ហ៊ុន សែន មកដល់ប៊ែលហ្សិក ខណៈខ្មែរនៅអ៊ឺរ៉ុបគ្រោងបាតុកម្មស្វាគមន៍
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើដំណើរមកដល់រាជធានី ប្រ៊ុចហ្សែល នៃរាជាណាចក្រប៊ែលហ្សិកហើយ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីត្រៀមចូលរួម «កិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុប» ហៅកាត់តាមភាសាអង់គ្លេស «ASEM» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៨ និងទី១៩ ខែតុលា ខាងមុខ។ លោក ហ៊ុន សែន បានចុះជាន់ទឹកដីអ៊ឺរ៉ុប នៅវេលាម៉ោងប្រមាណជា ៧ និង៤២នាទី ហើយក៏បានធ្វើដំណើរ ទៅដល់សណ្ឋាគារ ដែលរូបលោក នឹងគណៈប្រតិភូមកម្ពុជាស្នាក់នៅ នោះរួចរាល់ដែរ។
នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន គេឃើញមានការបង្ហោះ នូវរូបភាពជាច្រើនសន្លឹក និងច្រើនដងច្រើនសារ ពីការទទួលស្វាគមន៍ របស់ក្រុមអ្នកគាំទ្រ នៅផ្ទាល់នឹងសណ្ឋាគារ។
ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ថា៖ «មានបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជនជាច្រើន បានមករង់ចាំទទួលគារវៈស្វាគមន៍ សម្តេចប្រមុខដឹកនាំ ប្រកបដោយក្តីគោរពស្រឡាញ់ និងនឹករឮក [...]