នាវាមុជទឹក«នុយក្លេអ៊ែរ»រ៉ូស្ស៊ី លបចូលមកក្បែរឆ្នេរសមុទ្របារាំង
តើប្រទេសបារាំង កំពុងប្រឈមនូវការសំដែងមហិទ្ធិរិទ្ធ ពីសំណាក់កងទ័ពរ៉ូស្ស៊ីឬ? ទោះជាយ៉ាងណាក៏ដោយ ក៏វានៅតែជាហេតុការណ៍លើកដំបូងមួយ បន្ទាប់ពីសង្គ្រាមត្រជាក់ បានបិទបញ្ចប់ទៅ តាំងពីច្រើនសិបឆ្នាំមកហើយ។
ទស្សនាវដ្ដីបារាំងឈ្មោះ «L'Obs» បានស្រង់ប្រភព ពីអ្នកទទួលខុសត្រូវជាន់ខ្ពស់បារាំងមួយរូប មកអះអាងថា កងទ័ពជើងទឹកបារាំង បានមើលឃើញ នាវាមុជទឹករ៉ូស្ស៊ីនុយក្លេអ៊ែរមួយគ្រឿង ចូលមកក្នុងដែនទឹកបារាំងមួយ ដែលហៅថាឈូងសមុទ្រ ហ្គាស្កូញ (Gascogne - ស្ថិតនៅចន្លោះពីឆ្នេរសមុទ្របារាំង ភាគខាងលិច ទៅទល់នឹងឆ្នេរសមុទ្រអេស្ប៉ាញ ភាគខាងជើង) កាលពីចុងខែមករា។
ប្រភពបានបញ្ជាក់ទៀតថា នាវាមួយនេះ ស្ថិតក្នុងចំណោមនាវាមុជទឹកនុយក្លេអ៊ែរទាំង១១ របស់ប្រទេសរ៉ូស្ស៊ី ដែលមានសមត្ថភាព អាចធ្វើការបាញ់កាំជ្រួច ដើម្បីបើកការវាយប្រហារ ពីក្នុងទឹកបាន។ នាវាមុជទឹកប្រភេទនេះ មានមូលដ្ឋាននៅក្នុងកំពង់ផែយោធា ឈ្មោះ «Mourmansk» [...]