ពលរដ្ឋខ្មែរបារាំងច្រើនសិប ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងក្រុងប៉ារីស
«ថ្ងៃនេះ ជាថ្ងៃទី២៤ (ខែតុលា ឆ្នាំ២០១៥) នៃឆ្នាំទី២៤ នៃសន្និសីទទីក្រុងប៉ារីស ដែលជាកេរ្ត៍មរតកមួយ យ៉ាងមានតម្លៃ» នេះជាសម្ដីអះអាង របស់លោក ហម ប៊ុនឆាយ តំណាងឲ្យគណៈកម្មការព្រំដែនកម្ពុជា នៅក្រៅប្រទេស ដែលជាអ្នករៀបចំបាតុកម្ម នៅលើទីលាន ត្រូកាដេរ៉ូ ក្បែរនឹងតួអេហ្វែល កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងបណ្ដាប្រទេសហត្ថលេខី មានជាអាថ៌ប្រទេសវៀតណាម គោរពឲ្យបានខ្ជាប់ខ្ជួន នូវសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្ដិភាព កាលពីឆ្នាំ១៩៩១។
នៅចំពោះអ្នកចូលរួម ជាច្រើនសិបនាក់ ដែលធ្វើដំណើរពីតំបន់ជុំវិញរដ្ឋធានីប៉ារីស ពីបណ្ដាខេត្តនានា នៅក្នុងប្រទេសបារាំង និងពីប្រទេស ជាប់ព្រំដែនបារាំងផងនោះ លោក ប៊ុនឆាយ បានបន្តទៀតថា៖ «ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១នេះហើយ ដែលប្រទេសខ្មែរ មានបូរណភាពទឹកដី មានឯកភាពជាតិ មានសិទ្ធិមនុស្ស (...) ហើយទីបញ្ចប់ មានការកសាងប្រទេសកម្ពុជាឡើងវិញ»។
[...]