សកម្មជនសិទ្ធិមនុស្សម្នាក់ ថាខ្លួនត្រូវជនអនាមិកផ្លុងពស់គម្រាម
តើនរណាម្នាក់ ដែលមិនភ្ញាក់ផ្អើល នៅពេលបានបើកទ្វាផ្ទះ នៅព្រឹកព្រលឹមឡើង ស្រាប់តែឃើញ មានពស់មួយក្បាល នៅខាងមុខផ្ទះនោះ? ប៉ុន្តែសម្រាប់លោក ណៃ វង់ដា និងគ្រួសារ វិញ ករណីនេះ មិនត្រឹមជាការភ្ញាក់ផ្អើល មួយធម្មតានោះទេ។ លោកបានអះអាងថា នេះជាការគម្រាមមួយ ទៅលើរូបលោក ដែលជាសកម្មជនសិទ្ធិមនុស្ស។
បើទោះជាពស់នោះ ជាពស់ស្លាប់ ដែលត្រូវគេច្រកក្នុងស្បោង យកមកដាក់ចោល នៅខាងមុខផ្ទះលេខ ១០អេ ផ្លូវ៣៦១ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក៏ដោយ តែអនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នែកច្បាប់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា បានថ្លែងអះអាង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាជាចេតនា របស់ជនអនាមិក ក្នុងការ«គម្រាម»លោកតែម្តង។ លោកបានធ្វើការសន្និដ្ឋានថា៖ «ទីមួយ នៅភ្នំពេញគ្មានទេ ប្រភេទពស់អញ្ចឹង។ ទីពីរ ច្រកស្បោង យកមកដាក់មុខផ្ទះ ហើយបញ្ចេញក្បាលពស់ងាប់នោះ ថែមទាំងលានអណ្តាតមកទៀត [...]