សារមន្ទីរសិល្បៈនៃទីក្រុងញ៉ូយក នឹងសងរូបចម្លាក់ពីរទៅកម្ពុជាវិញ
សារមន្ទីរសិល្បៈនៃទីក្រុងញ៉ូយក បានប្រកាសពីថ្ងៃសុក្រទី០៣ខែមេសានេះ ថាខ្លួននឹងសងទៅកម្ពុជាវិញ នូវរូបចម្លាក់ខ្មែរចំនួនពីរ ចំណាស់តាំងពីសតវត្សន៍ទី១០។ ទីក្រុងភ្នំពេញបាននិយាយថា រូបចម្លាក់ទាំងពីរនេះ ត្រូវបានលួចចេញពីប្រាសាទដើមរបស់វាមួយ នៅកណ្ដាលព្រៃ។
ផ្នែកមួយដែលតាំងសុទ្ធតែចម្លាក់មកពីទ្វីបអាស៊ី របស់សារមន្ទីរសិល្បៈនៃទីក្រុងញ៉ូយក។
សារមន្ទីរអាមេរិកាំង បានបញ្ជាក់ថា រូបចម្លាក់ចំនួនពីរធ្វើពីថ្មភក់ នៃរចនាបទ«កោះកែរ» នឹងត្រូវបញ្ជូនសងទៅឲ្យកម្ពុជាវិញ បន្ទាប់ពីបានដាក់តាំងពិព័ណ៌អស់រយះពេល ២០ឆ្នាំកន្លងមក នៅក្នុងផ្នែកមួយនៃសិល្បៈចម្លាក់អាស៊ីរបស់សារមន្ទីរ។
» សូមអានអត្ថបទដែលទាក់នឹងប្រធានបទនេះឡើងវិញ ដោយចុចលើទីនេះ។
រូបចម្លាក់ទាំងពីរ ត្រូវបានប្រគល់មកអោយសារមន្ទីរនេះ ដាច់ដោយឡែកពីគ្នា នៅចុងទសវត្សន៍ឆ្នាំ៨០ និងទសវត្សន៍ឆ្នាំ៩០ ហើយត្រូវបានចាត់ទុកនៅពេលនោះ ដូចជាបូរាណវត្ថុស្របច្បាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់សារមន្ទីរចេញផ្សាយនៅថ្ងៃដដែលនេះ បាននិយាយជាអាថ៌ថា «ក្នុងរយៈកាលកន្លងមក សារមន្ទីរបានទទួលនូវឯកសារស្រាវជ្រាវថ្មីៗជាច្រើន ដែលមិនបានបញ្ជាក់អោយច្បាស់ ពីដំណើរដើមទងនៃការទទួលបូរាណវត្ថុទាំងនេះ»។
រូបចំលាក់ពីថ្មភក់ មានឈ្មោះហៅថា «អ្នកការពារលុតជង្គង់»
នាយកសារមន្ទីរ លោកថូម៉ាស កំប៊ែល (Thomas Campbell) បានបញ្ជាក់បន្ថែមថា «សារមន្ទីរសូមធ្វើការរំលឹក ពីការអនុវត្តន៍នូវលក្ខតិក្កៈដ៏តឹងតែងរបស់ខ្លួន ទៅលើប្រភពនៃការទទួលយកបូរាណវត្ថុថ្មីៗ តែក៏បានសិក្សាតាំងពីយូរណាស់មកហើយដែរ ទៅលើសំនុំឯកសារដែលទាក់ទង នឹងវត្ថុទាំងឡាយនៅក្នុងឃ្លាំងរបស់ខ្លួន ជាមួយនឹងការខិតខំប្រឹងប្រែងជាប្រចាំ ដើម្បីស្វែងយល់អោយបានច្រើនបំផុត ពីប្រវត្តិរបស់ម្ចាស់វត្ថុទាំងនេះ»។
លោកបានបន្ថែមថា «នៅក្នុងករណី ដែលព័ត៌មានថ្មីៗទាក់ទងនឹងរូបចម្លាក់ មិនបានបង្ហាញពីភស្ដុតាងច្បាស់លាស់ នៅពេលទទួលយករូបចម្លាក់ វាបានធ្វើអោយសារមន្ទីរ ធ្វើការសម្រេចចិត្តដូចនឹងអ្វី ដែលយើងបានប្រកាសនៅថ្ងៃនេះ»៕
រូបចម្លាក់វីស្នុ ក្នុងរចនាបទកោះកែរ ដែលត្រូវបញ្ជូនសងមកកម្ពុជាវិញដូចគ្នា។
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ