«ការតវ៉ារបស់សិស្សបាក់ឌុប ជាគំរូល្អនិងជាប្រយោជន៍សង្គម»
លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាចាងហ្វាងវិទ្យុសម្លេងប្រជាធិបតេយ្យ «VOD» បានថ្លែងនៅក្នុងវីដេអូមួយ ដែលផ្សាយនៅលើបណ្ដាញសង្គម សាទរចំពោះការសម្រេចចិត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឆ្លើយតបជាវិជ្ជមាន ចំពោះការតវ៉ា នៃបណ្ដាសិស្សានុសិស្សមួយចំនួន។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយរូបនេះ បានហៅការសម្រេចរបស់ក្រសួង ថាជាការទទួលខុសត្រូវមួយ បើទោះជាការទម្លាក់កំហុស ទៅលើតែប្រព័ន្ធកំព្យូទ័រមួយមុខ មិនគ្រប់គ្រាន់នោះក៏ដោយ។ លោកថា ក្រសួងគួរសិក្សាទៅលើកំហុសឆ្គងរបស់មន្ត្រី ហើយអាចចាត់វិធានការ ទៅលើមន្ត្រីទាំងនោះ ព្រោះ «បើបណ្ដោយ ឲ្យមន្ត្រីប្រពឹត្តិទង្វើខុសឆ្គងទាំងនោះ ចេះតែរួចខ្លួន នោះប្រទេសកម្ពុជា នៅតែមានវប្បធម៌ នីទណ្ឌភាព»។
លោក ប៉ា ងួនទៀង ដែលធ្លាប់ជាសាស្ត្រាចារ្យមួយរូបនោះ នៅបានសាទរចំពោះ សិស្សានុសិស្ស ដែលហ៊ានងើបឡើងតវ៉ា [...]