ហ៊ុន សែន អួតថាបានស្នើតុលាការ ឲ្យដោះលែងស្ត្រីស្រវឹងបើកឡាន
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបីទសវត្សន៍ របស់កម្ពុជា តែងបង្ហាញកណ្តាប់ដៃដែក របស់ខ្លួន ទៅលើស្ថាប័នតុលាការ នៅស្ទើរគ្រប់រឿងទាំងអស់ ជាពិសេសរឿង ដែលលោកគិតថា ជាការប្រឆាំង ឬមិនស្របតាមគំនិត និងការសម្រេចរបស់លោកជាដើម។ មិនថាតែរឿង ដែលទាក់ទងនឹងសកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង រឿងទាក់ទងនឹងឃាតករសម្លាប់ លោក អ៊ឹង ម៉េងជឺ ឬរឿងលោក កឹម សុខា នោះទេ បើទោះជាសំនុំរឿង បទល្មើសចរាចរណ៍ ដូចករណីស្រ្តីវ័យក្មេង ផឹកស្រវឹង បុករបងភូមិគ្រឹះ របស់លោក នៅជិតវិមានឯករាជ្យ ក៏តែងតែមានការលើកឡើង ឬបញ្ជាដោយផ្ទាល់ ពីនាយករដ្ឋមន្រ្តីដ៏មហិមា ទៅកាន់តុលាការដែរ។
ជាក់ស្តែងកាលពីថ្ងៃទី ៦ ខែមេសា នេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈទៀតថា ការដោះលែងស្រ្តី វ័យ២៦ឆ្នាំ ដែលមានជាតិស្រវឹងក្នុងខ្លួន ហើយបើកបរ (ឡាន) បុករបងភូមិគ្រឹះរបស់លោក ដោយតុលាការ ជាគំនិតផ្ទាល់របស់លោក។ លោកបានអះអាងថា ការដែលលោកស្នើទៅតុលាការ ឲ្យនៅក្រៅឃុំបែបនេះ [...]