សំពត់រ៉ូបរបស់ មូនរ៉ូ ស្លៀកជូនពរប្រធានាធិបតីអាមេរិក ថ្លៃជិត៥លានដុល្លារ
ថ្ងៃនោះ ក្នុងឆ្នាំ១៩៦២ ជាថ្ងៃបុណ្យខួបកំណើត របស់ប្រធានាធិបតីអាមេរិក លោក ចន កេណឺឌី (John Kennedy) ហើយកំពូលស្ត្រីស្អាត នាង ម៉ារីលីន មូនរ៉ូ (Marilyn Monroe) ត្រូវបានអញ្ជើញជាកិត្តិយស ដើម្បីឡើងច្រៀងចម្រៀងជូនពរ ក្នុងពិធីដ៏ធំ ដែលរៀបចំឡើង នៅក្រុងញ៉ូយក។ តារាដ៏ចិញ្ចាចចិញ្ចែង នៅក្នុងទសវត្សន៍ឆ្នាំ៦០រូបនេះ បានស្នើជាងកាត់ដេរ ជាតិបារាំងម្នាក់ឈ្មោះ «Jean Louis» ឲ្យកាត់សំពត់រ៉ូបដ៏ពិសេសមួយ ដើម្បីរុំខ្លួនប្រាណនាង សម្រាប់ឱកាសដ៏កម្រ នៃការចម្រើនវ័យ ៤០ឆ្នាំ របស់លោក ចន កេណឺឌី។
សំពត់រ៉ូប ដែលមានប៉ាក់ដោយដៃ នូវគ្រាប់ឌិនប្រមាណជា ២៥០០០គ្រាប់នោះ ជាការកាត់ដេរដ៏ពិសេស និងដោយផ្ទាល់ ធ្វើជាមួយដងខ្លួនរបស់នាង មូនរ៉ូ តែម្ដង។ នៅពេលនោះ នាង មូនរ៉ូ បានចំណាយ ទៅឲ្យជាងកាត់ដេរបារាំង ក្នុងតម្លៃ១២ ០០០ដុល្លារអាមេរិក។ តែកាលពីសប្ដាហ៍មុន សំពត់រ៉ូបដ៏ចំណាស់ ត្រូវបានលក់ដាច់ ក្នុងតម្លៃ៤,៨លានដុល្លារ [...]