រ៉ូណាល់ដូ ជាកីឡាករ«ឯក» ព្រោះទាត់បញ្ចូលទី៤គ្រាប់តែឯង
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ មីនា ២០១៦
- កែប្រែចុងក្រោយ: March 06, 2016
- ប្រធានបទ: កំពូលថ្វីជើង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមានអ្វី ដែលអាចមកបង្អាក់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បាន នៅក្នុងការប្រកួតក្របខណ្ឌ «La Liga» របស់ប្រទេសអេស្ប៉ាញ ជាមួយក្រុម «Celta Vigo» កាលពីរសៀលថ្ងៃសៅរ៍ ម្សិលម៉ិញនេះ? គ្រាន់តែកីឡាករខ្សែប្រយុទ្ធរូបនេះ តែម្នាក់ប៉ុណ្ណោះ បានរកគ្រាប់បាល់ឲ្យក្រុម រៀលម៉ាឌ្រីត បានរហូតដល់ទៅ៤គ្រាប់ នៅក្នុងរយៈពេលមិនដល់៣០នាទីផង នៃការប្រកួតពាក់កណ្ដាលម៉ោងទី២។ ជាទេពកោសល្យដ៏អស្ចារ្យ ដែលធ្វើឲ្យគ្រូបង្វឹកថ្មី ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) ញញឹមបិតមាត់មិនជិត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រោយការប្រកួត ដែលផ្ដល់ជ័យជំនះ ៧-១ ទៅឲ្យក្រុមរៀលម៉ាឌ្រីដនោះ លោក ហ្សីដាន ដែលជាគ្រូបង្វឹកថ្មីថ្មោង បានអបអរកីឡាកររបស់ខ្លួនថា៖ «ខ្ញុំស្រឡាញ់ ទម្រង់លេងបាល់ដ៏ប្រសើររបស់ គ្រីស្ទៀណូ នៅថ្ងៃនេះ។ អ្នកដឹងហើយថា កីឡាករមួយនេះ អាចរកបានបួនគ្រាប់ នៅក្នុងការប្រកួតតែមួយ ហើយកីឡាករតិចណាស់ ដែលអាចធ្វើបានដូច្នេះ។ នេះហើយដែលគេហៅថា ជាកីឡាករ"ឯក"។ ខ្ញុំវិញ សប្បាយចិត្តណាស់ នៅពេលដែលឃើញ រ៉ូណាល់ដូ រកគ្រាប់បាល់បានម្ដងៗ។»
លោក ហ្សីដាន ថែមទាំងបានឆ្លៀតឱកាសនេះ ដើម្បីសរសើរ ទៅដល់ក្រុមរបស់លោកទាំងមូល ជាពិសេសនៅក្នុពាក់កណ្ដាលម៉ោង ទី២ ដែលកីឡាករ «ជិះសេះស» បានទាត់បញ្ចូលទី រហូតដល់ទៅ៦គ្រាប់។ លោកនិយាយបន្តថា៖ «មានរឿងចម្លែងអ្វីមួយ បានកើតឡើង នៅពាក់កណ្ដាលម៉ោងដំបូង។ (...) តែនៅពាក់កណ្ដាលម៉ោងទី២ យើងមានសន្ទុះលេងខ្លាំងក្លាណាស់ ដែលធ្វើឲ្យយើងរកគ្រាប់បាល់ បានស្រួលជាងមុន។»៕