នៅប្រទេសម៉ុងតេនេគ្រូ «អោបនគរបាល» នឹងត្រូវមានទោស
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីជនជាតិម៉ុងតែនេគ្រូ ជាសកម្មជនអង្គការមួយរូប ដែលបានស្ទុះទៅអោបភ្នាក់ងារនគរបាល ខណៈពេលមានបាតុកម្មប្រឆាំងអាជ្ញាធរនៅរដ្ឋធានីប៉ូហ្គូរីកា (Podgorica) នោះ ត្រូវបានផ្ដន្ទាទោស អោយបង់ប្រាក់ចំនួន៥៥០អ៊ឺរ៉ូ។ អ្នកស្រី វ៉ានចា កាឡូវិច (Vanja Calovic) នាយិការអង្គការក្រៅរដ្ឋាភិបាលមួយ បានថ្លែងពីការដាក់ទោសនោះថា ប្រព័ន្ធយុត្តិធម៌របស់ប្រទេសម៉ូងតេនេគ្រូ បានវាយតម្លៃពីការ«អោប»របស់នាង ថាបានរំខានទៅដល់ដំណើរការងារ របស់ភ្នាក់ងារនគរបាលរូបនោះ។
អ្នកស្រី វ៉ានចា កាឡូវិច (អាវលឿង) ក្នុងពេលអោបភ្នាក់ងារនគរបាល។
អ្នកស្រីកាឡូវិច (Calovic) បានថ្លែងថា «ជាសាលក្រមដ៏អាក្រក់ជាទីបំផុតមួយ នៅក្នុងតំបន់ និងនៅក្នុងសហគមន៍អ៊ឺរ៉ុប ដែលខ្ញុំមិនដែលលឺនិងជួបប្រទះ»។ «ពួកគេមិនទៅតាមដានស៊ើបអង្កេតពីឃាតករ ឬបទឧក្រិដ្ឋអ្វីនោះទេ តែបែជាមកអង្កេតខ្ញុំពីបទ"ថើប"មួយទៅវិញ»។
អ្នកស្រីបានពន្យល់ថា អ្នកស្រីបានអោបភ្នាក់ងារនគរបាលម្នាក់នោះ ដោយសារអ្នកស្រីមិនចង់អោយមានភាពតានតឹង នៅពេលមានបាតុកម្មកាលពីឆ្នាំមុន ដែលពេលនោះសភាពប្រឈមមុខគ្នា ចេះតែកើនឡើងខ្លាំងទៅៗ រវាងបាតុករនិងក្រុមភ្នាក់ងារនគរបាល។
«ហើយការរថើបរបស់ខ្ញុំ វាបានទទួលផ្លែផ្ការបស់វាអញ្ចឹងមែន ព្រោះបន្ទាប់មកសភាពស្ងប់ស្ងៀមបានត្រឡប់មកវិញ» អ្នកស្រីបានបញ្ជាក់។
ដោយល្បីថាជាសកម្មជនរិះគន់មិនសំចៃមាត់ ទៅលើអាជ្ញាធរនៃប្រទេសម៉ុងតេនេគ្រូផងនោះ អ្នកស្រីកូឡូវិច បានចាត់ទុកថាសាលក្រមនេះ ជាការគាបសង្កតមួយមកលើអង្គការរបស់អ្នកស្រី។ តែនេះមិនមែនជាលើកទីមួយទេ ព្រោះមុននេះអ្នកស្រីក៏ត្រូវបានគេពិន័យឲ្យបង់ប្រាក់៦០០អ៊ឺរ៉ូម្ដងមុនរួចហើយដែរ ពីបទបានបិតក្រដាសផ្សាយ នៅលើអាគារក្រុមប្រឹក្សាធម្មនុញ្ញក្នុងរដ្ឋធានី កាលពីពេលធ្វើបាតុកម្មមួយផ្សេងទៀត៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ