កូរ៉េខាងជើង ចង់អោយគេស្គាល់ខ្លួនថាជា«មហាអំណាច»នុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើង បាននិយាយសារជាថ្មី នៅថ្ងៃអង្គារទី២៣ខែមេសានេះ ពីការទាមទាររបស់ខ្លួន ដែលចង់អោយមានការទទួលស្គាល់ ថាខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ពីសំណាក់សហគមន៍អន្តរជាតិ មុននឹងឈានជើងចូលទៅអង្គុយចរចាឡើងវិញ ជាមួយនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
របបក្រុងព្យុងយ៉ាង បានដាក់ប្រទេសខ្លួន ទៅក្នុង«ស្ថានភាពសង្គ្រាម»។
ទិនានុប្បវត្តិផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានប្រកាសអោយដឹងថា ការចាប់ផ្ដើមអោយមានកិច្ចសន្ទនាឡើងវិញនេះ នឹងត្រូវ«ធ្វើក្នុងនាមរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ»ដូចគ្នា ឬបើមិនអញ្ចឹងទេ នឹង«គ្មានការចរចា» ណាមួយទាំងអស់។ ទិនានុប្បវត្តិដដែលបានបន្ថែមថា លក្ខខ័ណ្ឌដែលកំណត់ឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោល នូវគម្រោងនុយក្លេអ៊ែររបស់ខ្លួន មុនទៅអង្គុយនៅក្នុងតុចរចានោះ [...]