សម រង្ស៊ី៖ ត្រូវដោះស្រាយតាម«ច្បាប់» មិនមែន«បង្ហូរឈាមរវាងខ្មែរនិងខ្មែរ»ទេ
ក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា សម រស្ស៊ី (Sam Rainsy) ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានបង្ហាញនូវគោលជំហរធំៗចំនួនពីរ ទីមួយ ការចូលទៅបំពេញតួនាទីនៅក្នុងរដ្ឋសភា និងទីពីររបៀបដោះស្រាយបញ្ហា នៅរដ្ឋសភាតាមនីតិវិធីច្បាប់។
ទំនងលើកឡើងឆ្លើយតប ទៅនឹងការចាប់ខ្លួន ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិនោះ លោក សម រង្ស៊ី ស្នើឲ្យមានការដោះស្រាយគ្រប់បញ្ហា នៃរឿង ដែលត្រូវតែធ្វើឡើងទៅតាមច្បាប់ មិនមែនតាមបែបហិង្សា និងការប្រទ្រូសប្រត្រាយគ្នាឡើយ។ លោកសរសេរថា៖ «ត្រូវធ្វើតាមនីតិវិធីច្បាប់ ដោយមានការជជែកគ្នា និងដោយសន្តិវិធី»។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរបញ្ជាក់ថែមទៀតថា៖ «យើងត្រូវលើកតម្កើងវប្បធម៌សន្ទនា ដែលចៀសវាងការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយនាំមកនូវការចេះគោរពគ្នា ទៅវិញទៅមក។ [...]