
ហ៊ុន សែន ថាកម្ពុជា «មិនវិលទៅរកអតីតកាលវិញឡើយ»
លោកនាយករដ្ឋមន្ត្រីកម្ពុជា នៅនឹកឃើញ ពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ នៅឡើយ បើទោះលោកទើបនឹងប្រកាស កាលពីពេលថ្មីៗនេះ ថាសន្ធិសញ្ញាអន្តរជាតិមួយនេះ បានស្លាប់បាត់ទៅហើយក្ដី។ ប៉ុន្តែការរំលឹកមកវិញនេះ ត្រូវបានលោកភ្ជាប់ទៅនឹងសន្តិភាព ដែលលោកអះអាងថា ជាសេចក្ដីត្រូវការចាំបាច់ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់កម្ពុជា ដែលនឹង «មិនវិលទៅរកអតីតកាលវិញឡើយ»។
បុរសខ្លាំងកម្ពុជា បានរំលឹកពីខួបថ្ងៃចុះហត្ថលេខានេះមកវិញ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក បង្ហាញថាលោកកំពុងជួបនិយាយលេង ជាមួយជនបរទេស នៅលើឆ្នេរខ្សាច់មួយកន្លែង។
លោក ហ៊ុន សែន បានសរសេរថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។ ទន្ទឹមនឹងកម្ពុជាកំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួន កំពុងប្រឈមនឹងសង្រ្គាម [...]