បំបែកឯកត្តកម្ម៖ រៀលម៉ាឌ្រីដ ដេញថ្លៃ៨៥លានផោនសម្រាប់ ហ្គារែត ប៊េល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាសែតស្កាយស្ពត (Sky Sports) បានរាយការណ៏ថា ក្លិបរៀលម៉ាឌ្រីដ (Real Madrid) បានធ្វើការដេញថ្លៃមួយ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ៨៥លានផោន សម្រាប់ខ្សែបម្រើប្រយុទ្ធក្រុមទតិនហេម (Tottenham) ហ្គារែត ប៊េល (Gareth Bale)។ ហើយការដេញថ្លៃនេះ គ្មានការដោះដូរកីឡាកររៀលម៉ាឌ្រីដ រូបណាមួយនោះទេ ពោលគឺជាកញ្ចប់ ទឹកប្រាក់សុទ្ធសាធ។
កីឡាករ ហ្គារែត ប៊េល ពេលនៅទាត់ឲ្យក្រុមទតិនហេម។
ម្ចាស់ក្លិបទតិនហេម បច្ចុប្បន្នកំពុងតែនៅក្នុងទីក្រុងម៉ៃអាមី (Miami) ហើយគាត់បានប្រាប់មកពីចម្ងាយថា កីឡាករអន្តរជាតិវ៊ែល របស់គាត់ មិនមែនសម្រាប់លក់នោះទេ ហើយគាត់ក៏ពុំផ្លាស់ប្តូរចិត្តនោះដែរ។
រីឯប៊េល នៅតែរក្សារភាពស្ងៀមស្ងាត់ជាបន្ត ដោយគាត់ពុំដែលនិយាយជាសាធារណៈថា គាត់ចង់ចេញ ឬក៏ចង់នៅបន្តនោះទេ។ ក្រុមទតិនហេម និងកីឡាករប៊េល ទើបតែត្រឡប់មកពីហុងកុង ហើយពួកគេនឹងធ្វើការហ្វឹកហាត់ឡើងវិញ នៅថ្ងៃពុធនេះ។
អតីតកីឡាករក្រុមទតិនហេម និងជាអ្នកវិភាគបាល់ទាត់ នៅក្នុងទូរទស្សន៏ស្កាយស្ពត លោក ជេមី រ៉េដណែប (Jamie Redknapp) បាននិយាយថា៖ «តើពួកគេអាចបដិសេធ ដោយរបៀបណា? ខ្ញុំជឿថា ក្លិបទតិនហេមជាក្លិបដែលលក់ ព្រោះយើងធ្លាប់ឃើញហើយ ក្នុងពេលកន្លងមក ដូចជា កីឡាករមីឆែល ខារីក (Michael Carrick), លូកា ម៉ូឌ្រីក (Luka Modric) និងខ្សែប្រយុទ្ធ ឌីមីតា បឺបាតូវ (Dimitar Berbatov) ពួកគេតែងតែលក់ នៅពេលដែលត្រូវថ្លៃគ្នា។»
កាលពីថ្ងៃអង្គារ៏ម្សិលមិញ កីឡាករប្រធានក្រុមរៀលម៉ាឌ្រីដ អ៊ីហ្គឺ កាសីលឡាស (Iker Casillas) ក៏បានជំរុញឲ្យក្លិបប្រញ៉ាប់ទិញ ហ្គារែត ប៊េលដែរ។
អ្នកចាំទីអេស្ប៉ាញរូបនេះ បាននិយាយថា៖ «យើងកំពុងតែពិភាគ្សាអំពីកីឡាករម្នាក់ ដែលល្អបំផុតក្នុងចំណោមកីឡាករ៣ ឬ៤នាក់ នៅតំបន់អ៊ឺរ៉ុប ហើយយើងយកឈ្មោះរបស់គាត់មកនិយាយនេះ ព្រោះគាត់ជាកីឡាករបាល់ទាត់ម្នាក់ ដែលមានសមត្ថភាពខ្លាំង ហើយពួកយើងត្រូវការ។»
កាលពីថ្ងៃអង្គារ៏ម្សិលមិញផងដែរ កាសែតអេស្ប៉ាញម៉ាកា (Marca) បានចេញផ្សាយចំណងជើងធំៗ នៅទំព័រមុខថា ម្ចាស់ក្លិបទតិនហេម លោកដាឌីញ៉ែល ឡេវី (Daniel Levy) ត្រូវការ ១២៦លានផោន ដែលជាតម្លៃមួយបំបែកកំណត់ត្រាពិភពលោកចាស់របស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលផ្ទេរពីម៉ែនញូ មករៀលក្នុងតម្លៃ ៨០លានផោន កាលពីឆ្នាំ២០០៩។
ទោះជាយ៉ាងណា តម្លៃចចាររវាងក្លិបទាំង២ ហាក់ដូចជាមានគម្លាតដាច់ឆ្ងាយពីគ្នាខ្លាំង ខណៈដែលរៀលហ៊ានឲ្យ ៨៥លានផោន ឯក្លិបទតិនហេមកាត់ថ្លៃកប់ក្តោង ១២៦លានផោនទៅវិញ។ ប៉ុន្តែការផ្ទេរដ៏ធំមហិមាមួយនេះ អាចកើតឡើង ឬយ៉ាងណា យើងនឹងរងចាំមើលជាបន្តទៀត ហើយនឹងដឹងក្នុងពេលឆាប់ៗ ខាងមុខនេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ