អាជ្ញាធរអប្សរារកឃើញរូបបដិមាព្រះពុទ្ធបុរាណ២អង្គ នៅភ្នំគូលែន
យោងតាមគេហទំព័រ របស់អាជ្ញាធរអប្សរា បានរៀបរាប់ឲ្យដឹងថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ មានកម្ពស់ ២៧ សង់ទីម៉ែត្រ ទទឹង ១៩ សង់ទីម៉ែត្រ និងមួយអង្គទៀត មានកម្ពស់ ៣០សង់ទីម៉ែត្រ ទទឹង ១៦ សង់ទីម៉ែត្រ ស្ថិតក្នុង ព្រះឥរិយាបថសមាធិ និងផ្ចាញ់មា ហើយកសាងពីលោហធាតុ។ ព្រះពុទ្ធបដិមាទាំងពីរ ត្រូវបានលោក ហែម ម៉ៃ បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ ប្រទះរកឃើញ នៅពេលលោក កំពុងបំពេញការងារ។
មុនពេលរកឃើញបដិមានេះ នៅល្ងាចថ្ងៃទី ២៤ មានលោកតាអាចារ្យម្នាក់ មកប្រាប់លោក ហែម ម៉ៃ ថាក្មេងៗបានឃើញ រូបស្នាមព្រះបាទ នៅលើផ្ទាំងថ្មធំមួយ លុះព្រឹកឡើង លោកបានទៅពិនិត្យ ជាមួយក្រុមការងារ ក៏ប្រទះឃើញស្នាមព្រះបាទ មិនទាន់ឆ្លាក់រួច នៅផ្ទាំងថ្មនោះមែន ហើយស្នាមព្រះបាទនេះ មានប្រវែងបណ្តោយ ២.៥ម៉ែត្រ ទទឹង ១.៣ម៉ែត្រ និងមានជម្រៅ ២.៨៥ ម៉ែត្រ។
នៅទីនោះ មានដើមឈើដុះពីលើ ស្លឹកឈើជ្រុះកប់ក៏ច្រើន និងមានទឹកជ្រៅទៀត [...]