
ការដាក់មន្ត្រី(ក្នុងនិងក្រៅ)រដ្ឋាភិបាលកម្ពុជា ចូលបញ្ជីខ្មៅអាមេរិក ជិតចេញរូបរាង
ខណៈនៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផល នៃការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស ដែលផ្ដល់ជ័យជំនះទាំងស្រុង និងអសនៈក្នុងសភា ១០០% ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នោះ នៅសហរដ្ឋអាមេរិកឯណោះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក៏បានតម្លើងសម្លេងទ្វេរដង ថាខ្លួនកំពុងពិនិត្យដាក់មន្ត្រីច្រើននាក់ ទាំងក្នុងនិងក្រៅរដ្ឋាភិបាលកម្ពុជា រួមបញ្ចូលទាំងក្រុមគ្រួសាររបស់ពួកគេ ក្នុងករណីខ្លះផង ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាមឃាត់ ជាន់ទឹកដីអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រព្រឹត្តិទៅ កាលពីប៉ុន្មានម៉ោងមុន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី «Heather Nauert» អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងឡើងថា៖ «ខ្ញុំចង់និយាយពីអ្វី ដែលបានកើតឡើង នាពេលថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា។ ហើយដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយ [...]