ម៉េស៊ី ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២១ខែ ពីបទគេចពន្ធ
សាលក្រមទើបនឹងធ្លាក់ចុះមក នៅមុននេះបន្តិច ក្នុងថ្ងៃពុធទី៦ ខែកក្កដានេះ។ លីយ៉ូនែល ម៉េស៊ី (Lionel Messi) កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone - ក្នុងប្រទេសអេស្ប៉ាញ) និងឪពុករបស់កីឡាករផង ត្រូវបានតុលាការនៃក្រុងបាសឺឡូន ផ្ដន្ទាទោសម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ២១ខែ និងតម្រូវអ្នកទាំងពីរ ឲ្យបង់ប្រាក់ពិន័យ ៣,៧លានអ៊ឺរ៉ូ (ប្រមាណជា ៤លានដុល្លារ) ពីបទគេចវេសមិនបានបង់ពន្ធ តាមច្បាប់ស្ដីពីកាតព្វកិច្ចពន្ធដារ នៅក្នុងប្រទេសអេស្ប៉ាញ។
ប៉ុន្តែការផ្ដន្ទាទោស ដែលទាក់ទងនឹងការបង់ពន្ទទៅលើតម្លៃខ្លួន (តាមរយៈការប្រើប្រាស់រូបភាពខ្លួន) រវាងពីឆ្នាំ២០០៧ មកទល់នឹងឆ្នាំ២០០៩នោះ នឹងអាចបញ្ជៀសកីឡាករ មិនឲ្យជាប់ឃុំបានឡើយ។ នៅក្នុងរាជាណាចក្រអេស្ប៉ាញ ទោសជាប់ពន្ធនាគារ ដែលមានរយៈពេលក្រោម២៤ខែ មិនសូវជាត្រូវបានអនុវត្តនោះទេ ឬតែងត្រូវបានព្យួរ។
[...]