វាយតំណាងរាស្ត្រ៖ មន្ត្រី CNRP ថាជនបីនាក់ចូលសារភាពជាជំហានល្អ
«ជាជំហានមួយល្អ» នេះជាការថ្លែង របស់ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា លោក ហូរ វ៉ាន់ និងជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការចូលសារភាព នៃជនសង្ស័យបីនាក់ ជុំវិញការបង្ករបួសស្នាម ទៅលើតំណាងរាស្រ្តប្រឆាំងពីររូប កាលពីថ្ងៃទី២៦ ខែតុលាកន្លងមក។
ថ្លែងនៅចំពោះកាម៉េរ៉ាថតវីដេអូ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៤ ខែវិច្ឆិកាកន្លងមកនេះ លោក ហូ វ៉ាន់ បានសំដែងការគាំទ្រ ចំពោះចំណាត់ការរបស់អាជ្ញាធរ រហូតឈានដល់ការចូលមកសារភាព នៃជនទាំងបី ដែលគេជឿជាក់ថា បានវាយតំណាងរាស្រ្ត។ លោកថា អ្នកទាំងបីនេះ ជាតម្រុយមួយយ៉ាងពិសេស ក្នុងការឈានទៅរកការវែកមុខ អ្នកដែលនៅ(បញ្ជា)ពីក្រោយ។
ជនទាំងបី ដែលសង្ស័យបានបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ២រូបនោះ បានបង្ហាញខ្លួន និងចូលមកសារភាព ចំពោះមុខគណៈកម្មការ«ស្រាវជ្រាវស៊ើបអង្កេត ករណីបង្ករបួសស្នាម [...]