រសជាតិ«ជូ»នៃស្ករកម្ពុជា សំរាប់អ្នកដែលត្រូវគេរឹបអូសយកដីធ្លី (vdo)
កោះកុង៖ ពលរដ្ឋកម្ពុជារាប់ពាន់នាក់ ត្រូវបានគេដកហូតយកដីដោយបង្ខំ ប្រគល់ទៅអោយក្រុមហ៊ុនផលិតស្ក ដើម្បីនាំចេញយកទៅលក់ក្នុងទីផ្សារអ៊ឺរ៉ុប។ ក្រុមសកម្មជន មកពីអង្គការសង្គមស៊ីវិលជាច្រើន បានចោទប្រកាន់ក្រុមហ៊ុនទាំងនេះ និងបន្ទោសអាជ្ញាធរ ថាបានបិតភ្នែកធ្វើមិនដឹងមិនលឺ។
LAND IS LIFE ជាពាក្យនៅក្នុងយុទ្ធនាការ បញ្ឈប់ប្រើប្រាស់ស្កកម្ពុជា ដែលអាជីវកម្មរបស់វា កំពុងតែធ្វើនៅលើ ដីជម្លោះដ៏ចំរូងចំរាស់ ដូចក្នុងរូបថត។ Photo: boycottbloodsugar.net
ក្នុងយុទ្ធនាការមួយ ដែលចាប់ផ្ដើមសកម្មភាព តាំងពីដើមសប្ដាហ៍មកនោះ បានសុំអោយគេបញ្ឈប់ចរាចរណ៍ នៅលើទីផ្សារបស់សហគមន៍អ៊ឺរ៉ុប នូវផលិតផលស្ករកម្ពុជា ដែលត្រូវបានគេអនុញ្ញាតិ អោយរួចពន្ធនាំចូល។ ការនាំចូល ដោយមានការ លើករួចពន្ធនេះ ត្រូវបានសហគមន៍ផ្ដល់ទៅអោយប្រទេស មិនទាន់រីកលូតលាស់ទាំងឡាយ (PMA) នៅក្នុងការអនុវត្តន៍ គោលការណ៍មួយ មានឈ្មោះថា «អ្វីទាំងអស់ លើកលែងតែអាវុធ»។
តាមអ្នករៀបចំយុទ្ធនាការបាននិយាយថា ដើម្បីបំរើសេចក្ដីត្រូវការរបស់អាជីវកម្ម ក្រុមហ៊ុនផលិតស្ករបានរឹបអូសដីស្រែចំការពីប្រជាពលរដ្ឋប្រមាណជា ៣ ០០០គ្រួសារ ដោយគ្មានសំណងសមរម្យ។
អ្នកស្រី យី ឆាវ បានពន្យល់ថា គាត់គ្មានជំរើសអ្វី ក្រៅតែពីធ្វើការអោយក្រុមហ៊ុននេះ ដែលបានដកហូតយកដីរបស់គាត់នោះទេ។ អ្នកស្រីរកកំរៃបាន តែ១,៥ដុល្លាប៉ុណ្ណោះ ក្នុងមួយថ្ងៃ ជាមួយនឹងចំការអំពៅ ដែលលប់លើដីស្រែរបស់គាត់ក្នុងពេលនេះ។ អ្នកស្រីជាស្រ្តីមេម៉ាយ ដែលមានអាយុ ៦៨ឆ្នាំ បានរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួន ដែលប្រៀបបាននឹង«ទាសករ» នៅក្នុងចំការអំពៅនោះថា «បើសិនជាគេបដិសេដ មិនទៅធ្វើការនៅក្នុងចំការទេ តើគេនឹងបានអ្វីយកមកទទួលទាន បើគ្មានការងារផ្សេងផងនោះ? » ដោយសារតែជីវភាពទាល់ក្រនេះ កូនស្រីរបស់គាត់ ត្រូវបង្ខំចិត្តឈប់រៀន។
ជំលោះដីធ្លី បានកើនឡើងនៅប្រទេសកម្ពុជា មិនថានៅក្នុងទីក្រុង ឬជនបទដាច់ស្រយ៉ាលនោះទេ។ ក្រុមអ្នកការពារសិទ្ធមនុស្ស បានចោទរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ថាធ្វើមិនដឹងមិនលឺ ចំពោះការទាមទារតវ៉ាទាំងឡាយ របស់ពលរដ្ឋ ដែលរស់លើដីធ្លីទាំងនោះ។ ហើយនៅថ្ងៃនេះ ក្រុមអ្នកការពារសិទ្ធមនុស្សទាំងនោះ បានងាកមករកទ្វីបអ៊ឺរ៉ុប ដើម្បីធ្វើការទាមទារនេះបន្តទៅទៀត។ លោក ដាវិដ ប្រ៉េត (David Pred) តំណាងអោយក្រុមយុទ្ធនាការដើម្បី «ស្ករកម្ពុជាសុទ្ធល្អ (Cambodian Clean Sugar Campaign - Campagne pour un sucre cambodgien propre)» បានលើកឡើងថា «វា ជារឿងដ៏អាក្រក់ណាស់ ដែលសហគមន៍អ៊ឺរ៉ុប អនុញ្ញាតិអោយមានពាណិជ្ជកម្ម ស្ករគគ្រិចទាំងនេះ នៅលើទឹកដីអ៊ឺរ៉ុបនោះ។» លោកបន្តថា «ខណៈដែលកំពុងរងចាំថា សហគមន៍អ៊ឺរ៉ុបនឹងហាមឃាត់ការនាំចូលផលិតផល ដែលមានជាប់ទាក់ទង នឹងរឿងឆក់ប្លន់ដីធ្លីនេះ គឺជាដំបូង មានតែអ្នកប្រើប្រាស់ប៉ុណ្ណោះទេដែលត្រូវបដិសេធ ឈប់ទិញផលិតផលនេះមកទទួលទាន។»
ផលិតផលស្ក ប្រកបដោយឈាម
លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញប្រាប់ ទីភ្នាក់ងារពត៌មានបារាំង (AFP) ថា សំនុំរឿងនេះ ត្រូវបានជជែកវែកញែក «សឹងតែជារៀងរាល់ថ្ងៃ» ជាមួយរដ្ឋាភិបាលខ្មែរ។ លោកបញ្ជាក់ថា «យើងបានសុំទៅរដ្ឋាភិបាល អោយប្រគល់មកអោយយើង នូវឯកសារព្រមព្រៀងទាំងឡាយ ដែលនិយាយពីដីសម្បទានទាំងនេះ។»
តែក្រុមអ្នកធ្វើការដើម្បីបុព្វហេតុរួម របស់អង្គការសង្គមស៊ីវិល និងពលរដ្ឋអ្នករងគ្រោះ មានបំណងមួយទៀត គឺចង់ដាក់គម្នាបលើក្រុមហ៊ុន តាត និង លីល (Tate and Lyle) ដើម្បីសុំអោយបញ្ឈប់នូវការទិញពីកម្ពុជា នូវ«ផលិតផលស្កប្រកប ដោយឈាម»នេះ។ គេបានបង្ហាញពីខ្សែរវីដេអូយុទ្ធនាការមួយ ដែលមានរូបអ្នកស្រុក និងពលរដ្ឋយំបោកប្រាណនៅពីមុខផ្ទះខ្លួន ដែលត្រូវគេដុតបំផ្លាញ។ សូមទស្សនាខ្សែរវីដេអូនេះ ដូចតទៅ៖
ទីភ្នាក់ងារពត៌មានបារាំង រាយការណ៍ថា មិនអាចទាក់ទង ក្រុមហ៊ុននេះ ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេស បានទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុនស្កនេះ នៅក្រោមការត្រួតពិនិត្យរបស់ ក្រុមហ៊ុនមួយទៀត ឈ្មោះ "American Sugar Refining" (ASR)។
រីឯអ្នកនាំពាក្យរបស់រដ្ឋាភិបាលវិញ តាមរយះលោក ឯក ថា បានបញ្ជាក់ពីសំនុំរឿង ថាបានយកមកមើលដោយ ពិនិត្យពិច័យ មុននឹងបញ្ហាទាំងនេះ ត្រូវបានបញ្ជូលត្រឡប់ទៅខាងក្រុមហ៊ុនធ្វើស្ករអំពៅនោះវិញ។
ខេត្រកោះកុង ជាខេត្រមួយ ក្នុងចំណោមខេត្រ៣នៅកម្ពុជា ដែលបាននាំមុខគេខាងឧស្សហកម្មធ្វើស្ករ។ តាមរបាយការណ៍របស់អង្គការលីកាដូ គេបានដឹងថា ខេត្រនេះបាននាំស្កចេញ នៅឆ្នាំ២០១១ ចំនួន ២០ ០០០តោន ច្រើនជាងទ្វេរដង បើប្រៀបធៀបនឹងឆ្នាំ២០១០។
លោកលីយ៉ុងផាត់ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា និងជាពាណិជ្ជករដ៏ខ្លាំងម្នាក់ ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុននោះ បានលើកឡើងដូច្នេះ «កិច្ចព្រមព្រៀងទាំងឡាយ នៃដីសម្បទានទាំងនោះ បានធ្វើឡើងត្រឹមត្រូវតាមច្បាប់ទំលាប់ទាំងអស់។» លោកបានចោទសួរមកវិញថា «បើជាដីរបស់ខ្ញុំ អត់បញ្ហាទេ ខ្ញុំនឹងចែកជូនពួកគាត់។ តែបើដីនេះ ជារបស់រដ្ឋ តើអាចអោយខ្ញុំធ្វើអ្វីបាន?»
ដោយដឹងថា ពួកគាត់ជាពលរដ្ឋមិនអាចតតាំង មានជ័យជំនះ បើទោះជាតាមផ្លូវតុលាការក៏ដោយនោះ លោក តេង កាវ (Teng Kao) ប្រធានភូមិម្នាក់នៅទីនោះ បានអោយដឹងថា គ្រួសារជាច្រើនបានសុខចិត្តទទួលយក សំណង់ផ្លូវចិត្តជាប្រាក់រវាង ពី២៥០ ទៅ២ ០០០ដុល្លាអាមេរិក។
តែអ្នកខ្លះទៀត នៅទន្ទឹងរងចាំការដោះស្រាយដ៏ត្រឹមត្រូវមួយ។ ជាការរងចាំមួយ ដែលនៅឆ្ងាយពីក្ដីសង្ឍឹម។ «យើងមិនអាចរស់នៅ ដោយគ្មានដីរបស់យើងបានទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំគ្រាន់តែសុំអោយគេ សងដីនេះមកខ្ញុំវិញ ដើម្បីខ្ញុំអាចដាំស្រូវបានដូចមុន៕»
---------------------------------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)