត្តនៅស្រុកកំណើត ដូច្នេះសម្ព័ន្ធសហជីពកម្ពុជា សង្ឃឹមថា អ្នករត់ម៉ូតូឌុប រ៉ឺម៉កទេសចរណ៍ ឡានឈ្នួល និងឡានក្រុងទាំងអស់ កុំដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ខ្លួននៅក្នុងឱកាសនេះ។
បើទោះជាមានការអំពាវនាវដោយប្រមុខរដ្ឋាភិបាលក៏ដោយ ក៏អ្នកប្រកបរបររត់រថយន្តឈ្នួល និងប្រកបមុខរបរលក់ដូរតាមរមនីយដ្ឋានមួយចំនួន បានព្រលយឲ្យដឹងថា ពួកគេក៏មិនចង់ដំឡើងថ្លៃសេវារបស់ពួកគេដែរ តែទំនិញនៅលើទីផ្សារ ស្ទើរគ្រប់ប្រភេទ បានឡើងថ្លៃរួចទៅហើយ ខណៈរដ្ឋអំណាចមូលដ្ឋានដែលពាក់ព័ន្ធ ក៏បានគាបសង្កត់ទារប្រាក់ខុសប្រក្រតីផងដែរ៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ មេសា ២០១៤