ក្រុមតំណាងរាស្ត្រ CNRP ប្រកាសការពារជំហរគណបក្ស
ក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ប្រមាណជាង៤០នាក់ បានចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ ប្រកាសគោរព«ឧត្ដមគតិ»គណបក្ស មិនក្បត់ឆន្ទះរាស្ត្រ រក្សានិងការពាររចនាសម្ព័ន្ធរបស់គណបក្ស ដែលមានជាធរមាន និងដែលបង្កើតឡើង ដោយស្របច្បាប់ តាមរយៈសមាជរបស់គណបក្ស។
ក្នុងសេចក្ដីថ្លែងការណ៍នោះ ក៏មានសរសេរទាមទារ ទៅកាន់រដ្ឋអំណាចសព្វថ្ងៃ ដែលស្ថិតក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជា ឲ្យដោះលែងប្រធានគណបក្ស លោក កឹម សុខា រួមនឹងទាមទារ ឲ្យ«ផ្ដល់»មកវិញ នូវសិទ្ធិសេរីភាពពេញលេញ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញា អនុសញ្ញា រួមនឹងកាតិកាសញ្ញាផ្សេងៗ ដែលកម្ពុជាបានចុះហត្ថលេខា។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យអ្នកគាំទ្រ និងសមាជិក សមាជិកា ព្រមទាំងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស [...]