អគ្គិភ័យឆេះម៉ាស៊ីនយន្ដហោះ នៅពេលហោះងើបខ្លួនពីដី
អ្នកដំណើរ ដែលជិះនៅក្នុងយន្ដហោះប្រភេទ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍រ៉ូស្សី «Orenbourg Airlines (Orenair)» ប្រាកដជាភ័យលោះព្រលឹងមិនតិចទេ នៅក្នុងជីវិតរបស់ពួកគេ។ នៅបន្ទាប់ពីងើបខ្លួនពីដី បាន១៥នាទី នៅថ្ងៃទី១១ ខែកុម្ភៈនេះ ពីព្រលានយន្ដហោះក្រុង ពន់តាកាណា (Punta Cana) នៃសាធារណរដ្ឋដូមីនិកាំង (ទ្វីបអាមេរិក) យន្ដហោះដែលពួកគេជិះ និងដែលហោះនៅកំពស់ ៦គីឡូម៉ែត្រពីដីហើយនោះ បានរងគ្រោះព្រោះអគ្គិភ័យ បានឆាបឆេះម៉ាស៊ីនប្រតិកម្មម្ខាង របស់យន្ដហោះ។
សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ បានពន្យល់ថា ម៉ាស៊ីនប្រតិកម្មបានខូច នៅពេលហោះហើរ បង្កឲ្យមានអគ្គិភ័យ ហើយផ្សែងដ៏ខ្មួលខ្មាញ់ បានហុយចូលមកក្នុងយន្ដហោះ។ សារព័ត៌មាន «Sputnik News» បានរាយការណ៍ថា អ្នកដំណើរបានមើលឃើញពីក្នុងយន្ដហោះមក ឃើញម៉ាស៊ីនប្រតិកម្មម្ខាង កំពុងស្ថិតក្នុងអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ។