អ្នកជំនួញដើមកំណើតខ្មែរម្នាក់ ជាប់ជាតំណាងរាស្ត្របារាំង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 20, 2017
- ប្រធានបទ: នយោបាយបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានអាយុ៤៤ឆ្នាំ លោក តាន់ ប៊ុនហុង (Buon Huong Tan) ដែលគេស្គាល់លោក ជាមួយនឹងឈ្មោះខ្លី «ប៊ុនតាន់ (Buon Tan)» ជានាយកក្រុមហ៊ុនតែ ដ៏ល្បីមួយ នៅក្នុងប្រទេសបារាំង។ ប៉ុន្តែនៅក្នុងនយោបាយ លោកមិនមែនទើបចូលប្រឡូក ក្នុងពេលថ្មីៗនេះទេ។ លោកជាចៅសង្កាត់រង នៃសង្កាត់ទី១៣ (ដែលមានចៅសង្កាត់ មកពីគណបក្សសង្គមនិយម - PS) របស់រដ្ឋធានីប៉ារីស តាំងពីឆ្នាំ២០០៨ ហើយលោកក៏ជាទីប្រឹក្សា (ក្នុងនាមជាជនឯករាជ្យ - គ្មានគណបក្ស) របស់រដ្ឋធានីប៉ារីស ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ តាំងពីឆ្នាំ២០១៤មកដែរ។
ងាកទៅមើលអតីតកាលរបស់លោកវិញ លោក តាន់ ដែលចាប់កំណើត ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានឆ្លងកាត់របបខ្មែរក្រហម ក្នុងរយៈពេលខ្លីមួយ ដែលខុសពីប្រជាជនកម្ពុជា រាប់លាននាក់ផ្សេងទៀត។ ប៉ុន្តែរយៈពេលខ្លីនេះ វាគ្រប់គ្រាន់នឹងធ្វើឲ្យលោក តាន់ និងគ្រួសាររងទុក្ខខ្លោចផ្សារ រហូតគ្រួសាររបស់លោក ដែលមានដើមកំណើតចិន ពីខេត្តកង់ទុង (Canton) នៃប្រទេសចិន ត្រូវបង្ខំចិត្ត រត់គេចចេញពីកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម។
គ្រួសារលោកមួយផ្នែក ដែលមិនចងចាកចេញ ពីរាជធានីភ្នំពេញ ត្រូវបានបនប៉ុលពតដុតសម្លាប់ទាំងរស់ នៅក្នុងផ្ទះ។ លោក ប៊ុនហុង បានរំលឹករឿងនេះ ប្រាប់សារព័ត៌មាន «Le Parisien» ថា៖ «ខ្ញុំមានអាយុ៨ឆ្នាំ នៅពេលដែលចាកចេញពីរាជធានី ភ្នំពេញ បន្ទាប់ពីខ្មែរក្រហម បានឈ្នះសង្គ្រាម និងលើកទ័ពចូលក្រុង។ ខ្ញុំនៅចាំរឿងនេះ ហាក់ដូចទើបឆ្លងកាត់ កាលពីម្សិលម៉ិញ។ គ្រួសារខ្ញុំដែលចាកចេញពីភ្នំពេញ ត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់ នៅក្នុងចំការពោតមួយកន្លែង។»។
គ្រួសារលោកបានគេចខ្លួន ចេញពីប្រទេសកម្ពុជា តាមផ្លូវទន្លេមេគង្គ រហូតបានជួបជាមួយទូកអ្នកនេសាទមួយ ដែលបានជួយយកអាសារ ដឹកគ្រួសារលោក រហូតដល់ប្រទេសវៀតណាម និងបានជ្រកកោន អស់រយៈពេលជាច្រើនខែ នៅក្នុងស្ថានទូតនៃប្រទេសបារាំង ប្រចាំនៅរដ្ឋធានី សៃហ្គន (Saïgon - ដែលក្រោយមកក្លាយជារដ្ឋធានី ហូជីមិញ)។
លោកបានបន្តទៀតថា នៅក្នុងស្ថានទូតនោះ មានបុគ្គលិកជាស្ត្រីបារាំងម្នាក់ ដែលមានការអាណិតអាសូរ ចំពោះគ្រួសារលោក បានជួយខ្នះខ្នែងស្វែងរកលិខិតស្នាម ដើម្បីអាចឲ្យពួកលោកធ្វើដំណើរ មកកាន់ប្រទេសបារាំង។ លោក តាន់ និយាយថា តាំងពីពេលនោះមក លោកនិងគ្រួសារ មិនដែលបានជួបបុគ្គលិកស្ត្រីម្នាក់នោះ ជាថ្មីទៀតឡើយ។
មកដល់ប្រទេសបារាំង លោក តាន់ និងឪពុកបានបើកហាងរកស៊ី លក់ទំនិញចិន-អាស៊ី និងបានចូលរួម ក្នុងការបង្កើតឲ្យមាន នូវក្រុងចិន (Chinatown) នៅក្នុងសង្កាត់ទី១៣ នៃរដ្ឋធានីប៉ារីស។ លោកបានបញ្ជាក់ថា សហគមន៍នៃបណ្ដាជន ដែលមានដើមកំណើតអាស៊ី មិនបានរស់នៅដាច់ដោយឡែក ពីសង្គមបារាំងទេ។ លោក តាន់ បានថ្លែងនៅពេលលោក ក្លាយជាចៅសង្កាត់រងថា៖ «ប្រទេសបារាំងបានផ្ដល់មកឲ្យខ្ញុំ នូវទំនុកចិត្ត ដូចដែលប្រទេសនេះ បានទទួលខ្ញុំ ដែលជាជនភៀសខ្លួន នៅក្នុងទសវត្សន៍ឆ្នាំ៧០។ ខ្ញុំចង់និយាយទៅប្រទេសបារាំងថា អរគុណ។»៕