ប្រកាសអាសន្នរួចជម្លៀសមនុស្សចេញ នៅព្រលានយន្ដហោះ អាមស្ទែដាម
ក្នុងយប់ថ្ងៃទី១២ ខែមេសានេះ អាកាសយានដ្ឋានអន្តរជាតិ «Amsterdam-Schipol» បានជម្លៀសមនុស្សចេញ បន្ទាប់ទទួលបានការប្រកាសអាសន្នមួយរួចមក។ មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន នៅក្នុងហេតុការណ៍ខាងលើ ដែលសង្ស័យជាអំពើភេរវកម្ម។ នេះបើតាមមន្ត្រីអ្នកទទួលខុសត្រូវ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
អ្នកនាំពាក្យឲ្យព្រលានយន្ដហោះ លោក ដានៀល ថាមើរ (Danielle Timmer) បានថ្លែងឲ្យដឹងថា៖ «នគរបាលបានធ្វើការជម្លៀសមនុស្ស ពីផ្នែកមួយ នៃព្រលានយន្ដហោះ ក៏ដូចជាចេញពីសណ្ឋាគារ "Sheraton" ដែលស្ថិតនៅក្បែរនោះ»។
រូបភាពដែលបង្ហាញតាមទូរទស្សន៍ក្នុងស្រុក បានបង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់ដោយអាវុធធុនធ្ងន់គ្រប់ដៃ ត្រូវបានបញ្ជូនមកដាក់ប្រចាំការ នៅជុំវិញព្រលានយន្ដហោះ ដែលត្រូវបានដាក់ក្នុងសភាព«ប្រុងជើងការ» រាប់ចាប់តាំង ពីភេរវកម្មថ្ងៃទី២២ ខែមីនា កន្លងមក នៅរាជធានីព្រុយសែល [...]



