ចាក់ស្រាវិស្គីជាង៥០°ឲ្យទារកបៅ ព្រោះចង់ឲ្យកូនបាត់ឈឺធ្មេញ
ស្ត្រីជាម្ដាយជាតិអាមេរិកាំងម្នាក់ អ្នកស្រី ឡូរី សេផាដ (Lori Sheppard) អាយុ២៨ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទទុកឲ្យកូនរបស់ខ្លួន ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ កាលពីសប្ដាហ៍មុន ស្ត្រីវ័យក្មេង ដែលរស់នៅក្នុងក្រុង «Little Rock» នៃរដ្ឋ «Arkansas» រូបនេះ ទំនងជាធុញទ្រាន់ នឹងស្ដាប់សម្លេងយំ របស់ទារកអាយុ១០ខែ របស់ខ្លួនតទៅទៀត ដោយហេតុថា ទារកតូចមួយនេះ ដល់វ័យត្រូវដុះធ្មេញ ហើយថ្នាំបន្ថយការចុកចាប់ ដូចយ៉ាង «Paracétamol» ជាដើម មិនអាចជួយឲ្យទារកស្រាកស្រាន្ដ ពីការឈឺចុកពើតបានឡើយ។
នៅពេលនោះ ម្ដាយរបស់អ្នកស្រី ឡូរី បានផ្ដល់ដំបូន្មានឲ្យកូនស្រីខ្លួន សាកល្បងទម្លាប់មួយ ក្នុងគ្រួសារ ដែលបន្សល់ទុក តាំងពីប៉ុន្មានជំនាន់មកហើយ នោះគឺដាក់ស្រា លាបពីលើអញ្ចាញធ្មេញ របស់ទារក ដែលជាចៅរបស់គាត់ (កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ សូមកុំធ្វើតាមឲ្យសោះ ព្រោះគ្មានការអះអាង [...]