ប្ដឹងចាងហ្វាងការសែត ដាំ សិទ្ធិ ទៅតុលាការ«យោធា» ជារឿងខុសច្បាប់?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីទីស្ដីការគណរដ្ឋមន្ត្រីបានជូនដំណឹងថា ក្រសួងការពារជាតិកម្ពុជា នឹងប្ដឹងលោក ដាំសិទ្ធិ ចាងហ្វាងការសែតមនសិការខ្មែរ ទៅតុលាការ«យោធា» មន្ត្រីអង្គការសង្គមស៊ីវិលមួយរូប បានសម្ដែងប្រតិកម្មថា សមត្ថកិច្ចរបស់តុលាការយោធា អាចអនុត្តបានតែទៅលើមន្រ្តីដែលជាយោធា សម្ភារៈយោធា ការប្រើប្រាស់សម្ភារៈយោធាខុស ការពិន័យលើមន្រ្តីយោធា ឬកងកម្លាំងយោធាប៉ុណ្ណោះ។ ប៉ុន្តែគេមិនអាចប្រើប្រាស់ប្រព័ន្ធតុលាការយោធា ទៅប្ដឹងទាស់ ឬចោទប្រកាន់ប្រឆាំងជនស៊ីវិលនោះឡើយ។
ការសែត មនសិការខ្មែរ ដែលផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ (រូបថត ផ្ដិតពីអេក្រង់កំព្យូទ័រ)
ប្រព័ន្ធយុត្តិធម៌កម្ពុជា - មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានពន្យល់ថា តុលាការយោធាអាចប្តឹងបានតែលើបទល្មើសទាក់ទងនឹងយោធា ឯជនស៊ីវិលវិញមានតុលាការស៊ីវិល ជាអ្នកដំណើរការរឿងនេះ។ ឯចាងហ្វាងការសែត ជាជនស៊ីវិល ទោះស្ថិតក្នុងបទល្មើសអ្វីក៏ដោយ មិនត្រូវប្តឹងទៅតុលាការយោធាទេ ព្រោះគាត់មិនមែនជាមន្ត្រីយោធា ហើយក៏មិនមានបទល្មើសទាក់ទងនឹងយោធាដែរ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការលីកាដូរូបនេះបានចាត់ទុកថា ការប្រើប្រាស់ប្រព័ន្ធតុលាការយោធា គឺជាការដាក់សំពាធមួយមកគ្របសង្កត់ទៅលើជនស៊ីវិល។ លោកបានលើកឡើងថា «ប្រទេសកម្ពុជាប្រកាន់នូវលិទ្ធិប្រជាធិបេត្យ រដ្ឋាភិបាលត្រូវធ្វើការគិតពិចារណាជាមុន ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងបទល្មើស។ កុំឲ្យតែនិយាយប៉ះពាល់ អាងប្តឹង អាងចោទប្រគាន់ អាងតុលាការយោធា អាងប្រព័ន្ធតុលាការ មិនមែនជាការត្រឹមត្រូវនោះទេ។ (...) អ្វីជាគារបញ្ចេញមតិ អ្វីជាបទល្មើស។»
ចំណែកលោក ដាំ សិទ្ធិ ជាចាងហ្វាងការសែត មនសិការខ្មែរ និងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ក្នុងបទសម្ភាសជាមួយទស្សនាវដ្តីក្នុងថ្ងៃនេះ បានបញ្ជាក់ថា លោកមិនយល់ចំពោះការចោទប្រកាន់នេះទេ ព្រោះថាលោកជាជនស៊ីវិល ដែលមិនស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការយោធាឡើយ។ លោកបានចាត់ទុកថា នេះជាការគំរាមកំហែងបែបថ្មីមកលើអ្នកគាំទ្រ ក៏ដូចជាសកម្មជននៃគណបក្សប្រឆាំង និងអ្នកដែលហ៊ាននិយាយរិះគន់ ដល់ដំណើរការនៃការអនុវត្តខុសច្បាប់របស់មន្រ្តីមានអំណាច។ លោកបានបញ្ជាក់ថា «អ្វីដែលខ្ញុំបានសរសេរនៅក្រោយព្រឹត្តិការណ៍ ដែលគេមើលឃើញជាសាធារណៈរាប់ខែមកហើយ។ អ្វីដែលខ្ញុំសរសេរនេះ ក៏គ្មានអ្វីដែលត្រូវហាមឃាត់ ឬប៉ះពាល់ទៅនឹងការងាររបស់ក្រសួងការពារជាតិដែរ។ តែបើមាន គួតែប្តឹងទៅតុលាការស៊ីវិល។»
លោក ដាំ សិទ្ធិ បានចោទជាសំនួថា បើចង់ប្តឹងលោកពាក់ព័ន្ធនិងសន្តិសុខជាតិ ក្រោយការផ្សាយកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា មកទល់នឹងពេលនេះតើមានអ្វីជាភាពចលាចលទេ ហើយបើប៉ះពាល់ ត្រង់ចំណុចណា?
ការលើកឡើងនេះ លោកអំ សំអាត ក៏បានបញ្ជាក់ដែរថា ពាក់ព័ន្ធបញ្ហាសន្តិសុខជាតិ វាជារឿងសំងាត់របស់យោធា ឯការលើកឡើងថា មានការយកកម្លាំងយោធាមកឡោមព័ទ្ធនោះ វាជារឿងទូទៅមិនមែនជាការសំខាត់របស់យោធាទេ ដូច្នេះត្រូវតែជាសមត្ថកិច្ចរបស់តុលាការស៊ីវិល។ «គាត់មិនមែនជាយោធា និយាយាពីរឿងយោធា ហើយក៏មិនមានប្រព្រឹត្តិបទល្មើសយោធាដែរ»។
មន្រ្តីសង្គមស៊ីវិលដដែលបានចាត់ទុកថា ជាការគំរាមកំហែងមួយ តាមរយៈប្រព័ន្ធតុលាការមកលើសិទ្ធិសេរីភាពនៃអ្នកសារព័ត៌មាន។ លោកបន្តរថា អំណាចសារព័ត៌មានជាអំណាចទីបួន ហើយមានសារៈសំខាន់ណាស់ មានតួនាទីជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងសង្គម ដើម្បីធ្វើការកែលំអរ និងបង្ហាញពីលទ្ធផលល្អ និងអាក្រក់ពីសង្គម។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចទំនាក់ទំនងជាមួយលោក ន័យ ថុល ប្រធានតុលាការយោធាបានទេ។ តែលោក នូ សាម៉ឺឌី អនុប្រធានតុលាកាយោធាបានបញ្ជាក់ថា បញ្ហាចោទប្រកាន់ប្តឹងចាងហ្វាងកាសែតមនសិការខ្មែរ មកតុលាការយោធានេះ នៅមិនទាន់មកដល់តុលាការយោធានៅឡើយទេ។ រីឯករណីថាការចោទប្រកាន់ជនស៊ីវិលទៅតុលាការយោធានោះ លោកបាននិយាយដោយខ្លីថា «ខ្ញុំអត់ទាន់ដឹងថាព្រះរាជអាជ្ញា គេចោទពីបទអី ខ្ញុំអត់ទាន់ដឹង ទាល់តែព្រះរាជអាជ្ញាចោទមក ទើបអាចជំរាបបាន»។
ជាមួយនឹងការចោទប្រកាន់ខាងលើនេះ លោក ដាំ សិទ្ធិ បានរម្លឹកថា កាសែតមនសិការខ្មែររបស់លោក កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមកនេះ បានចេញផ្សាយអត្ថបទមួយ ដែលបានដាក់ចំណងជើងថា «ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបន្លំលទ្ធផលបោះឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ទ្ធភ្នំពេញ ប្លន់យកជ័យជម្នះប្រជារាស្ត្រខ្មែរ» ដែលជាការស្រង់នូវសម្ដី របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានធ្វើកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍អូស្ត្រាលី ស៊ី.ប៊ី.អិន (CBN)។ លោកបានបន្តរថា ជាមួយនិងការចេញផ្សាយនូវអត្ថបទនេះ លោកក៏បានបញ្ជូនសម្លេងទៅឲ្យទីស្តីការគណរដ្ឋមន្រ្តីស្តាប់ និងផ្ទៀងផ្ទាត់រួចរាល់ហើយ។
លោក ដាំ សិទ្ធិ បានបន្តការរិះគន់របស់លោកទៀតថា «រដ្ឋាភិបាលគួរយកចិត្តទិកដាក់ចំពោះករណីសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដូចជាករណីស្លាប់មនុស្សនៅស្ពានកោះពេជ្រ ស្ពានច្បារអំពៅ និងស្ពានស្ទឹងមានជ័យជាដើម ដែលមកទល់នឹងពេលនេះ នៅមិនទាន់មានចំណាត់ការតាមផ្លូវច្បាប់នៅឡើយនោះទេ។ (...) រដ្ឋាភិបាលបែរជាបង្វែរមកចាប់អារម្មណ៍ នឹងរឿងកំប៉ិកកំប៉ុកនេះទៅវិញ។»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ