
ថ្ងៃចន្ទពណ៌ខ្មៅ៖ អ្នកនាំពាក្យ CNRP ថាសំដី អេង ឆៃអ៊ាង ធ្វើឡើងជាបុគ្គល
ទន្ទឹមនឹងការប្រកាសដកខ្លួន ចេញពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ថែមទាំងបានអះអាងថា ការលើកឡើងរបស់លោក អេង ឆៃអ៊ាង កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ថាជាការលើកឡើង ដោយបុគ្គលខ្លួនលោក ដែលមានបំណងចង់សម្ដែងមតិ និងមិនឆ្លុះបញ្ចាំង ពីយន្ដការរបស់គណបក្សនោះទេ។
នៅក្នុងការថ្លែងកាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រច្រើនសិបនាក់ នៅក្នុងទីស្នាក់ការកណ្ដាលថា គណបក្សប្រឆាំងមួយនេះ នឹងចូលរួមធ្វើយុទ្ធនាការ«ពាក់អាវខ្មៅ» ជាមួយក្រុមអង្គការសង្គមស៊ីវិល ដើម្បីទាមទារឲ្យទម្លាក់ចោល នូវការចោទប្រកាន់ និងដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ [...]