វ៉ារីនកា បំបាក់ ដ្យូកូវិក ម្ចាស់ជើងឯកបីជំនាន់
ម្ចាស់ជើងឯកវាយកូនបាល់ អូស្ត្រាលៀន អូផេន (Australian Open) ៣ជំនាន់ជាប់គ្នា នូវ៉ាក់ ដ្យូកូវិក (Novak Djokovic) អស់ឱកាសការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីបរាជ័យ ក្រោមថ្វីដៃកីឡាករលំដាប់ទី៨ពិភពលោក សញ្ជាតិស្វីស គឺកីឡាករ ស្តែនីសលាស វ៉ារីនកា (Stanislas Wawrinka) ក្នុងការប្រកួត៥សិតជាប់គ្នា ដ៏គួរឲ្យរន្ធត់នៅក្នុងការប្រកួត៨វគ្គ កាលពីម្សិលម៉ិញនេះ។
កីឡាករ ស្តែនីសលាស វ៉ារីនកា បន្ទាប់ពីបានបំបាក់ដៃគូររបស់ខ្លួន។ (រូបថត wikimedia.org)
វ៉ារីនកា ជាកីឡាករមានវ័យ២៨ឆ្នាំ ដែលត្រូវបាក់មុខក្នុងដៃរបស់កីឡាករ ដ្យូកូវិក ២ដងរួចមកហើយនោះនៅឯទីក្រុង ម៉ែលប៉ន (Melbourne) និងពាន U.S Openឆ្នាំ២០១៣ កន្លងទៅនេះ ប៉ុន្តែជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍អូស្ត្រាលៀន អូផេនលើកនេះ កីឡាករ វ៉ារីនកា ធ្វើបានយ៉ាងល្អនៅក្នុងការជួបគ្នាម្ដងទៀត កាលពីម្សិលមិញនេះ ហើយបានទម្លាក់កីឡាករលំដាប់ទី២ពិភពលោក សញ្ជាតិស៊ែបដោយពិន្ទុ ២-៦ ៦-៤ ៦-២ ៣-៦ ៩-៧ ដែលចំណាយត្រឹមតែ៤ម៉ោង។
ក្រោយពីជ័យជម្នះដ៏រំភើប និងអស្ចារ្យនេះ វ៉ារីនកា បានស្តែងចេញនូវចំណាប់អារម្មណ៌ថា៖ «គាត់ជាជើងឯកដ៏អស្ចារ្យម្នាក់ គាត់មិនដែលបោះបង់សេចក្ដីព្យាយាមទេ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន។ ខ្ញុំផ្ដោតអារម្មណ៍ខ្លាំងណាស់ ពីមួយពិន្ទុទៅមួយពិន្ទុ ខ្ញុំប្រឹងប្រែងជានិច្ច មិនចុះញ៉មឡើយ។ ខ្ញុំអស់កម្លាំងហើយក៏ភ័យផងដែរ ប៉ុន្តែពេលនេះខ្ញុំនឹងទៅត្រាំក្នុងអាងទឹកកកឱ្យយូរ៕»
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤