យុទ្ធនាការប្រមាញ់ ហុង សុខហួរ ពីបទ«ក្បត់ជាតិ»របស់ ហ៊ុន សែន
«អំបាញ់ម៉ិញ រដ្ឋមន្ត្រីយុត្តិធម៌ក៏ចេញ មេប៉ូលីសក៏ចេញ។ កំពុងតែសកម្ម នៅខាងក្រៅ។» នេះជាការថ្លែងខ្លាំងៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញឲ្យដឹង ពីយុទ្ធនាការបានចាប់ផ្ដើមហើយ ក្នុងការតាមប្រមាញ់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី ពីបទ«ក្បត់ជាតិ»។ ការថ្លែងឡើងនេះ បានធ្វើឡើង ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ PPIU នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ។
លោក ហ៊ុន សែន បានចោទលោក ហុង សុខហួរ ដែលជាមន្ត្រីទទួលបន្ទុកខាងព្រំដែន របស់គណបក្សសង្គ្រោះជាតិ ថាបានក្លែងសន្ធិសញ្ញា ស្តីពីព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលបានចុះហត្ថលេខា នៅពេលនោះ ដោយលោក ហេង សំរិន អគ្គលេខាធិការមជ្ឈឹមបក្ស នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងលោក ផាម វ៉ាន់ដុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាយករដ្ឋមន្ត្រីបីទសវត្សន៍កម្ពុជា [...]