សម រង្ស៊ី ប្រកាសឲ្យអ្នកបង្កើតគណបក្សថ្មី មករួបរួមជុំវិញ CNRP
បន្ទាប់ពីការបោះឆ្នោត ដ៏ចម្រូងចម្រាសមួយ បានកន្លងផុតទៅ៣ថ្ងៃ មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានចេញមុខនៅថ្ងៃនេះ អំពាវនាវឲ្យមានការបង្រួបបង្រួម នៅជុំវិញគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនយោបាយទាំងឡាយ ដែលបាន ឬមានបំណង បង្កើតគណបក្សថ្មីៗ។ សម្រាប់ប្រធានចលនាសង្គ្រោះជាតិរូបនេះ ក្រៅពីគណបក្សសង្គ្រោះជាតិរបស់លោក ពលរដ្ឋកម្ពុជាមិនបានសំដែងការទុកចិត្តណាមួយ ទៅគណបក្សផ្សេងនោះទេ។
លោក សម រង្ស៊ី បានថ្លែងក្នុងវីដេអូមួយ ចេញពីប្រទេសបារាំង អះអាងថា៖ «គ្មានគណបក្សណា អាចមកជំនួសគណបក្សសង្គ្រោះជាតិបានទេ។ ល្បិចពួកជនផ្ដាច់ការ គេរំលាយគណបក្សសង្គ្រោះជាតិ ហើយគេជំរុញឲ្យមានគណបក្សតូចៗ កើតចេញព្រោងព្រាត ដើម្បីមកជំនួសគណបក្សសង្គ្រោះជាតិ។ តែប្រជាពលរដ្ឋខ្មែរមិនចាញ់បោកជនផ្ដាច់ការ មិនចាញ់បោកគណបក្សតូចៗ ដែលខ្ញុំហៅថា គណបក្សអាប មានតែក្បាលអត់ខ្លួន ឬគណបក្សអំពិលអំពែក ចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្ដងៗ [...]