ទារករសាត់ទៅកណ្ដាលសមុទ្រ... ឪពុកម្ដាយអត់ដឹង!
នៅនឹងឆ្នេរ ជាពិសេសនៅក្នុងរដូវកាល នៃវិស្សមកាលបែបនេះ គេត្រូវមានភ្នែករវាសបន្តិច ជាពិសេសចំពោះឪពុកម្ដាយ ដែលមានកូនតូច ទៅជាមួយច្រើន។ ធ្វើយ៉ាងណា ត្រូវបញ្ជៀសនូវករណីនេះ ដែលអាចធ្វើឲ្យឪពុកម្ដាយ សោកស្ដាយអស់មួយជីវិតបាន។ ទារកអាយុ១០ខែមួយរូប បានអណ្ដែតចេញទៅកណ្ដាលសមុទ្រ ជាមួយនឹងពោងផ្លុំខ្យល់ រហូតចំងាយ១គីឡូម៉ែត្រ ពីឆ្នេរ។
សំណាងល្អ ដែលទារកត្រូវបាន ក្រុមឆ្មាំឆ្នេរ នៃក្រុង«Kucukkuyu» របស់ប្រទេសតួរគី រកឃើញទាន់ និងជួយសង្គ្រោះមកវិញ។ ទារកបានអណ្ដែតចេញទៅ ឆ្ពោះទៅកាន់កោះមួយ ឈ្មោះ «Lesbos» ដែលជាទឹកដីរបស់ប្រទេសក្រិច។
បើតាមសារព័ត៌មានក្នុងស្រុក «BGN News» បានឲ្យស្រង់សម្ដីសារភាព របស់ឪពុកម្ដាយ មកបញ្ជាក់ថា ពួកគេបានភ្លេចថា ពួកគេបានដាក់ទារក នៅលើពោងផ្លុំខ្យល់នោះ ហើយដាក់វានៅលើទឹក។ ហើយឪពុកម្ដាយរូបនោះ មិននឹកស្មានថា ពោងអណ្ដែត បានរកិលខ្លួនតាមរលក និងតាមចន្លោះអ្នកហែលទឹក ដែលមានចំនួនយ៉ាងច្រើននោះ ចេញទៅ។ [...]