រឿងអាស្រូវនៅមន្ទីរពេទ្យ«ធំ» ជាបណ្ដាញជួញដូរអវៈយវៈខាងក្នុង ជាប់ទាក់ទងនឹងចិន?
រឿងចម្លែកៗ ចេះតែកើតមានច្រើនណាស់ សម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ ជាពិសេសបន្ទាប់ពីអាជ្ញាធរទទួលខុសត្រូវ បានបង្ខំបិទសំនុំរឿង«ជួញដូរក្រលៀន» កាលពីថ្ងៃទី១១ ខែសីហា យ៉ាងប្រញាប់ប្រញាលនោះមក។ ប៉ុន្តែសំនុំរឿងដ៏រំជើបរំជួល ពេញទាំងទ្វីបអាស៊ីខាងកើតមួយនេះ មិនត្រូវបានបិទបញ្ចប់ដោយងាយស្រួលដូច្នេះទេ សម្រាប់ក្រសែភ្នែកអង្គការអន្តរជាតិ ដែលធ្វើការងារប្រឆាំង នឹងការកាត់អវៈយវៈខាងក្នុងចេញដោយបង្ខំ។
សារព័ត៌មានចិន-អាមេរិកមួយ មានឈ្មោះថា អ៊ីផូចថែម៍ (Epoch Times) បានដកស្រង់សម្ដីរបស់លោកវេជ្ជបណ្ឌិត ថរស្ទេន ត្រី (Torsten Trey) នាយកប្រតិបត្តិនៃ«ក្រុមគ្រូពេទ្យ ប្រឆាំងនឹងការកាត់អវៈយវៈខាងក្នុងចេញ ដោយបង្ខំ» សរសេរកាត់ជាភាសាអង់គ្លេស DAFOH មករាយការណ៍ថា៖ «ការណ៍ដែលមានគ្រូពេទ្យចិន ជាប់ពាក់ព័ន្ធនៅក្នុងសំនុំរឿង [...]