ហ្គិកស៏ ក្លាយជាគ្រូហ្វឹកហាត់កីឡាករ នៅម៉ែនញូ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើស្លាប និងជាវីរបុរសរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ាយ៉ាន ហ្គិកស៏ (Ryan Giggs) នឹងត្រូវធ្វើការផ្សងព្រេងមួយក្នុងអាជីពថ្មីរបស់គាត់ បន្ទាប់ពីគាត់ ត្រូវបានគេតែងតាំងជាគ្រូហ្វឹកហាត់កីឡាករ នារដូវក្រោយ នៅក្នុងក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League)។
អតីតកីឡាករ រ៉ាយ៉ាន ហ្គិកស៏ របស់ម៉េនឆេស្ទើ យូណែធីត ក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ។
កីឡាករវ័យ ៣៩ឆ្នាំសញ្ជាតិវ៊ែល ដែលទើបតែចុះកិច្ចសន្យាថ្មី ១ឆ្នាំទៀត កាលពីខែមិនា រូបនេះ នឹងត្រូវបន្ថែមកាតព្វកិច្ចថ្មីមួយទៀត ពោលគឺគាត់មានកាតព្វកិច្ច២៖ ជាកីឡាករក្នុងក្រុមផង និងជាគ្រូហ្វឹកហាត់កីឡាករផង។
ហ្គិកស៏ ជាកីឡាករដែលជោគជ័យបំផុត នៅក្នុងពិភពបាល់ទាត់ប្រទេសអង់គ្លេស។ គាត់បានឈ្នះពានរង្វាន់ព្រីមែលីកចំនួន ១៣លើក, ឈ្នះពានរង្វាន់អេហ្វអេខាប់ (FA Cup) ៤លើក និងឈ្នះពានរង្វាន់កំពូលរបស់អ៊ឺរ៉ុប ឆែមពានលីក (Champions League) ចំនួន ២សម័យកាលថែមទៀត។
កីឡាករដែលស្មោះស្ម័គ្របំផុតជាមួយនឹងក្រុមម៉ែនញូរូបនេះ នឹងឈានដល់វ័យ ៤០ឆ្នាំនៅខែវិច្ឆិកាខាងមុខ ហើយនៅរដូវកាលថ្មីនេះ នឹងក្លាយជារដូវកាលលើកទី២៣ របស់គាត់ ដែលបានចូលលេងឲ្យក្រុម។ អតីតកីឡាករក្រុមម៉ែនញូ ភីល ណេវីល (Phil Neville) ក៏ត្រូវបានតែងតាំងជាគ្រូហ្វឹកហាត់កីឡាករឈុតធំដែរ ហើយហ្គិកស៏ជាសមាជិកថ្មីម្នាក់ទៀត ក្នុងក្រុមការងាររបស់លោកគ្រូបង្វឹកដេវីដ ម៉យ (David Moyes)។
គ្រូបង្វឹកក្រុមបីសាចក្រហម លោកម៉យ បាននិយាយថា៖ «ខ្ញុំរីករាយណាស់ ដែលហ្គិកស៏ ព្រមទទួលយកការងារមួយនេះ ដែលបានក្លាយជាគ្រូហ្វឹកហាត់ដល់កីឡាកររបស់យើង។»
ចំណែកឯហ្គិកស៏ បាននិយាយថា៖ «វាគ្មានអ្វីត្រូវលាក់បាំងនោះទេ ការពិតខ្ញុំខិតខំពង្រឹកសមត្ថភាពរបស់ខ្ញុំ ព្រោះថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាគ្រូបង្វឹក។ ហើយនេះជាជំហ៊ានដំបូងសម្រាប់ អាជីពនៅថ្ងៃអនាគតរបស់ខ្ញុំ។»
កីឡាករចាស់វស្សារូបនេះដដែល បានបន្តថា៖ «វាជាឱកាសដ៏អស្ចារ្យមួយ ដែលបានក្លាយជាគ្រូហ្វឹកហាត់កីឡាករ។ ខ្ញុំសង្ឃឹមថា ជាមួយនឹងបទពិសោធន៏របស់ខ្ញុំ នឹងធ្វើឲ្យការងារមួយនេះ កាន់តែប្រសើរឡើង។ ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានក្លាយជាផ្នែកមួយដ៏សំខាន់របស់កីឡាករ និងជាផ្នែកដ៏សំខាន់របស់ក្លឹប។»
រីឯអតីតកីឡាករម៉ែនញូ ដែលបានផ្ទេរទៅក្រុមអេវើតុន (Everton) កាលពីឆ្នាំ២០០៥ និងទើបតែប្រកាសចូលនិវត្តន៏កាលពីរដូវកាលមុន (ណេវីល) បាននិយាយថា៖ «នៅពេលដែល លោកដេវីដ ម៉យ ហៅខ្ញុំមកឲ្យឱកាសមួយនេះ ខ្ញុំដាច់ខាតមិនអាចប្រកែកនោះទេ។ ខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងទាំងអស់ កាលពីខ្ញុំលេងនៅក្រុមអេវើតុន ប៉ុន្តែម៉ែនញូ នៅតែជាក្លឹបដែលស្ថិតនៅក្នុងក្រអៅបេះដូងរបស់ខ្ញុំជានិច្ច៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ