មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»

ទំនួញកូនស្រីទាំងបីនាក់ របស់សកម្មជនបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ដែលបានថតជាវីដេអូ បង្ហោះ​ផ្សាយ​ពេញ​បណ្ដាញ​សង្គម កាលពីម្សិលម៉ិញ បានឮទៅដល់ឪពុក ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស និង​អង្រួន​​បេះដូង ឲ្យ​ឪពុក​រូប​នេះ និយាយ​ផ្ដាំ​ផ្ញើរ​មក​វិញ។ លោក មាជ សុវណ្ណារ៉ា បានថ្លែងពីពន្ធនាគារថា បើទោះ​ជា​លោក​ស្លាប់ ឬ​រស់ ពីការ​លះបង់​របស់​លោក​ក៏ដោយ តែវា«មិនជាសំខាន់ទេ»។
មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»
លោក មាជ សុវណ្ណារ៉ា និងកូនស្រីច្បងរបស់លោក កញ្ញា មាជ សុជាតា។ (រូបថត​លើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 19, 2017
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គុកដាក់បានតែរូបកាយប៉ុណ្ណោះ! តែទំនួញស្រែកយំយែក លាយឡំនឹងការជូនពរ ក្នុងថ្ងៃទិវាលោកឪពុក (Father's Day) របស់កូនស្រីទាំងបីនាក់ បានហោះរំលងជញ្ជាំងគុក និងពិតជាបានឮ ទៅដល់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់ក្នុងពន្ធនាគារព្រៃស តាំងពីច្រើនឆ្នាំមកហើយ។

កូនស្រីទាំងបីនាក់ ជាពិសេសយុវតី មាជ សុជាតា ជាកូនច្បង បានថ្លែងពាក្យជូនពរ និងការនឹក​រលឹក​ឪពុក​របស់​ពួកនាង កាលពីម្សិលម៉ិញ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ ដែលមានចែករំលែករាប់ពាន់នាក់ នៅលើបណ្ដាញ​សង្គម។

ជាមួយនឹងភាពរលីងរលោងទឹកភ្នែកផង សុជាតា ដែលទើបនឹងពេញវ័យ ដ៏ស្រស់សោភា បានថ្លែងថា៖ «រាល់​ឆ្នាំ​ឃើញគេធ្វើពិធី ទិវាលោកឪពុក ទាំងអស់គ្នាជាមួយឪពុកគេ តែយើងឯណេះអត់ឪពុកបីឆ្នាំហើយ វាសោក​សង្រេង​ណាស់។ ប៉ុន្តែចង់ឲ្យប៉ាដឹងថា អរគុណប៉ាដែលបង្កើតកូន ហើយនាំកូនមករៀននៅស្រុកអាមេរិក ឲ្យ​ចំណេះ​កូន ចិញ្ចឹមកូនដល់ធំ ហើយនឹងស្អាត។ ប៉ាដឹងថា កូននឹងមិនភ្លេចប៉ាទេ ប៉ានៅក្នុងបេះដូងយើង ហើយ​សូម​ឲ្យ​ប៉ា​ឆាប់​ចេញមក ដើម្បីបានឃើញកូនរៀនចប់។»។ 

មនុស្សទាំងឡាយ ដែលមានបេះដូង នៅក្នុងលោក ត្រូវតែរំជួលចិត្ត ហើយដោយសារតែហេតុនេះ ទើបលោក​ឪពុក មាជ សុវណ្ណារ៉ា បានផ្ដាំផ្ញើរត្រឡប់មកវិញ តាមរយៈជំនួយការរបស់លោក ពីពន្ធនាគារមក ដោយ​សូម​អរគុណ​កូនស្រីទាំងបី និងសុំឲ្យកូនៗទាំងនេះ ខិតខំរៀនសូត្រ ដើម្បីយកចំណេះមកបម្រើសង្គម។ លោកបាន​សំដែង​ការ​រំភើប​ចិត្ត ដោយសារដឹងថា កូនៗរបស់លោក រៀនសូត្របានពូកែ មានលទ្ធផលល្អ។

លោក សុវណ្ណារ៉ា បាននិយាយថា៖ «ប៉ាមិនអីទេ ទាំងសុខភាព និងផ្នែកស្មារតីរបស់ប៉ា គឺនៅល្អប្រសើរទេ ដោយ​មានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ របស់អង្គការលីកាដូ ដែលបានទៅមើល ពិនិត្យសុខភាពប៉ា និង​អ្នក​ទោស​នយោបាយដទៃទៀត ជារៀងរាល់សប្តាហ៍»។

ជំនួយការរបស់លោក មាជ សុវណ្ណារ៉ា បានស្រង់សំដីមកបញ្ជាក់បន្តថា៖ «ប៉ាជាប់គុក ដើម្បីបុព្វហេតុជាតិ និង​ពលរដ្ឋ ទោះបីប៉ាស្លាប់ ឬរស់ ពីការលះបង់របស់ប៉ា មិនជាសំខាន់ទេ ព្រោះប៉ាបានជួយសង្គម ឲ្យមនុស្ស​បាន​យល់​ពីសិទ្ធិសេរីភាព និងតម្លៃតស៊ូជីវិត នៅក្នុងរបបលទ្ធិប្រជាធិបតេយ្យ ដែលគ្មានការគំរាមកំហែង បំភិត​បំភ័យ»។

​លោក មាជ សុវណ្ណារ៉ា បានថ្លែងទៀតថា៖ «បើកូនៗអាណិតស្រឡាញ់ប៉ា សូមកូនខិតខំរៀនសូត្រ យក​ចំណេះ​ដឹង​ទៅ​ជួយសង្គមជាតិ តាមផ្លូវគុណធម៌ និងក្តីសុចរិត ប្រកបដោយមេត្តាធម៌ ដែលមិនបៀតបៀន និងធ្វើឲ្យ​អ្នក​ដទៃ​ឈឺចាប់ ដោយប៉ាផ្តាំជាចុងក្រោយថា "បើទៅថ្ងៃមុខ កូនមានកិត្តិយសអំណាច សូមកូនកុំមាន​គំនិត​សង​សឹក ដល់អ្នកដែលបាន និងកំពុងធ្វើបាបប៉ាអោយសោះ កូន! ព្រោះពារ រំងាប់ដោយការមិនចងពារ ណាកូន​ណា! ការ​ជួស​ជុល​ផ្លូវហិង្សា គឺការតបត​ដោយ​សេចក្តីល្អណាកូន។»៕

» វីដេអូទាំងស្រុង បង្ហោះដោយកូនស្រីទាំងបី របស់លោក មាជ សុវណ្ណារ៉ា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...