ផ្សឹកនិងឃុំព្រះសង្ឃ១អង្គ ពីបទដឹកជញ្ជូន-កាន់កាប់អាវុធ«ជ័រ»?
បន្ទាប់ពីត្រូវបានចាប់ផ្សឹក ដោយបង្ខំ កាលពីម្សិលម៉ិញរួច ព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គ ព្រះជន្ម២៤វស្សា ត្រូវបានលោក លី សុខា ចៅក្រមស៊ើបអង្កេត ចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ។ ការឃុំព្រះកាយព្រះសង្ឃ បានធ្វើឡើង ក្រោមការចោទប្រកាន់ ពីបទដឹកជញ្ជូន - កាន់អាវុធដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។
តែសម្រាប់បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម វិញ បានច្រានចោលការចោទប្រកាន់នោះ និងបានបកស្រាយថា អាវុធនោះគ្រាន់តែជាអាវុធ«ជ័រ» សម្រាប់ក្មេងលេងប៉ុណ្ណោះ។ សមាជិកព្រះសង្ឃប្រមាណ ៣០អង្គ របស់ចលនានេះ បានប្រមូលផ្ដុំគ្នា នៅមុខសាលាដំបូងខេត្តបាត់ដំបង តាំងពីព្រឹករហូតដល់រសៀលថ្ងៃនេះដដែល ដើម្បីទាមទារ ឲ្យតុលាការដោះលែង សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យអង្គនេះវិញ។
[...]