« ខ្ញុំខ្សោយ ត្រូវសម្រាក១ទៅ២អាទិត្យ» ពាក្យចុងក្រោយរបស់ សុខ សេរី
លោក សុខ សេរី នាពេលកន្លងមក ក្នុងការបំពេញការងារ របស់លោក ជាអ្នកសារព័ត៌មាន លោកតែង ធ្វើទំនាក់ទំនង ជាមួយបណ្តាមិត្តរួមអាជីពទាំងអស់ ដែលលោកស្គាល់ តាមរយៈកម្មវិធី វ៉ាត់អាប់ (WhatsApp) ក្នុងទូរស័ព្ទរបស់លោក។ គឺតាមរយៈកម្មវិធីនេះហើយ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលនូវសម្លេងរបស់លោក និងអាចជាសម្លេងចុងក្រោយរបស់លោក មុនពេលលាចាកលោក។
លោក សុខ សេរី និពន្ធនាយកព័ត៌មានស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV) និងជាអតីតអ្នកយកព័ត៌មាន ជាង១០ឆ្នាំ ឲ្យវិទ្យុអាស៊ីសេរី បានទទួលមរណភាពដោយជំងឺស្ទះសសៃឈាម និងជំងឺសួត កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ជិត១០ព្រឹក ក្នុងវ័យ៤៣ឆ្នាំ។ តាមប្រភពដែលស្និត នឹងគ្រួសាររបស់លោក បានបញ្ជាក់ប្រាប់ថា ក្រៅពីជំងឺដ៏រ៉ាំរ៉ៃទាំងពីរខាងលើ លោក សុខ សេរី ទំនងជារងគ្រោះ នឹងជំងឺទឹកនោមផ្អែមមួយទៀត។
យ៉ាងណាក៏ដោយ លោកតែងតែធ្វើការតស៊ូ ទៅពិនិត្យ និងព្យាបាលជាប្រចាំ។ [...]