AirBus A380 យន្ដហោះដឹកអ្នកដំណើរបានច្រើនជាងគេក្នុងលោក
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៨ មេសា ២០១២
- កែប្រែចុងក្រោយ: April 28, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ៊ែរប៊ូស អា៣៨០ (Airbus A380) ជាប្រភេទយន្ដហោះស៊ីវិល ដែលដឹកមនុស្សបានច្រើនបំផុតក្នុងលោក ហើយក៏អាចធ្វើដំណើរ បានឆ្ងាយបំផុតផងដែរ ដោយមិនចាំបាច់ចុះសំចត។ យន្ដហោះនេះផលិតឡើងដោយក្រុមហ៊ុន អ៊ែរប៊ូស និងសហការជាមួយ EADS។ រាល់បំណែកផ្សេងៗរបស់វា ត្រូវបានគេផលិតនៅជុំវិញអ៊ឺរ៉ុប ដូចជានៅបារាំង អាឡឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស តែការផ្គុំបំណែកទាំងអស់ចូលគ្នា ត្រូវបានធ្វើនៅ ខេត្រទូលូ Toulouse ប្រទេសបារាំង។ ម៉ាស៊ីនប្រតិកម្មទាំងបួន ដែលមានតំលៃស្មើរនឹង ៣១%នៃតំលៃទាំងមូលរបស់យន្ដហោះ ត្រូវបានផលិត និងផ្គុំនៅនឹងរោងចក្រ អ៊ែប៊ូស នាខេត្រទូលូនេះតែម្ដង។ អង្កត់ទ្រូងរបស់ ម៉ាស៊ីនប្រតិកម្មនីមួយៗ មានទំហំប៉ុនខ្លួនរបស់យន្ដហោះអ៊ែប៊ូស មួយទៀត ប្រភេទ អា៣២០។
តាមពិត គំរោងរបស់យន្ដហោះនេះ មាននៅលើក្រដាស តាំងតែពីឆ្នាំ ១៩៩០ នៅក្រោមឈ្មោះថា A3xx មកម្លេះ។ ហើយការហោះសាកល្បងជាលើកដំបូង បានប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០០៥ នៅព្រលានយន្ដហោះ ខេត្រទូលូ ខណៈដែលការដាក់អោយធ្វើពាណិជ្ជកម្មលើកទីមួយ ទៅលើយន្ដហោះប្រភេទនេះ គឺទើបតែចាប់ផ្ដើមនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៧ប៉ុណ្ណោះដោយក្រុមហ៊ុន ស៊ាំងហ្គាពួរ អ៊ែរឡាញ ដែលបានភ្ជាប់ការហោះហើររវាង ស៊ាំងហ្គាពួរ និងទីក្រុង ស៊ីនី ប្រទេសអូស្រ្ដាលីនៅពេលនោះ។
អ៊ែរប៊ូស អា៣៨០ ជាយន្ដហោះដឹកអ្នកដំណើរបានច្រើនជាងគេបង្អស់ ក្នុងលោក ហើយក៏ជាយន្ដហោះធំជាងគេ ក្នុងប្រវត្តិសាស្រ្ត លេខ៣បន្ទាប់ពី Hughes H-4 Hercules និង l'Antonov An-225។ ជាន់ខាងលើរបស់យន្ដហោះ អ៊ែរប៊ូស អា៣៨០ អនុញ្ញាតិអោយ បន្ថែមផ្ទៃក្រឡាបាន៥០%ថែមទៀត បើប្រៀបធៀបទៅនឹង យន្ដហោះគូប្រជែង 747-400 ផលិតដោយក្រុមហ៊ុន អាមេរិក ប៊ូអ៊ីង (Boeing)។
ដំបូងឡើយ អ៊ែរប៊ូស អា៣៨០ មានគំរោងផលិតជាពីរប្រភេទ។ ប្រភេទទីមួយ អែរប៊ូស អា៣៨០-៨០០ ដែលអាចដឹកអ្នកដំណើរបានរវាងពី៥២៥ ទៅ៨៥៣នាក់ តាមចំនង់បញ្ជាទិញពីក្រុមហ៊ុនយន្ដហោះទាំងឡាយ ដែលអាច រៀបជាចំណាត់ថ្នាក់ធម្មតា និងសំរាប់ពាណិជ្ជករ ឬចំណាត់ថ្នាក់ធម្មតាសុទ្ធ។ ហើយមួយទៀត អា៣៨០-៨០០អេហ្វ កាហ្គោ (A380-800F cargo) ដែលជាយន្ដហោះដឹកទំនិញ មានចំណុះរហូតដល់ទៅ ១៥០តោន។ ប៉ុន្តែការបញ្ជាទិញ ដែលក្រុមហ៊ុនទទួលបាន មានតែទៅលើប្រភេទ អា៣៨០-៨០០ តែប៉ុណ្ណោះ។ ដូច្នេះហើយ ទើបក្រុមហ៊ុន អ៊ែរប៊ូស ផ្អាកការផលិតយន្ដហោះប្រភេទ កាហ្គោ រហូតដល់ឆ្នាំ២០១៥។ គេក៏អាចបញ្ជាទិញបានដែរ នូវប្រភេទពិសេសម្យ៉ាងទៀត របស់យន្ដហោះនេះ ដែលមានឈ្មោះហៅថា ហ្វឡាយីង ផាលាស (Flying Palace) ដែលផលិតឡើង សំរាប់តែទីផ្សារពាណិជ្ជករធំៗប៉ុណ្ណោះ។
យន្ដហោះ អាចធ្វើសកម្មភាពបានរហូតដល់ទៅ ចំងាយ ១៥ ៤០០គីឡូមែត្រ ដែលគេអាចប៉ាន់ស្មានពីការហោះហើរ រវាងពីទីក្រុង ញ៉ូយក នៅសហរដ្ឋអាមេរិក រហូតទៅដល់ទីក្រុងហុងកុង នៅប្រទេសចិន ដោយមិនចាំបាច់ចុះឈប់សំរាក នៅកណ្ដាលផ្លូវ ជាមួយនឹងល្បឿន ៩០០គម ក្នុងមួយម៉ោង។
យន្ដហោះមានប្រវែងបណ្ដោយ ៧៣មែត្រ ប្រវែងត្រដាងស្លាប ៧៩,៨មែត្រ និងកំពស់២៤,១មែត្រ។
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ